ដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ របស់សិស្សានុសិស្សថ្នាក់ទី៩ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីថ្ងៃទី១៥ និងទី១៦ ខែសីហា កន្លងទៅបានប្រព្រឹត្តទៅយ៉ាងរលូន
គណៈកម្មការ សាលារៀន អន្តរទ្វីប អាមេរិកាំង ទាំង៦សាខាក្នុងរាជធានីភ្នំពេញ កាលពីថ្ងៃទី១៥ និងទី១៦ ខែសីហា ឆ្នាំ២០២២ កន្លងទៅ បានរៀបចំការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសម្រាប់ឆ្នាំសិក្សា២០២១-២០២២ នៅតាមសាខារៀងៗខ្លួនប្រកបដោយភាពតឹងរ៉ឹងបំផុត។ ជាក់ស្តែងនៅតាមបន្ទប់ប្រឡងមានអនុរក្សចំនួន២ រូប និងគណៈកម្មការត្រួតពិនិត្យអគារនៅក្រៅបន្ទប់ប្រឡងផ្សេងទៀត ដើម្បីតាមដាន និងត្រួតពិនិត្យការប្រឡងឱ្យបានម៉ត់ចត់។
អនុប្រធាននៃសាលារៀន អន្តរទ្វីប អាមេរិកាំង លោក រឿង សុភាព បានឱ្យដឹងថា សិស្សានុសិស្សបានខិតខំយ៉ាងយកចិត្តទុកដាក់ប្រឡងលើវិញ្ញាសាររៀងៗខ្លួន ដែលពោរពេញដោយក្តីសង្ឃឹម និងទន្ទឹងរង់ចាំមើលលទ្ធផលប្រឡងរបស់ខ្លួន។
លោក លើកឡើងយ៉ាងដូច្នេះ៖ «ការប្រឡងប្រព្រឹត្តទៅយ៉ាងល្អ ហើយសិស្សានុសិស្សទាំងអស់ បានគោរពនូវបញ្ញត្តិក្នុងពេលប្រឡងបានយ៉ាងខ្ជាប់ខ្ជួន ទៅតាមគោលការណ៍របស់ក្រសួងអប់រំ យុវជន និងកីឡា និងសាលារៀន ដោយមិនមានការលួចចម្លងសំណៅឯកសារ សួរគ្នាពេលប្រឡង ឬជជែកគ្នាឡើយ ហើយសិស្សានុសិស្សទាំងអស់មានភាពប្រឹងប្រែងប្រឡងតាម សមត្ថភាព និងចំណេះដឹងរៀងៗខ្លួន។»
អនុប្រធាននៃសាលារៀនខាងលើ បន្ថែមថា ក្នុងឆ្នាំសិក្សា២០២១-២០២២ សាលារៀន អន្តរទ្វីប អាមេរិកាំង មានសិស្សប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិសរុបចំនួន ៥៨២នាក់ ដោយវិញ្ញាសារប្រឡងមានដូចជា តែងសេចក្តី គីមីវិទ្យា ផែនដី និងបរិស្ថានវិទ្យា រូបវិទ្យា ភូមិវិទ្យា សីលធម៌-ពលរដ្ឋវិជ្ជា គណិតវិទ្យា ការសរសេរតាមអាន ជីវវិទ្យា ប្រវត្តិវិទ្យា និងភាសាអង់គ្លេស។
បើតាមលោក រឿង សុភាព បានបង្ហើបថា លទ្ធផលប្រឡងរបស់សិស្សានុសិស្សថ្នាក់ទី៩ នឹងប្រកាសនៅថ្ងៃទី២២ ខែសីហា ឆ្នាំ២០២២ខាងមុខនេះ។
សូមជម្រាបថា មុនដំណើរការប្រឡង ពោលគឺនៅថ្ងៃទី១១ ខែសីហា ឆ្នាំ២០២២កន្លងទៅ សាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំកិច្ចប្រជុំស្តីពី ការណែនាំការរៀបចំដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដែលដឹកនាំដោយអនុប្រធាននៃសាលារៀន អន្តរទ្វីប អាមេរិកាំង លោក រឿង សុភាព។ ក្នុងកិច្ចប្រជុំនោះដែរ ធ្វើឡើងក្នុងគោលបំណង បង្ហាញនូវចំនុចសំខាន់ៗដែលពាក់ព័ន្ធទៅនឹងដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ដូចជាបទបញ្ញត្តិ វិន័យ សណ្ដាប់ធ្នាប់ទូទៅ និងកម្មវិធីប្រឡង។ បន្ថែមលើសពីនេះទៅទៀត គាត់បានពន្យល់ពីតួនាទី កាតព្វកិច្ច និងភាពទទួលខុសត្រូវក្នុងនាមជាលោកគ្រូ អ្នកគ្រូ ដែលជាអ្នកដឹកនាំមានឥរិយាបថល្អ មានទំនួលខុសត្រូវខ្ពស់លើភារកិច្ចរបស់ខ្លួនផងដែរ៕
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៩ សាខាចោមចៅ ថ្ចៃទី១
ការប្រឡងសញ្ញាបត្រមធ្យមសិក្សាបឋមភូមិ ថ្នាក់ទី៩ សាខាចោមចៅ ថ្ចៃទី២