ដំណើរទស្សនកិច្ចសិក្សាលើកទី៩ សម្រាប់សិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ទៅកាន់ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល
កាលពីថ្ងៃពុធ ទី១៨ ខែឧសភា ឆ្នាំ២០២២ កន្លងទៅនេះគណៈគ្រប់គ្រងសាលារៀននឹងរៀបចំដឹកនាំសិស្សានុសិស្សថ្នាក់ក្រោមមត្តេយ្យ និងមត្តេយ្យសិក្សា ទាំងអស់ចុះធ្វើទស្សនកិច្ចសិក្សានៅ ផ្សារទំនើប ជីប ម៉ុង សែនសុខ ម៉ល ស្ថិតនៅតាមបណ្ដោយ វិថី ឧកញ៉ា ម៉ុង ឫទ្ធី (ផ្លូវ១៩២៨) សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ ។
ដំណើរទស្សនកិច្ចសិក្សានេះ គឺជាឱកាសមួយសម្រាប់សិស្សានុសិស្សសិក្សាសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចជា៖
១. ចេះប្រាស្រ័យទាក់ទងជាមួយអាជីវករ មហាជន និងរឹតចំណងមិត្ដភាពជាមួយមិត្ដរួមថ្នាក់ និងមិត្តរួមសាលារៀនរបស់ពួកគេ។
២. ឃើញរូបភាព និងស្ថានភាពពិតៗ ដែលធ្លាប់បានសិក្សាក្នុងថ្នាក់ និងរៀននូវវាក្យសព្ទថ្មីៗបន្ថែមទៀត។
៣. ចេះពិនិត្យមើលកាលបរិច្ឆេទផលិត កាលបរិច្ឆេទផុតកំណត់ប្រើប្រាស់លើផលិតផល និងទំនិញ។
៤. ស្គាល់ស្លាកសញ្ញា និងកំណត់សម្គាល់ផ្សេងៗ ដែលប្រើប្រាស់នៅលើផលិតផល បន្លែ ផ្លែឈើ និងអាហារផ្សេងៗ។
៥. ស្គាល់ឈ្មោះត្រី សាច់ និងបន្លែបង្ការគ្រប់ប្រភេទ ដែលមានលក់នៅទីផ្សារ និងចេះរៀបចំទុកដាក់អាហារទៅតាមទីកន្លែងសមស្របតាមបរិយាកាស។
៦. មានបម្រុងប្រយ័ត្នចំពោះការទិញនូវផលិតផល បន្លែ ផ្លែឈើ និងអាហារផ្សេងៗ ដែលមានសារធាតុគីមីប៉ះពាល់ដល់សុខភាព និងស្គាល់ពីរបៀបធ្វើអាជីវកម្ម និងការប្រកបមុខរបរធ្វើជំនួញ។
៧. មានបម្រុងប្រយ័ត្នចំពោះការទុកដាក់របស់របរ និងថែរក្សាប្រាក់កាក់របស់ខ្លួនក្នុងពេលធ្វើដំណើរតាមទីសាធារណៈ។
៨. បង្កើនភាពក្លាហាន និងបទពិសោធន៍ក្នុងការសហការ ការដឹកនាំ ទំនាក់ទំនងក្នុងក្រុម ភាពម្ចាស់ការ និងទំនាក់ទំនងជាមួយមហាជនបានកាន់តែប្រសើរ។
៩. ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចនៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។