ការសង្កេតសកម្មភាពអង់ស៊ីម
កាលពីថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០កន្លងទៅនេះ អ្នកគ្រូ ភាង ស៊ីណា ជាគ្រូឯកទេសជីវវិទ្យានៃសាលារៀន អន្តរទ្វីប អាមេរិចកាំង សាខាចោមចៅ បាននាំសិស្សានុសិស្សថ្នាក់ទី១២ ក ធ្វើពិសោធន៍អំពីការសង្កេត សកម្មភាពអង់ស៊ីម ក្នុងគោលបំណងឱ្យសិស្សានុសិស្សបានសិក្សាស្វែងយល់កាន់តែច្បាស់លាស់នូវសកម្មភាព ដ៏ខ្លាំងក្លារបស់អង់ស៊ីមកាតាឡាសក្នុងការបំបែកទឹកអុកស៊ីសែនណេ និងប្រៀបធៀបរវាងការ៉ុត និងថ្លើមជ្រូក ដែលតាមរយៈការពិសោធនេះបង្ហាញថា ថ្លើមជ្រូកមានផ្ទុកអង់ស៊ីមកាតាឡាសច្រើនជាងការ៉ុត ដោយឃើញ មានពពុះ ក៏ដូចជាចំហេះភ្លើងធូបចេញពីកែវជ័រដែលមានថ្លើមជ្រូកច្រើនជាងកែវជ័រដែលមានការ៉ុត។ ចំណែក កែវជ័រដែលមានដុំថ្ម និងកែវជ័រដែលគ្មានដាក់អ្វីនោះគ្មានពពុះឬចំហេះភ្លើងធូបឡើយ ។ការរៀនទ្រឹស្តី គឺជាផ្នែក មួយនៃចំណេះដឹង ឯការពិសោធ ក៏ជាផ្នែកនៃចំណេះដឹងដូចគ្នា ដូច្នេះហើយសាលារៀន អន្តរទ្វីប អាមេរិកាំង តែងតែផ្តោតទៅលើការពិសោធដើម្បីផ្ទៀងផ្ទាត់ជាមួយការរៀនទ្រឹស្តី។ ម៉្យាងទៀតគ្រប់មេរៀនដែលពាក់ពន្ធ ការពិសោធ លោកគ្រូ អ្នកគ្រូ តែងតែពន្យល់ពីដំណាក់ការមួយទៅដំណាក់ការមួយទៀតយ៉ាងលម្អិត បន្ទាប់មក សិស្សានុសិស្សក៏ចាប់ផ្តើមអនុវត្តពិសោធក្រោយពេលលោកគ្រូ អ្នកគ្រូពន្យល់ និងណែនាំដំណាក់កាលនីមួយៗ ធ្វើយ៉ាងនេះដើម្បីធានាថាសិស្សទាំងអស់ទទួលបានចំណេះដឹងពិតប្រាកដ។