ប្រព័ន្ធអប់រំបែបខ្មែរតែគុណភាពអន្តរជាតិ ធ្វើឱ្យសាលា Aii, AIS ទទួលជោគជ័យ
ភ្នំពេញ៖ ថ្នាក់ដឹកនាំសាលារៀន អន្តរទ្វីប អាមេរិកាំង AIS និងមជ្ឈមណ្ឌលភាសា អេ អាយ អាយ អះអាងថា សាលាទាំងពីរបានជ្រើសរើសប្រព័ន្ធអប់រំបែបខ្មែរ តែយកគុណភាពបរទេស ដែលកត្តានេះបានធ្វើឱ្យការបង្រៀនទទួលបានជោគជ័យនិងមានអាណាព្យាបាលគាំទ្រច្រើន។
ក្នុងកិច្ចសម្ភាសន៍ជាមួយសារព័ត៌មានក្នុងស្រុកមួយ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក សាលាអន្តរទ្វីប អាមេរិកាំង AIS និងមជ្ឈមណ្ឌលភាសាអេ អាយ អាយ មានប្រសាសន៍ថា គោលដៅរបស់លោកដំបូងបើកតែសាលាភាសាប៉ុណ្ណោះទេ ប៉ុន្តែដោយសង្កេតឃើញថា សាលាឯកជនផ្សេងៗហាក់ដូចជាមិនមានរបៀបរៀបរយទើបលោកសម្រេចចិត្តបើកសាលាមួយដែលជាសាលាខ្មែរ ប៉ុន្តែយកគុណភាពស្តង់ដារអន្តរជាតិ។ អ្នកឧកញ៉ាបន្តថា «ខ្ញុំមានអារម្មណ៍ថា សាលាណាក៏អន្តរជាតិ សាលាណាក៏អន្តរជាតិ ហើយបើកមកសុទ្ធតែអន្តរជាតិ ហើយសុទ្ធតែស្អីៗអញ្ចឹងទៅ ហើយចុះបើបើកជាសាលាខ្មែរទៅមិនបាន? គ្រាន់តែគុណភាពឱ្យខ្លាំងដូចអន្តរជាតិអីចឹងទៅ។ សូមបីតែឈ្មោះក៏ខ្ញុំមិនឱ្យដាក់ដែរ គ្រាន់តែដាក់អន្តរទ្វីបវិញ។ មានតែសាលាខ្ញុំមួយទេដែលដាក់អន្តរទ្វីប ទម្រាំតែពន្យល់ឱ្យប្រជាជនយល់ជិត៥-៦ឆ្នាំ គេមិនយល់អន្តរទ្វីបគេអត់ដែលឮពាក្យហ្នឹង គេធ្លាប់តែឮអន្តរជាតិ។ អីចឹងអន្តរទ្វីបហ្នឹងមួយដូចបង្កើតថ្មីអីចឹង ពិបាកគេចាំ ដល់ពេលអីចឹងទៅខ្ញុំថា ខ្ញុំចង់បានយករបស់ជាតិយើងនេះធ្វើឱ្យល្អទៅជាខ្លាំងជាងអន្តរជាតិ ហើយបង្រៀនមកឱ្យគេយល់ ។»
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី មានគោលដៅកែប្រព័ន្ធសិក្សានៅកម្ពុជាដើម្បីឱ្យកូនខ្មែររៀនមិនចាញ់គេ តែត្រូវរៀនភាសាខ្មែរជាភាសាដំបូង ទើបរៀនភាសាផ្សេងទៀតតាមក្រោយ។ អ្វីដែលអ្នកឧកញ៉ាចង់ឃើញ គឺគ្រប់ទីកន្លែងក្នុងប្រទេសកម្ពុជាដែលមានមនុស្សរស់នៅ គឺមានសាលារៀនដែលលោកបង្កើត ហើយកន្លែងណាដែលមានសាលារបស់លោកគឺប្រជាជនមានចំណេះដឹង៕