អត្ថបទព័ត៌មានស្តីពីការអប់រំ ក្រោមប្រធានបទ “តើទំនាស់ក្នុងគ្រួសារធ្វើឱ្យកុមារធំធាត់មានលក្ខណៈបែបណាខ្លះ?”
អត្ថបទដោយ : លុក វណ្ណារុណ
#MJQE #American Intercon school
ការចិញ្ចឹមបីបាច់ថែរក្សាកូនៗឱ្យមានការលូតលាស់ល្អ មាតាបិតាត្រូវយកចិត្តទុកដាក់លើចំណុចពីរ គឺ សុខភាពរាងកាយ និងផ្លូវចិត្តកុមារ។ គ្រួសារ ជាទីកន្លែងដែលកុមារមានសុវត្ថិភាពទីមួយដែលកុមារត្រូវការ។
តើកុមារដែលធំធាត់ក្នុងគ្រួសារ ដែលតែងតែមានទំនាស់ធ្វើឱ្យគាត់មានលក្ខណៈបែបណាខ្លះ?
១. ក្មេងដែលម្ចាស់ការលើខ្លួនឯង
ជាប្រភេទក្មេងដែលពូកែ ធ្វើអ្វីមួយល្អឥតខ្ចោះ ដូចជាក្មេងដែលរៀនពូកែឆ្លាត ចេះមើលថែខ្លួនឯង និងត្រូវការភាពជោគជ័យ ពួកគេមានអត្តចរិតផ្ទុយស្រឡះពីឪពុកម្ដាយក្រោមហេតុផលពីរយ៉ាង គឺមិនចង់ដូច ឪពុកម្ដាយនោះទេ ពួកគេយល់ឃើញថាសកម្មភាពនោះជាសកម្មភាព មិនល្អ ដោយក្មេងៗប្រភេទនេះជាក្មេងដែលឆាប់ចាស់ទុំមុនអាយុ។ ហេតុផលទីពីរ គឺពួកគេខិតខំធ្វើខ្លួនជាក្មេងល្អ ដើម្បីទាក់ទាញចំណាប់អារម្មណ៍ ភាពកក់ក្ដី និងការស្រឡាញ់ពីឪពុកម្ដាយ។
២. ក្មេងដែលបង្កបញ្ហា
ជាប្រភេទក្មេងដែលឆេវឆាវ និងពូកែប្រកែក ការបង្កបញ្ហាជាវិធីដែលពួកគេ អាចទទួលចំណាប់អារម្មណ៍បានច្រើន ហើយក្មេងប្រភេទនេះ ត្រូវបានឪពុកម្ដាយស្ដីបន្ទោសជារឿយៗដោយលើកឡើង ពិសេសពីមុខមាត់គ្រួសារ តែតាមពិតទៅពួកគេជាក្មេងដែលមានផ្លូវចិត្តទន់ខ្សោយណាស់។
៣. ក្មេងដែលអារម្មណ៍ហោះហើរ ឬមិននៅខ្លួន
ជាប្រភេទក្មេងដែលឧស្សាហ៍ភ្លឹកៗ ស្រមើស្រមៃច្រើនតាមរឿងកុន ឬសៀវភៅ ក្មេងប្រភេទនេះជាក្មេងដែលមិនសូវបង្កបញ្ហា ប៉ុន្តែគេមានបញ្ហាខាងទំនាក់ទំនងជាមួយសង្គមខាងក្រៅ ព្រោះពួកគេអៀនច្រើន និងចូលចិត្តនៅម្នាក់ឯង។
៤. ក្មេងដែលនិយាយលេងច្រើន
ជាប្រភេទក្មេងដែលយើងមើលទៅគួរឱ្យស្រឡាញ់ ហើយព្យាយាមការពារទំនាស់រវាងមនុស្សគ្រប់គ្នា គាត់ចូលចិត្តធ្វើឱ្យអ្នកជុំវិញសើចរីករាយតាមរយៈពាក្យសម្ដីកំប្លែង ការធ្វើបែបនេះ គឺជួយបន្លប់ខ្លួនពីបញ្ហារបស់គាត់។ ពួកគេអាចនឹងមានជំងឺបាក់ទឹកចិត្ត និងឆាប់ពិបាកចិត្ត ប៉ុន្តែគេមិនងាយឱ្យយើងដឹងឡើយ។
៥. ក្មេងដែលប្រើប្រាស់អំពើអបាយមុខដើម្បីរីករាយ
ជាប្រភេទក្មេងដែលផឹកគ្រឿងស្រវឹង ឬប្រើសារធាតុញៀន ដើម្បីគេចពីបញ្ហា។
ដកស្រង់ចេញពី៖ https://www.youtube.com/watch?v=sZH-1