បទបង្ហាញស្តីពី ការដាក់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាឆ្នាំសិក្សា២០២៣-២០២៤
កាលពីថ្ងៃទី២៧ ខែមិថុនា កន្លងទៅថ្មីៗនេះ អ្នកគ្រូ អ៊ុក ម៉ារីណា អនុប្រធានរដ្ឋបាលសាលា បានរៀបចំធ្វើបទបង្ហាញស្តីពី ការដាក់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាឆ្នាំសិក្សា២០២៣-២០២៤ ដល់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។ ក្នុងនោះផងដែរសម្រាប់អាហារូបករណ៍ថ្នាក់ឧត្តមសិក្សាឆ្នាំសិក្សា២០២៣-២០២៤ នេះមានចំនួនសរុប៣៩៣៤នាក់ ដែលផ្ដល់ដោយ គ្រឹះស្ថានឧត្តមសិក្សាសាធារណៈ ចំនួន២០គ្រឹះស្ថាន និងគ្រឹះស្ថានឧត្តមសិក្សាឯកជនមានចំនួន២៣គ្រឹះស្ថាន ដែលបែងចែកជាបួនអាទិភាព មានដូចជាសិស្សទូទៅ សិស្សអាទិភាពនារី សិស្សអាទិភាពក្រីក្រ សិស្សអាទិភាពតំបន់ដាច់ស្រយាល។ គោលបំណងនៃការធ្វើបទបង្ហាញនេះគឺ ដើម្បីផ្តល់ព័ត៌មានពីការដាក់ពាក្យសុំអាហារូបករណ៍ថ្នាក់ឧត្តមសិក្សា និងការរៀបចំឯកសារដែលជាតម្រូវការសម្រាប់ការដាក់ពាក្យស្នើសុំអាហារូបករណ៍នៅសាកលវិទ្យាល័យ។ មួយវិញទៀត ដើម្បីឱ្យសិស្សានុសិស្សយល់ដឹងពីកម្មវិធីសិក្សា និងការជ្រើសរើសមុខវិជ្ជាសម្រាប់ការសិក្សានៅសាកលវិទ្យាល័យផងដែរ។ នៅក្នុងបទបង្ហាញនេះផងដែរ សិស្សានុសិស្សបានដឹងពី អត្ថប្រយោជន៍ក្នុងការទទួលបានការសិក្សា អ្វីដែលត្រូវធ្វើ និងមិនគួរធ្វើក្នុងពេលបំពេញបែបបទ។