
ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង
លោកស្រី រស់ យ៉ាណា
សូមស្វាគមន៍មកកាន់គេហទំព័ររបស់សាលារៀន អន្តរទ្វីប អាមេរិកាំង!
សូមជម្រាបសួរលោក លោកស្រីមាតាបិតា អ្នកអាណាព្យាបាលសិស្ស និងប្អូនៗសិស្សានុសិស្សទាំងអស់ជាទីគោរពស្រឡាញ់រាប់អាន!
សូមអរគុណយ៉ាងជ្រាលជ្រៅបំផុតចំពោះការគាំទ្រ និងផ្តល់ទំនុកចិត្តលើសាលារៀនរបស់យើងខ្ញុំ។
សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាសាលារៀនចំណេះដឹងទូទៅខ្មែរដែលមានកម្រិតគុណភាពអប់រំខ្ពស់ វិន័យល្អ និងសេវាកម្មប្រកបដោយភាពកក់ក្តៅ។ បរិយាកាសសិក្សាប្រកបដោយផាសុកភាព ថ្នាក់រៀនមានភាពទាក់ទាញគួរឱ្យចង់រៀន សម្ភារឧបទេសក្នុងការបង្រៀនសម្បូរបែបទំនើបៗ លោកគ្រូ អ្នកគ្រូមានក្រមសីលធម៌ និងជំនាញវិជា្ជជីវៈពិតប្រាកដ មានភាពរួសរាយរាក់ទាក់ និងយកចិត្តទុកដាក់ចំពោះសិស្សានុសិស្សស្មើៗគ្នា។
សមត្ថភាពរបស់ប្អូនៗសិស្សានុសិស្សកាន់តែរឹងមាំ បើប្អូនៗចាប់ផ្តើមការសិក្សាជាមួយសាលារៀន អន្តរទ្វីប អាមេរិកាំង ចាប់ពីថ្នាក់ក្រោមឡើងទៅ ប្អូនៗនឹងទទួលបាននូវចំណេះដឹងមូលដ្ឋានគ្រឹះបំណិនស្តីពីការងាយសម្របខ្លួនក្នុងការសិក្សាតាំងពីថ្ងៃដំបូងនៃការចាប់ផ្តើមសិក្សា ការប្រតិបត្តិខ្លួនចំពោះជីវភាពរស់នៅប្រចាំថ្ងៃ និងការប្រាស្រ័យជាមួយមនុស្សជុំវិញប្រកបដោយសីលធម៌ និងសុជីវធម៌ល្អ។
ប្អូនៗដែលបានសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង មិនត្រឹមតែទទួលបាននូវចំណេះដឹងទូទៅខ្មែរប៉ុណ្ណោះទេ ប្អូនៗថែមទាំងទទួលបាននូវការបង្ហាត់បង្រៀនបន្ថែមនូវមុខវិជ្ជាមួយចំនួនដូចជា ភាសាអង់គ្លេស កុំព្យូទ័រ សិល្បៈភ្លេង សិល្បៈរបាំ សិល្បៈគំនូរ គេហកិច្ច និងកីឡាជាច្រើនប្រភេទ ព្រមទាំងបណ្តុះនូវបំណិនប្រសប់ក្នុងការសម្របខ្លួនយ៉ាងប្រសើរសម្រាប់ជីវភាពរស់នៅប្រចាំថ្ងៃ។
ប្អូនៗសិស្សានុសិស្សទាំងអស់ មានឱកាសបញ្ចេញនូវទេពកោសល្យសម្តែងបង្ហាញពីភាពច្នៃប្រឌិត បំណិនប្រសប់របស់ខ្លួន ក៏ដូចជាការបញ្ចេញចំណេះដឹងទៅចូលរួមប្រកួតប្រជែងក្នុងកម្មវិធីផ្សេងៗ ទាំងកម្មវិធីក្នុងសាលារៀន ក៏ដូចជាចូលរួមជាមួយស្ថាប័នផ្សេងៗទៀត ពិសេសស្ថាប័នរដ្ឋ និងអន្តរជាតិផងដែរ។ សិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង គឺពិតជាបានទទួលការបណ្តុះនូវចតុស្តម្ភទាំងបួនពិតប្រាកដគឺ ចំណេះដឹង ចំណេះធ្វើ សីលធម៌ល្អ និងចេះរួមរស់ជាមួយគ្នាប្រកបដោយភាពសុខដុមរមនា។ កត្តាទាំងនេះ ជាឱកាសដែលអាចអភិវឌ្ឍប្អូនៗឱ្យទទួលបានភាពជោគជ័យក្នុងវ័យសិក្សារបស់ពួកគេ ហើយក៏ជាឱកាសដែលពួកគេនឹងទទួលបាននូវអនាគតដ៏ភ្លឺត្រចះត្រចង់។
ក្នុងនាមយើងខ្ញុំជាតំណាងបុគ្គលិកសិក្សាទាំងអស់ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីមាតាបិតា អ្នកអាណាព្យាបាល និងសិស្សានុសិស្សទាំងអស់ដែលតែងតែគាំទ្រ និងមានទំនុកចិត្តបន្តការអប់រំជាមួយសាលាយើងខ្ញុំ។ តាំងនាមឱ្យបុគ្គលិកសិក្សាទាំងអស់ សូមគោរពជូនពរលោក លោកស្រីមាតាបិតា អ្នកអាណាព្យាបាល និងប្អូនៗទាំងអស់ជួបតែពុទ្ធពរទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។
សូមអរគុណ!

នាយកចាងហ្វាង
លោក បុាំង លាងស៊ីម
សូមស្វាគមន៍ការមកកាន់សាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ!
តាំងនាមឱ្យសាលារៀន អន្តរទ្វីប អាមេរិកាំង ខ្ញុំបាទសូមថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក លោកស្រីជាមាតាបិតា ឬអ្នកអាណាព្យាបាលដែលបានជ្រើសរើស និងគាំទ្រយ៉ាងពេញទំហឹងចំពោះ សាលារៀន អន្តរទ្វីប អាមេរិកាំង សម្រាប់បណ្តុះបណ្តាលបុត្រធីតារបស់លោកអ្នក។ សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាថ្នាលបណ្តុះបណ្តាលដែលមានចក្ខុវិស័យច្បាស់លាស់គឺ “គុណភាព វិន័យ សេវាកម្ម” សម្រាប់សិស្សានុសិស្សមកពីគ្រប់មជ្ឈដ្ឋានដើម្បីទទួលការអប់រំប្រកបដោយគុណភាព និងប្រសិទ្ធភាពខ្ពស់។ ម្យ៉ាងវិញទៀត សិស្សានុសិស្សទាំងអស់នឹងទទួលបានបទពិសោធន៍ថ្មីៗយ៉ាង ច្រើនពីសាលារួមមាន ចំណេះដឹង ចំណេះធ្វើ ការរៀនរស់នៅជាមួយគ្នាដែលប្រកបដោយក្រមសីលធម៌។
សាលារៀន អន្តរទ្វីប អាមេរិកាំង បានយកចិត្តទុកដាក់បំពេញបេសកម្មអប់រំមួយឈរលើមាគ៌ាដ៏ត្រឹមត្រូវស្របតាមកម្មវិធីសិក្សារបស់ក្រសួង អប់រំ យុវជន និងកីឡា និងគោលការណ៍របស់រដ្ឋាភិបាលក្នុងការកាត់បន្ថយភាពក្រីក្រ។ សាលាលើកកម្ពស់ និងលើកទឹកចិត្តសិស្សគ្រប់កម្រិតថ្នាក់ក្នុងការស្រាវជ្រាវតាមប្រព័ន្ធអ៊ីនធឺណេត និងតាមឯកសារក៏ច្រើននៅក្នុងបណ្ណាល័យសាលា មិនត្រឹមតែបណ្តុះបណ្តាលសិស្សានុសិស្សឱ្យមានចំណេះដឹងពិតប្រាកដ ក្រមសីលធម៌ ថែមទាំងឱ្យប្អូនចេះចែករំលែក មានទំនួលខុសត្រូវក្នុងសង្គម និងមានសមត្ថភាពគ្រប់គ្រាន់នៅពេលដែលប្អូនចេញរៀននៅតាមសកលវិទ្យាល័យនានាមិនថាក្នុងប្រទេស ឬក្រៅប្រទេសទេ ហើយអនាគតនឹងក្លាយជាធនធានមនុស្សពោរពេញដោយសមត្ថភាព ទេពកោសល្យ សីលធម៌ និងមានទំនួលខុសត្រូវខ្ពស់ក្នុងសង្គម។
ជាចុងក្រោយសូមថ្លែងអំណរគុណមាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានគាំទ្រ និងមានទំនុកចិត្តចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាផ្តល់ឱកាសដល់កូនៗ ឱ្យមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ សូមគោរពជូនពរ លោក លោកស្រី មាតាបិតា និងអ្នកអាណាព្យាបាល និងជូនពរប្អូនៗសិស្សានុសិស្សទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។
ការអប់រំគឺជាអាវុធដ៏មានប្រសិទ្ធិភាពបំផុតក្នងការកាត់បន្ថយភាពក្រីក្រ និងកែប្រែពិភពលោក!

ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា
លោក ឡេង សុខអេង
ជម្រាបសួរលោក លោកស្រី និងប្អូនៗកុមារជាទីគោរព ស្រឡាញ់រាប់អាន!
ខ្ញុំបាទឈ្មោះ ឡេង សុខអេង ជាចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាចោមចៅ សូមអរគុណយ៉ាងជ្រាលជ្រៅដល់លោក លោកស្រីដែលបានជ្រើសរើសសាលារៀន អន្តរទ្វីប អារិកាំង សម្រាប់កូនៗរបស់លោក លោកស្រី។
ឆ្លងកាត់បទពិសោធន៍ក្នុងវិស័យអប់រំអស់រយៈដប់ប្រាំពីរឆ្នាំ ខ្ញុំអាចនិយាយបានថាថ្នាក់ក្រោមមត្តេយ្យដល់ បឋមសិក្សាគឺជាថ្នាក់សំខាន់បំផុតសម្រាប់កុមារដើម្បីក្រេបយកចំណេះដឹង ចំណេះធ្វើ និងអភិវឌ្ឍឥរិយាបថដែលជាមូលដ្ឋានគ្រឹះរបស់កុមារម្នាក់ៗ ហើយក៏ជាវ័យដែលលោក លោកស្រីត្រូវយកចិត្តទុកដាក់បំផុតចំពោះការសិក្សា ការថែទាំសុខភាព និងការអភិវឌ្ឍឥរិយាបថ ព្រោះវ័យនេះជាវ័យលូតលាស់លឿនបំផុតទាំងប្រាជ្ញា សា្មរតី និងកាយសម្បទា។ ដូចនេះសាលារៀនជារឿងទីពីរដែលលោក លោកស្រីត្រូវសម្រេចជ្រើសរើសសម្រាប់កូនៗរបស់លោក លោកស្រី។
ខ្ញុំអាចនិយាយបានថា សាលារៀន អន្តរទ្វីប អាមេរិកាំង គឺជាជម្រើសទីមួយសម្រាប់កូនៗរបស់លោក លោកស្រី ព្រោះសាលារៀន អន្តរទ្វីប អាមេរិកាំង មានកម្មវិធីសិក្សាច្បាស់លាស់ ផ្តោតទៅលើការបញ្ជ្រាបនូវចំណេះដឹងមូលដ្ឋានគ្រឹះជាចម្បង។ លោកគ្រូ អ្នកគ្រូ មានវិធីសាស្រ្តបង្រៀនល្អៗ បទពិសោធន៍ និងឆន្ទៈមនសិការវិជ្ជាជីវៈខ្ពស់ មានឯកសារស្រាវជ្រាវសម្បូរបែប ព្រមទាំងមានមុខវិជ្ជាជំនាញច្បាស់លាស់ក្នុងការបង្រៀនបំណិនជីវិត។ បន្ទប់សិក្សាបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗមានផាសុកភាពជាមួយនឹងទីធ្លាដ៏ធំទូលាយសម្រាប់សិស្សានុសិស្សលេងកម្សាន្តយ៉ាងមានសុវត្ថិភាព មានបរិយាកាសសប្បាយរីករាយក្នុងការសិក្សា។ សេវាប្រឹក្សាយោបល់យ៉ាងកក់ក្តៅ និងសេវាប្រឹក្សាពិនិត្យសុខភាព និងព្យាបាលជំងឺ។ ជំរុញឱ្យការសិក្សារបស់ប្អូនៗសិស្សានុសិស្សសម្រេចបាននូវចំណេះដឹង ចំណេះធ្វើ ការច្នៃប្រឌិតខ្ពស់ និងការរស់នៅក្នុងភាពថ្លៃថ្នូរ មានសីលធម៌ និងសុជីវធម៌។
ជាចុងក្រោយ ខ្ញុំសូមថ្លែងអំណរគុណចំពោះមាតាបិតា ឬអ្នកអាណាព្យាបាលសិស្សទាំងអស់ ដែលបានបន្តគាំទ្រ និងមានទំនុកចិត្តចំពោះសាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាផ្តល់ឱកាសដល់កូនៗបានមកសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។ សូមគោរពជូនពរ លោក លោកស្រី ដែលជាមាតាបិតា ឬអ្នកអាណាព្យាបាល និងជូនពរប្អូនៗសិស្សានុសិស្សទាំងអស់មានសុខភាពល្អ សុភមង្គល និងជោគជ័យគ្រប់ភារកិច្ច។

ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ និងទុតិយភូមិ
លោក ឡោ ណាវុធ
លោក ឡោ ណាវុធ បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអប់រំ ពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ នៅក្នុងឆ្នាំ២០១១។ នៅថ្ងៃទី០៨ ខែមិថុនា ឆ្នាំ២០០៩ លោកបានចូលបម្រើការងារនៅ ស្ថាប័នអប់រំឯកជនមួយកន្លែង ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង រហូតដល់ឆ្នាំ២០១៥។ នៅក្នុងកំឡុងពេលនោះដែរ នៅថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១១ បន្ទាប់ពីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រ លោកក៏បានចូលបម្រើ ការងារនៅមជ្ឈមណ្ឌល ភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាម៉ៅសេទុង (សាខាកណ្តាល) ក្នុងតួនាទីជាគ្រូបង្រៀនភាសាអង់គ្លេសក្រៅម៉ោង។ ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារ ក្នុងរយៈពេល៥ឆ្នាំ លោកត្រូវបានដំឡើងតួនាទីជាប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស ដែលគ្រប់គ្រងទៅលើកម្មវិធីសិក្សាភាសាអង់គ្លេស តាំងពីកម្រិតក្រោមមត្តេយ្យសិក្សា ដល់ថ្នាក់ទី១២ ក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ នៅសាសារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក នៅថ្ងៃទី០៤ ខែមករា ឆ្នាំ២០១៦។ ដោយមើលឃើញពីគុណភាពការងារ និងការលះបង់ប្រឹងប្រែងរបស់លោកដើម្បីការអប់រំ ព្រមទាំងការរីកលូតលាស់របស់សាលារៀន នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ លោកក៏ត្រូវបានដំឡើងតួនាទីជា ចាងហ្វាងរងមធ្យមសិក្សាបឋមភូមិ ទុតិយភូមិ នៃសាសារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។

ចាងហ្វាងរងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា
លោកស្រី រ៉ុង ណារីន
លោកស្រី រ៉ុង ណារីន កើតនៅឆ្នាំ ១៩៨៣។ លោកស្រី បានទទួលសញ្ញាប័ត្រគរុកោសល្យនៅឆ្នាំ២០០៣ និងបរិញ្ញាបត្រផ្នែកអប់រំពីសាកលវិទ្យាល័យ បៀលប្រាយ ក្នុងឆ្នាំ២០០៩។ លោកស្រីបានចូលបម្រើការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៩ ជាគ្រូបង្រៀនកម្រិតបឋមសិក្សា។
មុនពេលចូលបម្រើរការងារនៅសាលារៀន អន្តរទ្វីប អាមេរិកាំង លោកស្រីបានធ្វើជាគ្រូបង្រៀននៅសាលាបឋមសិក្សា រយៀប ក្នុងខេត្តកំពង់ស្ពឺ ពីឆ្នាំ ២០០៣ ដល់២០០៥។ ពីឆ្នាំ២០០៨ ដល់ឆ្នាំ២០១០ លោកស្រីបានធ្វើការជាគ្រូបង្រៀននៅសាលាកម្ពុជា-អូស្ត្រាលី។ បន្ទាប់មក លោកស្រីបានធ្វើការជាគ្រូបង្រៀននៅសាលា New World School អស់រយៈពេល០៦ឆ្នាំ។ លោកស្រីបានផ្លាស់ទៅបង្រៀននៅសាលា Milky Way ពីឆ្នាំ២០១៦ ដល់ឆ្នាំ២០១៩។
ដោយផ្អែកលើបទពិសោធន៍ការងារ ការខំប្រឹងប្រែង និងការប្តេជ្ញាចិត្តដ៏រឹងមាំ លោកស្រីក៏ត្រូវបានតំឡើងតួនាទីជាចាងហ្វាងរងក្រោមមត្តេយ្យសិក្សា មត្តេយ្យ និងបឋមសិក្សា នៅថ្ងៃទី ០១ខែមករា ឆ្នាំ ២០២៣។

ប្រធានគ្រូកុំព្យូទ័រ
លោក ឃៀង វាសនា
លោក ឃៀង វាសនា បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រ ផ្នែកគ្រប់គ្រងប្រព័ន្ធព័ត៌មានវិទ្យា ពីសកលវិទ្យាល័យជាតិគ្រប់គ្រង ក្នុងឆ្នាំ២០០៥ ហើយក៏បានបញ្ចប់ ថ្នាក់អនុបណ្ឌិតសិក្សាអភិវឌ្ឍន៍ នៅសាកលវិទ្យាល័យភូមិន្នភ្នំពេញ ក្នុងឆ្នាំ២០១៥ ផងដែរ។
លោកបានចូលបម្រើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន នៅថ្ងៃទី១៩ ខែកញ្ញា ឆ្នាំ២០១៥ ក្នុងនាមជាប្រធានគ្រូកុំព្យូទ័រនៅសាសារៀន អន្តរទ្វីប អាមេរិកាំង ដែលគ្រប់គ្រងទៅលើកម្មវិធីសិក្សាកុំព្យូទ័រតាំងពីបឋមសិក្សា ដល់មធ្យមសិក្សា ក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរ។ មុនពេលលោកចូលបម្រើការនៅក្នុងក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន លោកធ្លាប់ជាអ្នកបម្រើការងារនៅអង្គការ។
គោលបំណងរបស់កម្មវិធីសិក្សាកុំព្យូទ័រនេះ គឺដើម្បីឱ្យសិស្សានុសិស្សអាចទទួលបាននូវចំណេះដឹងផ្នែកបច្ចេកវិទ្យាទំនើប ជាពិសេសបច្ចេកវិទ្យាព័ត៌មានវិទ្យា ដែលត្រូវបានប្រើប្រាស់ពាសពេញសកលលោក ក្នុងវិស័យផ្សេងៗដែលតម្រូវអោយមនុស្សម្នាក់ៗត្រូវមានជំនាញ និងចំណេះដឹងផ្នែកកុំព្យូទ័រ ដោយខានពុំបាន ក្នុងការបំពេញការងារប្រចាំថ្ងៃ។ ដោយមើលឃើញពីតម្រូវការដ៏ចាំបាច់នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង បានបង្កើតកម្មវិធីបណ្តុះបណ្តាលផ្នែកកុំព្យូទ័រឡើង ដើម្បី ផ្តល់ជូនសិស្សានុសិស្ស នូវចំណេះដឹង និងជំនាញកុំព្យូទ័រពិតប្រាកដ ព្រមទាំងមានសមត្ថភាពគ្រប់គ្រាន់ក្នុងការបំពេញការងាររបស់ខ្លួនប្រកបដោយជោគជ័យទៅអនាគត។

អនុប្រធានគ្រូ នៃកម្មវិធីភាសាអង់គ្លេស
លោក អុិន ដារ៉ា
លោក អុិន ដារ៉ា កើតនៅថ្ងៃ ទី២០ ខែមីនា ឆ្នាំ១៩៨៦ ក្នុងខេត្តបាត់ដំបង។ នៅក្នុងឆ្នាំ ២០០៨ លោក អុិន ដារ៉ា បានបញ្ចប់ថ្នាក់បរិញ្ញាបត្រផ្នែកអក្សរសាស្រ្តអង់គ្លេសពីសាកលវិទ្យាល័យធនធានមនុស្ស។ គាត់បានចូលបម្រើការងារផ្នែកបង្រៀនភាសាអង់គ្លេសជាគ្រូក្រៅម៉ោងនិងពេញម៉ោងនៅក្នុងសាលាឯកជនមួយចំនួនចាប់ពីឆ្នាំ ២០០៥ ដល់ ២០១៩។ ក្រោយមកទៀត លោកក៏ត្រូវបានជ្រើសរើសឱ្យមកបង្រៀនភាសាអង់គ្លេសថ្នាក់ពេញម៉ោងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០៣ ខែមិថុនា ឆ្នាំ២០១៩។
លោក អុិន ដារ៉ា ត្រូវបានតំឡើងតួនាទីទៅជាអនុប្រធានគ្រូភាសាអង់គ្លេសនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២២ដើម្បីជួយសម្រួលកម្មវិធីសិក្សាភាសាអង់គ្លេសចាប់ពីកម្រិតក្រោមមត្តេយ្យ ដល់មធ្យមសិក្សាក្នុងកម្មវិធីចំណេះដឹងទូទៅភាសាខ្មែរនៅសាលារៀន អន្តរទ្វីប អាមេរិកាំង ដោយសារតែសមត្ថភាពការងារ និងការខិតខំប្រឹងប្រែងរបស់គាត់ ។

ប្រធានអ្នកប្រឹក្សាសិក្សាសាលា
អ្នកស្រី លួន ស្រីទូច
អ្នកស្រី លួន ស្រីទូច បានបញ្ចប់ការសិក្សាថ្នាក់បរិញ្ញាបត្រចិត្តវិទ្យាពីសាកលវិទ្យាល័យភូមិន្ទភ្នំពេញនៅឆ្នាំ២០១០។ អ្នកស្រីបានចូលបម្រើការងារជា អ្នកសម្របសម្រួលកម្មវិធី ពីថ្ងៃទី០១ ខែធ្នូ ឆ្នាំ២០១១ ដល់ ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១២ នៅអង្គការសមាគមថែទាំគ្រួសារកម្ពុជា (រ៉ាក់) (RHAC) ផ្តោតទៅលើការអប់រំ និងការប្រឹក្សាយោបល់ដល់យុវវ័យ នៅក្នុងសហគមន៍ ដូចជា៖ ផលលំបាកនៃបោះបង់ការសិក្សានៅវ័យក្មេងពេក ការថែទាំសុខភាពផ្លូវកាយ និង ផ្លូវចិត្ត អនាម័យក្នុងការរស់នៅ ការស្លៀកពាក់ ការបរិភោគ ការរៀបចំផែនការគ្រួសារ និងសុខភាពបន្តពូជ។ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០១២ ដល់ថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០១៥ អ្នកស្រីក៏បានប្តូរទៅបម្រើការងារជា បុគ្គលិកកម្មវិធី នៅអង្គការមូលនិធិស្ម័គ្រចិត្តកម្ពុជា (Cambodia Volunteer Foundation) ក្នុងការសម្របសម្រួលចំពោះអ្នកស័្មគ្រចិត្តជាជនជាតិបរទេស ដែលពួកគាត់មកស្ម័គ្រចិត្តជួយនៅតាមអង្គការនានានៅប្រទេសកម្ពុជា ដូចជាជួយបង្រៀន ភាសាអង់គ្លេស ថែទាំទារក កុមារ ប្រឹក្សាយោបល់ដល់ប្អូនៗ។
អ្នកស្រី លួន ស្រីទូច បានចូលបម្រើការងារជាអ្នកប្រឹក្សាសិក្សាសាលា នៅសាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី០២ ខែមិថុនា ឆ្នាំ២០១៥។ អ្នកស្រីបានរួមចំណែកក្នុងការចែករំលែកនូវវិធីសាស្រ្តសិក្សា អប់រំវិន័យ និងសីលធម៌ទៅដល់សិស្សានុសិស្សដែលកំពុងមានវត្តមាននៅសាលារៀន អន្តរទ្វីប អាមេរិកាំងយ៉ាងសកម្មដើម្បីឱ្យទទួលបាននូវគុណភាពសិក្សា វិន័យ និងសីលធម៌។ មិនតែប៉ុណ្ណោះ អ្នកស្រីបានដើរតួនាទីយ៉ាងសំខាន់ជាអ្នកចិត្តសាស្រ្តក្នុងការជួយសម្របសម្រួល និងប្រឹក្សាបញ្ហាផ្លូវចិត្តទៅដល់សិស្សានុសិស្ស និងក្រុមការងារផ្ទាល់ ។
ដោយយោងទៅលើសមត្ថភាពការងារ ខិតខំប្រឹងប្រែង និងភាពតស៊ូ អត់ធ្មត់ ក្នុងការបំពេញការងារអស់រយៈពេល៦ឆ្នាំ អ្នកស្រីត្រូវបានដំឡើងតួនាទីពីអ្នកប្រឹក្សាសិក្សាសាលា ទៅជាប្រធានអ្នកប្រឹក្សាសិក្សាសាលា នៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០២១ ដែលបច្ចុប្បន្ន នឹងត្រូវជួយសម្របសម្រួលលើអ្នកប្រឹក្សាសិក្សាសាលាទាំងប្រាំមួយសាខា។ សាលាមានការកោតសរសើរយ៉ាងស្មោះចំពោះអ្នកស្រី ដែលមានការលះបង់ខ្ពស់ និងខិតខំអស់ពីកម្លាំងកាយចិត្តបំពេញការងារ ដែលបានរួមចំណែកក្នុងការអភិវឌ្ឍស្ថាប័នឱ្យទទួលបានជោគ ជ័យរហូតមកដល់បច្ចុប្បន្ននេះ។

អនុប្រធានផ្នែករដ្ឋបាលសាលរៀន អន្តរទ្វីប អាមេរិកាំង
កញ្ញា អ៊ុក ម៉ារីណា
ជម្រាបសួរមាតាបិតា និងអ្នកអាណាព្យាបាលជាទីគោរព!
សួស្តីប្អូនៗសិស្សានុសិស្សជាទី ស្រលាញ់រាប់អាន!
នាងខ្ញុំឈ្មោះអ៊ុក ម៉ារីណា មានតួនាទីជាអនុប្រធានផ្នែកបុគ្គលិករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង។ ផ្នែករដ្ឋបាលសាលារៀន អន្តរទ្វីប អាមេរិកាំង ជាផ្នែកមួយចូលរួមចំណែកក្នុងការបំពេញសេវាកម្ម ទូទៅសម្រាប់តម្រូវការរៀន និងបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ លើសពីនេះផ្នែកនេះត្រូវរៀបចំរាល់ឯកសារសិស្ស និងឯកសារផ្សេងៗទៀត របស់សាលារៀនជាមួយការិយាល័យអប់រំ ខណ្ឌ និងមន្ទីរអប់រំ យុវជន និងកីឡា រាជធានីភ្នំពេញ។ សាលារៀន អន្តរទ្វីប អាមេរិកាំង ជាសាលាមួយដែលទទួលស្គាល់ជាផ្លូវការដោយក្រសួងអប់រំ យុវជន និងកីឡា។ សាលារៀន មានកម្មវិធីសិក្សាច្បាស់លាស់ និងសម្បូរបែបតាំងពីថ្នាក់ក្រោមមត្តេយ្យសិក្សាដល់ថ្នាក់ វិទ្យាល័យ តាមបែបខ្មែរអាមេរិកាំង ប្រកបដោយគុណភាព វិន័យ និងសេវាកម្ម។
គណៈកម្មការសាលាបានជ្រើសរើសលោកគ្រូ អ្នកគ្រូដែលមានគរុកោសល្យ និងបទពិសោធន៍ល្អក្នុងការបង្រៀនមិនតែប៉ុណ្ណោះក្នុងបន្ទប់សិក្សា សាលាបានបំពាក់ដោយសម្ភារទំនើប បណ្ណាល័យធំទូលាយថែមទាំងមានរៀបចំកម្មវិធីប្រកួតប្រជែងសមត្ថភាព កម្មវិធីសប្បុរធម៌ និងកម្មវិធីជាច្រើនទៀត ដើម្បីឱ្យសិស្សានុសិស្សទាំងអស់ទទួលបាននូវចំណេះដឹង និងចំណេះធ្វើយ៉ាងពិតប្រាកដសម្រាប់ថ្ងៃអនាគត។
នាងខ្ញុំសូមថ្លែងអំណរគុណយ៉ាងជ្រាវជ្រៅដល់មាតាបិតា និងអ្នកអាណាព្យាបាលសិស្សទាំងអស់ដែលតែងតែគាំទ្រសាលារៀន និងសូមជូនពរឱ្យជួបប្រទះតែសុខភាពល្អ សំណាងល្អ មាន សុភមង្គលក្នុងគ្រួសារ។

នាយកកីឡា និងជាប្រធានក្រុមប្រឹក្សាវិន័យ
លោក សែម ពេជ្រ
លោក សែម ពេជ្រ គឺជាមនុស្សម្នាក់ដែលអត់ធ្មត់ មិនរុញរានឹងការងារ ហើយគឺជាមនុស្សដែលចូលចិត្ត វិស័យកីឡា ជាពិសេសវិស័យកីឡាបាល់ទាត់។ លោកបានបញ្ចប់ការសិក្សា នៅសាលាមធ្យមសិក្សាអប់រំកាយ និងកីឡា និងបរិញ្ញាបត្រភាសាអង់គ្លេស នៅសកលវិទ្យាល័យ ធនធានមនុស្ស។ បច្ចុប្បន្នលោក ជានាយកកីឡា នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង ដែលជាសាលាមួយ ទទួលបានការគាំទ្រយ៉ាងខ្លាំងពី សំណាក់សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល នៅក្នុងព្រះរាជាណាចក្រកម្ពុជា។
លោកបានប្រឡូកក្នុងវិស័យកីឡាបាល់ទាត់តាំងពី័វ័យកុមារ ហើយលោកក៏ធ្លាប់ជាប់ជាកីឡាករបាល់ទាត់ជម្រើសជាតិផងដែរ។ នៅថ្ងៃ០១ ខែតុលា ឆ្នាំ២០០១ លោកបានក្លាយជាគ្រូអប់រំកាយ និងកីឡា នៅវិទ្យាល័យ ជា ស៊ីម បឹងកេងកង ក្នុងរាជធានីភ្នំពេញ។
នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០០៧ លោកបានចូលបម្រើការងារជាគ្រូកីឡាបាល់ទាត់ (បុគ្គលិកក្រៅម៉ោង) នៃសាលារៀន អន្តរទ្វីប អាមេរិកាំង។ បន្ទាប់មកនៅឆ្នាំ២០០៨ លោកក៏បានប្តូរតួនាទីជាគ្រូវិន័យ និងកីឡា ហើយនៅឆ្នាំ២០០៩ លោកបានដំឡើងតួនាទីជាប្រធានផ្នែកកីឡា។
ដោយយោងទៅលើសមត្ថភាពការងារ ការខិតខំប្រឹងប្រែង និងភាពតស៊ូអត់ធ្មត់ក្នុងការបំពេញការងារ ក្នុងរយៈពេល០៩ឆ្នាំ ដែលលោកបានបម្រើការងារជូនសាលារៀន អន្ដរទ្វីប អាមេរិកាំង លោកត្រូវបានដំឡើងតួនាទីជានាយកកីឡា និងជាប្រធានក្រុមប្រឹក្សាវិន័យ នៅឆ្នាំ២០១០ រហូតដល់បច្ចុប្បន្ន។

ប្រធានក្រុមចំណូលII
លោកស្រី សុខ ចំណាន
លោកស្រី សុខ ចំណាន កើតនៅឆ្នាំ១៩៩០ នៅខេត្តបាត់ដំបង។ លោកស្រីបានបញ្ចប់ថ្នាក់បរិញ្ញាបត្រគ្រប់គ្រងហិរញ្ញវត្ថុ នឹងធនាគា នៅសកលវិទ្យាល័យគ្រប់គ្រង និងសេដ្ឋកិច្ចក្នុងឆ្នាំ២០១៤។
លោកស្រីបានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង (ការិយាល័យកណ្តាល) នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០១៤ ក្នុងតួនាទីជាបេឡាករ។ ក្រោយពីបំពេញការងាររយៈពេល០៥ឆ្នាំលោកស្រីត្រូវបានផ្លាស់ប្តូរតួនាទីទៅជាមន្រ្តីចំណូលជាន់ខ្ពស់ នៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៨។ បន្ទាប់មក លោកស្រីក៏ត្រូវបានផ្លាស់ប្តូមកបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ នៅថ្ងៃទី២៥ ខែមីនា ឆ្នាំ២០១៩។
ដោយផ្អែកលើសមត្ថភាព និងការខិតខំប្រឹងប្រែងក្នុងការបំពេញការងារ លោកស្រីក៏ត្រូវបានឡើងតួនាទីជាអនុប្រធានផ្នែកចំណូលនៅថ្ងៃទី០១ ខែតុលា ឆ្នាំ២០១៩។ នៅថ្ងៃទី០១ខែមករា ឆ្នាំ២០២២ លោកស្រីក៏ត្រូវបានដំឡើងតួនាទីជាប្រធានក្រុមចំណូលII។

ប្រធានក្រុមសន្តិសុខ និងអ្នកសម្អាត
លោក លន សល់
លោក លន សល់ កើតនៅឆ្នាំ១៩៩២ នៅរាធានីភ្នំពេញ។ លោកបានចូលបម្រើការងារជាសន្តិសុខនៅក្រុមហ៊ុនឯកជន មួយកន្លែងនៅរាធានីភ្នំពេញ ដើមឆ្នាំ២០១០។
លោកបានចូលបម្រើការងារនៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង នៅចុងឆ្នាំ២០១០ ក្នុងតួនាទីជាសន្តិសុខ។ ក្រោយបំពេញការងាររយៈពេល០៤ឆ្នាំ ផ្អែកលើសមត្ថភាព និងការខិតខំប្រឹងប្រែងបំពេញការងារ លោកត្រូវបានគណៈគ្រប់គ្រងសាលាដំឡើងតួនាទីលោកទៅជាប្រធានក្រុមសន្តិសុខ និងអ្នកសម្អាត នៃមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ នៅថ្ងៃទី០១ ខែមករា ឆ្នាំ២០១៩។

ប្រធានរដ្ឋបាល
លោក សំ ស្រស់
លោក សំ ស្រស់់ កើតនៅថ្ងៃទី ១០ ខែតុលា ឆ្នាំ១៩៨៣ នៅខេត្តតាកែវ។
លោកបញ្ចប់ថ្នាក់បរិញ្ញាបត្រជាន់ខ្ពស់ ផ្នែកភាសាអង់គ្លេស នៅសកលវិទ្យាល័យ បញ្ញាជាតិ ២០១៧។
លោកបានចាប់ផ្តើម ចូលបម្រើការងារ នៅមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង (ការិយាល័យកណ្តាល) នៅថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៨ ក្នុងតួនាទីជាប្រធានរដ្ឋបាល។
បន្ទាប់ពីបានធ្វើការនៅ (ការិយាល័យកណ្តាល) មួយរយៈលោកត្រូវបានផ្លាស់ប្តូមកសាខាចោមចៅ ដែលមានតួនាទីជាប្រធានរដ្ឋបាលមើលការខុសត្រូវ គ្រប់គ្រង រៀបចំដំណើរការផ្នែករដ្ឋបាលចាប់ពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ២០១៩ ដើម្បីដំណើរការ និងផ្តល់សេវារកម្មជូនដល់សិស្ស និងអ្នកអាណាព្យាបាល សម្រាប់មជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។
មានតួនាទីជាប្រធានរដ្ឋបាលលោកបានខិតខំ ប្រឹងប្រែង យកចិត្តទុកដាក់ និងបំពេញការងារជាប្រធានរដ្ឋបាល និងបានមើលការខុសត្រូវ និងគ្រប់គ្រងការរិយាល័យ ដែលនៅក្រោមរដ្ឋបាលដែលបានដើរតួយ៉ាងសំខាន់ផ្តល់ជូនសេវាកម្មបានយ៉ាងល្អជូនដល់សិស្ស និងអ្នកអាណាព្យាបាល និងបានរក្សាបាននៅបាវចនាទាំងបីគឺ (វិន័យ គុណភាណ និងសេវាកម្ម) សម្រាប់សាខាចោមចៅ រហូតមកដល់បច្ចុប្បន្ន។