សិស្សថ្នាក់ទី១២ ធ្វើពិសោធស្តីពីលក្ខណៈអាស៊ីតបាសក្នុងសារធាតុមួយចំនួន
កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំកម្មវិធីពិសោធស្តីពីលក្ខណៈអាស៊ីតបាសក្នុងសារធាតុមួយចំនួន ជូនដល់សិស្សានុសិស្សថ្នាក់ទី១២ វេនព្រឹក ដែលដឹកនាំដោយអ្នកគ្រូ ហួន សុផារ៉ែន បង្រៀនមុខវិជ្ជាគីមីវិទ្យា នៅបន្ទប់ពិសោធនៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ។
នៅក្នុងការពិសោធនោះដែរ អ្នកគ្រូ ហួន សុផារ៉ែន បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារ មេរៀន ទ្រឹស្តីអាស៊ីតបាស ត្រង់ចំណុចការសង្កេតមើលលក្ខណៈអាស៊ីតបាសក្នុងសារធាតុមួយចំនួន មក បង្ហាញ ជូនសិស្សានុសិស្សឱ្យបានដឹងពីលក្ខណៈរបស់អាស៊ីត និងបាស ហើយ អ្នកគ្រូក៏បានរៀបរាប់ពីសម្ភារសម្រាប់យកមកធ្វើការពិសោធរួមមាន បំពង់សាក ក្រដាសpH ស៊ីឡាំងក្រិត និងកែវបេស៊ែរ។ រីឯសារធាតុគីមីរួមមាន សូលុយស្យុងស៊ូត ទឹកក្រូចឆ្មា ទឹកលាងបង្គន់។ បន្ទាប់ពីអ្នកគ្រូបានបង្ហាញពីសម្ភារ និងសារធាតុគីមីដែលត្រូវយកមកធ្វើពិសោធរួមមក អ្នកគ្រូបានពន្យល់ពីរបៀបធ្វើពិសោធទៅតាមដំណាក់កាលនីមួយៗយ៉ាងក្បោះក្បាយ។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុម ដើម្បីធ្វើការ ពិសោធដោយផ្ទាល់ទៅលើការពិនិត្យមើលពីតម្លៃ pH ដែលមានក្នុងសារធាតុទាំងនោះដើម្បីផ្សារភ្ជាប់ នឹងទ្រឹស្ដីមេរៀនដែល សិស្សានុសិស្សកំពុងសិក្សា និងដើម្បីឱ្យពួកគាត់ឆាប់ចាប់បាននូវខ្លឹមសារនៃមេរៀនដែលផ្សារភ្ជាប់នឹងការ អនុវត្តក្នុងបន្ទប់ពិសោធផងដែរ។
សិស្សានុសិស្សបានយល់ច្បាស់ពីលក្ខណៈរូបរបស់អាស៊ីត និងបាស ហើយការ ពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយ ដែលបានអនុវត្តពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូនិងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀន មួយ នេះ។