ដំណើរទស្សនកិច្ចសិក្សាលើកទី១១ សម្រាប់សិស្សានុសិស្សថ្នាក់ទី៤ និងទី៥ នៅ សារមន្ទីរ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ
កាលពីថ្ងៃទី២៦ ខែឧសភា កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀននឹងរៀបចំដឹកនាំសិស្សានុសិស្សថ្នាក់ទី៤ និងទី៥ ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សានៅ សារមន្ទីរ ដែលស្ថិតនៅក្នុងរាជធានីភ្នំពេញ។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. ទស្សនា និងសិក្សាពីវត្ថុបុរាណ ដែលជាសម្បត្ដិបេតិកភណ្ឌជាតិមានអាយុកាលរាប់រយឆ្នាំ។
២. ទទួលបានចំណេះដឹងថ្មីៗជាច្រើនស្ដីពីសិល្បៈ ចម្លាក់ សាសនា និងប្រពៃណីខ្មែរ ផ្សារភ្ជាប់ទៅនឹងទិដ្ឋភាពរូបចម្លាក់ រូបបដិមា និងស្នាដៃសិល្បៈដ៏វិចិត្ររបស់បុព្វបុរសខ្មែរក្នុងសម័យដើម។
៣. ស្គាល់មណ្ឌលវប្បធម៌ ដែលជាទីកន្លែងតម្កល់នូវកេរមរតកវប្បធម៌ជាតិដ៏មានតម្លៃ។
៤. យល់ដឹងពីរឿងរ៉ាវ និងព្រឹត្ដិការណ៍ស្ដីពីប្រវត្ដិសាស្ដ្រ និងពង្សាវតារប្រទេសកម្ពុជា។
៥. មានស្មារតីស្រឡាញ់ និងចូលរួមថែរក្សាសម្បត្ដិបេតិកភណ្ឌជាតិ ដែលជាកេរដំណែលស្នាដៃបុព្វបុរស។
៦. ស្គាល់ស្លាកសញ្ញាចរាចរណ៍មួយចំនួន និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់លើដងវិថី។
៧. ស្គាល់ឈ្មោះទីតាំងភូមិសាស្ដ្រ និងមហាវិថីមួយចំនួនក្នុងរាជធានីភ្នំពេញ។
៨. បង្កើនភាពក្លាហាន និងបទពិសោធក្នុងការសហការ ការដឹកនាំ សាមគ្គីភាព ឯករាជ្យភាព ភាពម្ចាស់ការ ទំនាក់ទំនងក្នុងក្រុម និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៩. រឹតចំណងមិត្ដភាព និងសាមគ្គីភាពជាមួយមិត្ដរួមថ្នាក់ និងមិត្ដរួមសាលារៀនរបស់ប្អូនៗ។
១០. បានឆ្លុះបញ្ចាំង និងផ្សារភ្ជាប់ខ្លឹមសារដែលបានសិក្សានៅក្នុងមេរៀនទៅនឹងស្ថានភាពសង្គមជាក់ស្ដែង។
១១. ទទួលបាននូវចំណេះដឹងថ្មីៗ និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចសិក្សានៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។