ដំណើរទស្សនកិច្ចសិក្សាលើកទី៧ សម្រាប់សិស្សានុសិស្សថ្នាក់ទី២
កាលពីថ្ងៃទី២៨ ខែមេសា កន្លងទៅនេះ គណៈគ្រប់គ្រង នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅបានរៀបចំដំណើរទស្សនកិច្ចសិក្សានៅ ផ្សារទំនើបម៉ាក្រូ ស្ថិតនៅផ្ទះលេខ៥៧៣៤ ផ្លូវលេខ១០០៣ ភូមិបាយ៉ាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ សម្រាប់ប្អូនៗសិស្សានុសិស្សថ្នាក់ទី២។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. ចេះប្រាស្រ័យទាក់ទងជាមួយអាជីវករ មហាជន និងរឹតចំណងមិត្ដភាពជាមួយមិត្ដរួមថ្នាក់ និងមិត្តរួមសាលារៀនរបស់ពួកគេ។
២. ឃើញរូបភាព និងស្ថានភាពពិតៗ ដែលធ្លាប់បានសិក្សាក្នុងថ្នាក់ និងរៀននូវវាក្យសព្ទថ្មីៗបន្ថែមទៀត។
៣. ចេះពិនិត្យមើលកាលបរិច្ឆេទផលិត កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់លើផលិតផល និងទំនិញ។
៤. ស្គាល់ស្លាកសញ្ញា និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់នៅលើផលិតផល បន្លែ និងអាហារផ្សេងៗ។
៥. ស្គាល់ឈ្មោះត្រី សាច់ និងបន្លែបង្ការគ្រប់ប្រភេទ ដែលមានលក់នៅទីផ្សារ និងចេះរៀបចំទុកដាក់អាហារ ទៅតាមទីកន្លែងសមស្របតាមបរិយាកាស។
៦. មានបម្រុងប្រយ័ត្នចំពោះការទិញនូវផលិតផល បន្លែ និងអាហារផ្សេងៗ ដែលមានសារធាតុគីមីប៉ះពាល់ ដល់សុខភាព និងស្គាល់ពីរបៀបធ្វើអាជីវកម្ម និងការប្រកបមុខរបរធ្វើជំនួញ។
៧. មានបម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរតាម ទីសាធារណៈ។
៨. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ ទំនាក់ទំនងក្នុងក្រុម ភាពម្ចាស់ការ និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៩. ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។