អត្ថបទព័ត៌មានស្តីពីការងារ ក្រោមប្រធានបទ “ការងារផ្នែកលទ្ធកម្ម”
អត្ថបទដោយ : អេង យូអ៊ី
#MJQE#AmericanInterconSchool
ជាដំបូងខ្ញុំសូមណែនាំឈ្មោះខ្ញុំបន្តិចសិនច៎ា! ខ្ញុំឈ្មោះ អេង យូអ៊ី ហើយជាអ្នកបញ្ជាទិញនៅផ្នែកលទ្ធកម្ម (Procurement Department) ដែលសព្វថ្ងៃបម្រើការងារនៅក្រុមហ៊ុន ម៉េងលី ជេ.គួច អេឌ្យូខេសិន ម.ក។ ក្នុងនាមខ្ញុំជាអ្នកទិញម្នាក់ដែលបានបម្រើការក្នុងវិស័យនេះប្រហែល10ឆ្នាំជាងហើយ ក្នុងនោះខ្ញុំលើកការបញ្ជាទិញសម្ភារៈប្រភេទខ្លះៗដូចជា ការទិញលើសម្ភារៈ IT សម្ភារៈការិយាល័យ សម្ភារសិក្សា សម្រាប់បុគ្គលិកទូទៅ និងសិស្ស ទិញគ្រឿងសំណង់សម្រាប់សាងសង់បុរី អគារ និងឃ្លាំងថ្មី ធ្វើផ្លាកផ្សព្វផ្សាយពាណិជ្ជកម្ម ជួលបុស្តិ៍វិទ្យុ និងទូរទស្សន៍ រៀបចំកម្មវិធី (Event) ដូចជាការជួលហាង ឬទីតាំង កក់ម្ហូប សេវាកម្មទូទៅ ជួលពិធីករ ពិធីការិនី និងតារាចម្រៀង តារាកំប្លែងផ្សេងៗទៅតាមកម្មវិធីផ្សេងៗផងដែរ។ បន្ថែមពីនោះទៅទៀត មានការបញ្ជាទិញលើការបោះពុម្ពទៅលើប្រភេទក្រដាស ក្រណាត់ Premium Gift ផ្សេងៗជាច្រើនមុខ។ អ្វីដែលខ្ញុំរៀបរាប់ប៉ុន្មានខាងលើសុទ្ធតែធ្វើការបញ្ជាទិញសម្រាប់ដំណើរការក្រុមហ៊ុនទៅមុខ។
ហើយអ្វីដែលកាន់តែពិសេសទៅទៀត គឺការបញ្ជាទិញសម្ភារៈមូលនិធិ ក្នុងការទិញសម្ភារៈនេះ ខ្ញុំសុំសង្ខេបបន្តិចហើយច៎ា! មានការបញ្ជាទិញដូចជាការទិញកង់។ ការទិញកង់នេះមើលទៅដូចជាធម្មតា តែជាក់ស្តែងវាបានផ្លាស់ប្តូរអនាគតក្មេងជាច្រើនដែលមានបំណងបោះបង់ការសិក្សាដោយសារសាលានៅឆ្ងាយពីផ្ទះ ប៉ុន្តែនៅពេលដែលពួកគេបានកង់នេះហើយ ធ្វើឱ្យពួកគេមានយានជំនិះ ដូច្នេះសិស្សមួយចំនួនដែលមានបញ្ហាការធ្វើដំណើរ ក៏ម្រេចចិត្តបន្តការសិក្សាឡើងវិញ។ រឿងដែលពិសេសមួយទៀតផងដែរ គឺការធ្វើអណ្តូងទឹក នៅពេលដែលតំបន់គ្មានទឹកប្រើប្រាស់គឺវាពិបាករស់នៅបំផុត ដូច្នេះអ្នកឧកញ៉ា គួច ម៉េងលី តែងតែឱ្យក្រុមការងារចុះទៅសិក្សានៅតំបន់ណាដែលខ្វះខាតដើម្បីធ្វើអណ្តូងទឹកជូនប្រជាពលរដ្ឋ។ ការធ្វើអណ្តូងទឹកនេះដែរ គឺមិនមែនចេះតែធ្វើបាននោះទេ គឺវាអាស្រ័យលើទីតាំងផងដែរ ជួនកាលយើងបានខួងដីដើម្បីដល់ប្រភពទឹក តែជាក់ស្តែងខួងយ៉ាងណាសុទ្ធតែថ្ម ហើយពេលខ្លះខួងដីដល់ជម្រៅទឹកហើយ ប៉ុន្ដែទឹកមានជាតិក្លច្រើនក៏ប្រើមិនកើតទៀត។ ដូច្នេះតម្រូវដើររកទីតាំងជិតៗតំបន់នោះ ដើម្បីរកប្រភពទឹកសម្រាប់ធ្វើអណ្តូងជូនប្រជាពលរដ្ឋ។ ការព្យាយាមតស៊ូរបស់ក្រុមការងារជីកមួយរណ្តៅទៅមួយរណ្តៅមិនអាសារបង់ទេ គឺយើងទទួលការជោគជ័យពិតមែន ជីករហូតបានប្រភពទឹកមួយដែលប្រជាជនអាចប្រើប្រាស់បាន។ អារម្មណ៍នឹងទឹកមុខរបស់ប្រជាជនគឺពោរពោញដោយភាពសប្បាយរីករាយរកពាក្យនិយាយសឹងតែមិនចេញ ដែលពីតំបន់មិនសូវមានទឹកប្រើគ្រប់គ្រាន់ ប្រែជាមានអណ្តូងមួយសម្រាប់ប្រើប្រាស់ទៅវិញ។
ការងារកាន់តែអស្ចារ្យ គឺការសាងសង់សាលារៀន និងស្ពាន។ បើនិយាយពីសាលារៀនអ្នករាល់គ្នាប្រហែលជ្រាបច្បាស់ហើយបើគ្មានសាលារៀនក្នុងតំបន់ទេ វាប្រៀបដូចជាតំបន់ដែលគ្មានការអភិវឌ្ឍហើយក្មេងៗគ្មានចំណេះដឹងដើម្បីអភិវឌ្ឍន៍ខ្លួន និងសង្គមបានឡើយ។ ការសាងសង់សាលានេះវាប្រៀបបាននឹងការធ្វើបុណ្យប្រាំពីរវត្តចឹង ដែលធ្វើឱ្យអនាគតក្មេងៗកែប្រែបាន។ ចំណែកការទិញអង្ករ ស្ករស អំបិល ប៊ីចេង ឆៃប៉ូវ ត្រីងៀត ទឹកស៊ីអ៊ីវ ទឹកត្រី សម្ភារៈទាំងនេះមើលទៅវាដូចជាតូចតាចណាស់មែនទេ ប៉ុន្តែសម្រាប់អ្នកដែលខ្វះខាតស្បៀង គឺវាជាមានសារៈសំខាន់ណាស់សម្រាប់ជាគ្រឿងបរិភោគសម្រាប់ដោះទ័លនៅពេលដែលខ្វះខាត។
ការរៀបរាប់ខាងផ្នែកមូលនិធិនេះ ខ្ញុំគ្រាន់តែជាអ្នកបញ្ជាទិញសម្ភារៈតែប៉ុណ្ណោះ ប៉ុន្តែបន្ទាប់ពីអានអត្ថបទរបស់អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ដែលជាសៀវភៅកម្រងរឿងខ្លី ធ្វើឱ្យខ្ញុំមានអារម្មណ៍ថាការងារដែលខ្ញុំធ្វើសព្វថ្ងៃពិតជាមានតម្លៃណាស់ដែលអាចចូលរួមបន្តិចបន្តួចដើម្បីសម្រាប់ដំណើរការរលូនទៅមុខ។