បទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាលើកទី១៥៨ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ
កាលពីថ្ងៃទី០៧ ខែកក្កដា កន្លងទៅថ្មីៗនេះ គណៈគ្រប់គ្រងសាលាបានធ្វើបទបង្ហាញស្តីពី ដំណើរទស្សនកិច្ចសិក្សាលើកទី១៥៨ ទៅកាន់វត្តហរិរក្សរាជិនី ហៅវត្តវាំងចាស់ និងរមណីយដ្ឋានទេសចរណ៍ភ្នំព្រះរាជទ្រព្យ ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ។
កម្មវិធីទស្សនកិច្ចសិក្សានេះ គឺជាឱកាសដ៏ល្អមួយសម្រាប់សិស្សានុសិស្សសង្កេតអំពីមហាជន និងបរិស្ថានជុំវិញ ហើយនេះក៏ជាឱកាសដែលសិស្សានុសិស្សទទួលបាននូវចំណេះដឹងជាច្រើនបន្ថែមលើមេរៀនក្នុងថ្នាក់ដូចខាងក្រោម៖
– បានស្វែងយល់ផ្សារភ្ជាប់មេរៀនសិក្សាដោយផ្ទាល់ទៅនឹងភ្នំព្រះរាជទ្រព្យ ដែលជាតំបន់ប្រវត្តិសាស្រ្ត ជាអតីតរាជធានីខ្មែរនាសម័យឧដុង្គ ហើយបច្ចុប្បន្នជាទីតម្កល់នូវចេតិយអតីតព្រះមហាក្សត្រខ្មែរ និង ព្រះបរមសារីរិកធាតុព្រះសម្មាសម្ពុទ្ធ ដែលប្រជាជនកម្ពុជាប្រហែលជា៩០ភាគរយបានកំពុងគោរពប្រណិប័តន៍។
- យល់ដឹងអំពីរឿងរ៉ាវ និងព្រឹត្តិការណ៍ប្រវត្តិសាស្ត្រ និងពង្សាវតារប្រទេសកម្ពុជា ផ្សារភ្ជាប់ទៅនឹង ទិដ្ឋភាពជាក់ស្តែងនៃអតីតរាជធានីខ្មែរសម័យឧដុង្គ។
- គយគន់ទេសភាពភូមិឋាន ស្រែចម្ការច្បារដំណាំនៅអមសងខាងផ្លូវ និងលាតសន្ធឹងល្វឹងល្វើយលើផ្ទៃដី កសិកម្មក្នុងខេត្តកណ្តាល និងកំពង់ស្ពឺ។
– ទស្សនាបរិស្ថានធម្មជាតិ និងស្រូបខ្យល់អាកាសល្អបរិសុទ្ធក្រោមម្លប់ឈើត្រឈឹងត្រឈៃដេរដាសជា មួយនឹងសូរសំឡេងរៃយំកងរំពងលើដែនដីប្រវត្តិសាស្ត្រប្រកបដោយបរិយាកាសស្រស់ថ្លាជាទីមនោរម្យក្រៃលែង។
– រឹតចំណងមិត្តភាព សាមគ្គីភាព បង្កើនភាពក្លាហាន និងទទួលបានបទពិសោធន៍ក្នុងការបកស្រាយ ការធ្វើបទបង្ហាញ ការសហការ ការដឹកនាំ ទំនាក់ទំនងក្នុងក្រុម ភាពម្ចាស់ការ និងទំនាក់ទំនងជាមួយ មហាជនឱ្យបានកាន់តែប្រសើរ។
– ទទួលបាននូវចំណេះដឹងថ្មីៗបន្ថែម និងអារម្មណ៍ជ្រះថ្លាក្នុងពេលកំពុងទស្សនកិច្ចសិក្សានៅទីនោះ ក៏ដូចជាពេលត្រឡប់មកគេហដ្ឋានវិញផងដែរ។
គួរបញ្ជាក់ផងដែរថា ដំណើរទស្សនកិច្ចសិក្សានេះនឹងប្រព្រឹត្តទៅនៅថ្ងៃសៅរ៍ ទី២៣ ខែកក្កដា ឆ្នាំ២០២២ ខាងមុខនេះ ចាប់ពីម៉ោង៦:៤៥នាទីព្រឹក ដល់៥:០០នាទីល្ងាច៕