អត្ថបទព័ត៌មានស្តីពីការអប់រំ៖ ក្រោមប្រធានបទ “គុណប្រយោជនៃការធ្វើសមាធិ”
អត្ថបទដោយ : សូ សារុំ
សមាធិជាការអនុវត្តដ៏ចំណាស់មួយក្នុងពុទ្ធសាសនា។ នៅពេលឮពាក្យថាសមាធិភ្លាម នោះគេនឹកគិតភ្លែតដល់ធម៌ និងសាសនា។ ប៉ុន្តែ ចាប់ពីជាង២០ឆ្នាំចុងក្រោយនេះមក សមាធិបានទទួលការស្វាគមន៍ពីសំណាក់ពិភពវេជ្ជសាស្ត្រ និងវិទ្យាសាស្ត្រ។
សមាធិបច្ចេកទេសប្រឆាំងនឹងស្ត្រេស
ជា ច្រើន ឆ្នាំ ចុង ក្រោយ មកនេះ សមាធិលែងមានរូបភាព ជាសាសនាទៀតហើយ! សមាធិត្រូវបានគេរាប់ជាបច្ចេកវិទ្យាប្រយុទ្ធប្រឆាំងនឹងការឡើងស្ត្រេស និងជំងឺគេងមិនលក់ទៅវិញដ៏ពេញនិយម។ នៅអឺរ៉ុប ជាក់ស្តែងនៅបារាំង គេអាចរករៀនធ្វើសមាធិនៅតាមមជ្ឈមណ្ឌលសម្រាកលំហែ មិនមែននៅតែតាមទីវត្តអារាម ឬទីសាសនាទេ។
សមាធិកាត់បន្ថយភាពចាស់ជរា
ស្រទាប់ប្រព័ន្ធប្រសាទដ៏ក្រាស់ក្នុងលលាដក្បាលមនុស្ស មាននិន្នាការស្រកចុះទៅតាមភាពចាស់ជរារបស់យើង។ ការធ្វើសមាធិ ពន្យឺតការស្រកស្រទាប់ប្រព័ន្ធប្រសាទផង និងទន្ទឹមពេលជាមួយគ្នានោះ វាក៏អាចបន្ថយល្បឿន នៃភាពចាស់ទ្រុឌទ្រោមរបស់ខួរក្បាលផង។
សមាធិសម្រួលការគ្រប់គ្រងអារម្មណ៍
ឥទ្ធិពលមួយទៀតរបស់សមាធិ គឺឥទ្ធិពលទៅលើអារម្មណ៍! ខួរក្បាលមនុស្សមានពីរភាគ អារម្មណ៍វិជ្ជមាននៅភាគខាងឆ្វេង និងអារម្មណ៍អវិជ្ជមាននៅខួរក្បាលផ្នែកខាងស្តាំ។ ថ្វីបើការធ្វើសមាធិបាននាំឱ្យយើងមានភាពធូរស្បើយក្នុងអារម្មណ៍មែន ប៉ុន្តែសមាធិគ្មានឥទ្ធិពលលើអាកប្បកិរិយារបស់យើងទេ។
សូមចាប់ផ្តើមថ្ងៃនេះ ជាមួយយើងខ្ញុំ
ជ្រើសរើសទីស្ងប់ស្ងាត់ គ្មានទូរទស្សន៍ គ្មានទូរសព្ទ មានផាសុកភាព… សូមស្តាប់ និងនៅជាមួយខ្លួនយើង…អង្គុយក៏បាន ទម្រេតខ្លួនក៏បាន តែកុំគេង បើសិនជាអាចយើងអង្គុយពេនភ្នែន យកជើងស្តាំដាក់លើជើងឆ្វេង ដាក់ដៃស្តាំលើដៃឆ្វេង ដកដងខ្លួនឱ្យត្រង់ រក្សាក និងកញ្ចឹងឱ្យត្រង់ ដោយផ្តោតផ្ចង់ស្មារតីត្រង់បរិវេណត្រង់ចុងច្រមុះ (បបូរមាត់ខាងលើ) ចាប់ផ្តើមបិទភ្នែកយឺតៗតាមធម្មតាមិនប្រឹង… មានស្មារតីដឹងខ្យល់ដង្ហើមចូល ខ្យល់ដង្ហើមចេញ… សូមកុំចុះចាញ់នៅពេលបែកអារម្មណ៍… ដាស់ស្មារតីត្រឡប់ស្តាប់ដង្ហើមវិញ… (ធ្វើពី១០ ទៅ១៥នាទី)
មុននឹងបើកភ្នែក សូមចាប់អារម្មណ៍ទៅលើបរិវេណរង្វង់ភ្នែកទាំងគូ មានស្មារតីដឹងនូវវេទនាជុំវិញភ្នែកទាំងសងខាងរបស់យើង រួចហើយចូរបើកភ្នែកសន្សឹមៗដោយមានស្មារតីថាយើងកំពុងបើកភ្នែក លាដៃស្តាំ លាដៃឆ្វេង លាជើងស្តាំ សាជើងឆ្វើងក៏យើងមានស្មារតីដឹងថាយើងកំពុងលា…
ក្រោយពីសមាធិ យើងអាចផ្សាយមេត្តាដល់ខ្លួនយើង ក៏ដូចជាសព្វសត្វដូចតទៅ៖
រក្សាភ្នែនដូចការធ្វើសមាធិចិត្តហើយ យើងអាចលើកដៃប្រណមរួចភាវនាពាក្យខាងក្រោមនេះក្នុងចិត្តរបស់យើងរយៈពេល១នាទី៖
• សូមឱ្យខ្ញុំបានសេចក្តីសុខ សន្តិភាព (បីដង)។
• សូមឱ្យមាតាបិតារបស់ខ្ញុំ គ្រូអាចារ្យរបស់ខ្ញុំបានសេចក្តីសុខ សន្តិភាព (មួយដង)។
• សូមឱ្យគ្រួសាររបស់ខ្ញុំ ញាតិមិត្តរបស់ខ្ញុំបានសេចក្តីសុខ សន្តិភាព (មួយដង)។
• សូមឱ្យសព្វសត្វទាំងអស់បានសេចក្តីសុខ សន្តិភាព (បីដង)…។
ឥឡូវនេះបើកភ្នែករបស់យើង លាដៃលាជើងជាការបញ្ចប់ការសមាធិ៕
ដកស្រង់ចេញពី៖
https://www.rfi.fr/km/cambodia/20180214-គុណប្រយោជន៍-នៃការធ្វើ-សមាធិ
របៀបធ្វើសមាធិដឹកនាំដោយភិក្ខុ មុនីបុត្តោ សុខ ធារី ស្ថាបនិក ធម្មិកជីវិត