សាលា AIS ប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សថ្នាក់មត្តេយ្យ ក្នុងឆ្នាំសិក្សា២០២១-២០២២
គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង កាលពីថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២២ កន្លងទៅបានរៀបចំប្រារព្ធពិធីប្រគល់វិញ្ញាបនបត្រលើកទី២២ ជូនដល់សិស្សានុសិស្សបញ្ចប់ការសិក្សាថ្នាក់មត្តេយ្យឆ្នាំសិក្សា២០២១-២០២២ ចំនួន ៤៨៦នាក់ដែលប្រព្រឹត្តទៅក្រោមអធិបតីភាពលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ព្រមទាំងមានការអញ្ជើញចូលរួមពីសំណាក់ គណៈកម្មការសាលារៀន លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា និងអ្នកអាណាព្យាបាលសិស្ស ព្រមទាំងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
លោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង បានថ្លែងទៅកាន់សិស្សានុសិស្ស និងអ្នកអាណាព្យាបាលសិស្សនាឱកាសនោះថា លោកស្រី មានក្តីត្រេកអរជាពន់ពេកដែលប្អូនៗសិស្សានុសិស្សមានមូលដ្ឋានគ្រឹះនៃចំណេះដឹង និងសមត្ថភាពគ្រប់គ្រាន់ សក្តិសមនឹងទទួលបាននូវវិញ្ញាបនបត្របញ្ចប់ការសិក្សាកម្រិតមត្តេយ្យសិក្សានាឱកាសនេះ។
លោកស្រី បញ្ជាក់ថា ដើម្បីបំពេញនូវតម្រូវការសិក្សា និងការបត់បែនរបស់សង្គមបច្ចុប្បន្ននេះ សាលារៀនរបស់ខ្លួនបានបន្តខិតខំយកចិត្តទុកដាក់ធ្វើយ៉ាងណាឱ្យប្រាកដថា សិស្សានុសិស្សដែលបានបញ្ចប់ការសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង ទាំងអស់ទទួលបាននូវចំណេះដឹង ចំណេះធ្វើ បទពិសោធន៍ សីលធម៌ល្អ ជាពិសេសគឺសិស្សត្រូវមានសមត្ថភាពខ្ពស់ក្នុងការបន្តការសិក្សាបន្តទៅមុខទៀត។ លោកស្រីបន្តថា ភាពជោគជ័យរបស់សិស្សម្នាក់ៗអាចធ្វើទៅបាន គឺអាស្រ័យលើការយកចិត្តទុកដាក់ខិតខំក្នុងការសិក្សាពីសំណាក់ប្អូនៗសិស្សានុសិស្សផ្ទាល់ ក៏ដូចជាការយកចិត្តទុកដាក់ពីលោកគ្រូ អ្នកគ្រូ ដែលបានបង្ហាត់បង្រៀននៅសាលារៀន និងការចូលរួមសហការគាំទ្រពីសំណាក់មាតាបិតា ឬអ្នកអាណាព្យាបាលផងដែរ។
ពាក់ព័ន្ធបញ្ហានេះ លោកស្រី លុក វណ្ណារុណ ចាងហ្វាងក្រោមមត្តេយ្យ មត្តេយ្យ និងបឋមសិក្សា សាខាម៉ៅសេទុង បានឱ្យដឹងផងដេរថា កម្មវិធីនេះធ្វើឡើង ដើម្បីអបអរ និងជាសក្ខីភាពបញ្ជាក់នូវការបញ្ចប់ការសិក្សាកម្រិតមត្តេយ្យ និងឈានទៅរកកម្រិតសិក្សាបន្ទាប់នៅកម្រិតបឋមសិក្សា។ ជាពិសេស ដើម្បីជាចំណងអនុស្សាវរីយ៍ក្នុងការសិក្សារបស់សិស្សានុសិស្សដែលបានបញ្ចប់កម្រិតថ្នាក់មត្តេយ្យសិក្សាដោយជោគជ័យនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។
ចាងហ្វាងដដែល បាននិយាយថា៖ «អ្វីដែលយើងទទួលបានភាពជោគជ័យមកដល់ពេលនេះគឺយើងផ្តោតទៅលើទស្សនវិស័យ គុណភាព វិន័យ និងសេវាកម្ម។ ចំពោះនៅកម្រិតមត្តេយ្យសិក្សាដែលប្អូនបានសិក្សារហូតដល់ការបញ្ចប់នេះប្អូនៗបានទទួលនូវការអប់រំ អកប្បករិយា បណ្តុះទម្លាប់ល្អក្នុងការរស់នៅប្រចាំថ្ងៃ ការទំនាក់ទំនង ភាពច្នៃប្រឌិត មនោសញ្ចេតនា ការស្រលាញ់ចូលចិត្តសិល្បៈ បំណិនជីវិត និងមូលដ្ឋានគ្រឹះចំណេះវិជ្ជាសម្រាប់ផ្សារភ្ជាប់ការសិក្សាទៅកម្រិតបឋមសិក្សាជាបន្ត។»
លោកស្រី បន្ថែមថា «យល់ឃើញថាប្អូនៗ ក៏ដូចជាលោក លោកស្រី អ្នកអាណាព្យាបាល លោកគ្រូ អ្នកគ្រូ មានភាពសប្បាយរីករាយក្នុងការចូលរួមកម្មវិធីទទួលវិញ្ញាបនបត្រនេះ ដែលធ្វើឱ្យកម្មវិធីនេះក្លាយជាការចងចាំដ៏ល្អក្នុងថ្ងៃពិសេសរបស់ប្អូន។ តំណាងឱ្យគណៈគ្រប់គ្រងសូមថ្លែងអំណរគុណចំពោះលោក លោកស្រី ជាអ្នកអាណាព្យាបាលដែលតែងតែគំាទ្រ និងសហការដល់ការសិក្សារបស់ប្អូនៗ ក៏ដូចជាមានទំនុកចិត្តដល់សាលារៀន អន្តរទ្វីប អាមេរិកាំង។»
កម្មវិធីប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដល់សិស្សថ្នាក់មត្តេយ្យ ក្នុងឆ្នាំសិក្សា២០២១-២០២២នេះ សាលារៀន អន្តរទ្វីប អាមេរិកាំង រៀបចំឡើងរយៈពេល២ថ្ងៃ ពោលកាលពីថ្ងៃទី២៣ ខែកក្កដា ប្រារព្ធធ្វើឡើងនៅសាខាម៉ៅសេទុង និងសាខាចាក់អង្រែ។ ដោយឡែកនៅថ្ងៃទី២៤ ខែកក្កដា ២០២២ ប្រារព្ធធ្វើឡើងនៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាផ្សារថ្មី ចោមចៅ ជ្រោយចង្វារ និងសាខាទួលគោក។
សូមជម្រាបថា សាលារៀន អន្ដរទ្វីប អាមេរិកាំង ហៅកាត់ថា (AIS) គឺជាសាលារៀន ចំណេះទូទៅមួយដែលត្រូវបានទទួលស្គាល់ ដោយក្រសួងអប់រំ យុវជន និងកីឡា ដែលមានកម្មវិធីសិក្សាចាប់ពីថ្នាក់ក្រោមមត្ដេយ្យរហូតដល់ថ្នាក់ទី១២ តាមបែបខែ្មរ-អាមេរិកាំង ដំបូងគេបង្អស់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ បច្ចុប្បន្ន សាលារៀនបានចូលរួមចំណែកយ៉ាងសកម្មក្នុងការផ្ដល់ចំណេះដឹងដល់សិស្សានុសិស្សនៃព្រះរាជាណាចក្រកម្ពុជា ជាមួយលោកគ្រូ អ្នកគ្រូ ដែលមានគរុកោសល្យ និងបទពិសោធខ្ពស់។ បន្ទប់សិក្សា និងបន្ទប់ពិសោធបំពាក់ដោយគ្រឿងបរិក្ខារទំនើបៗ ងាយស្រួលក្នុងការសិក្សាប្រកបដោយផាសុកភាព៕