អត្ថបទព័ត៌មានស្តីពីការអប់រំ ក្រោមប្រធានបទ “តួនាទីមាតាបិតា ឬអ្នកអាណាព្យាបាលក្នុងការជួយដល់ការសិក្សារបស់សិស្សានុសិស្សក្នុងបរិបទគន្លងថ្មី”
អត្ថបទដោយ : បុំាង លាងស៊ីម
#MJQE#AmericanInterconSchool
ការរីករាលដាលនៃជំងឺ Covid-19 បានធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់វិស័យសំខាន់ៗជាច្រើននៅលើពិភពលោក ជាពិសេសប្រទេសក្រីក្រ និងប្រទេសកំពុងអភិវឌ្ឍ។ ក្នុងនោះវិស័យអប់រំក៏បានកំពុងជួបប្រទះនូវបញ្ហានេះយ៉ាងធ្ងន់ធ្ងរផងដែរ។ សាលារៀនទាំងអស់ត្រូវបានបិទទ្វារ និងតម្រូវឱ្យសិស្សានុសិស្សបន្តការសិក្សារបស់ពួកគេ ដោយរៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក យោងទៅតាមសេចក្តីណែនាំរបស់ក្រសួងអប់រំ យុវជន និងកីឡា លេខ២៧ អយក. សណន។
ឆ្លើយតបទៅនឹងបរិបទ និងបម្រែប្រួលយ៉ាងឆាប់រហ័សនេះ និងដើម្បីធានាបាននូវនិរន្តភាពនៃការសិក្សារបស់សិស្សានុសិស្ស សាលារៀន អន្តរទ្វីប អាមេរិកាំង ក៏ដូចជាគ្រឹះស្ថានសាធារណៈរបស់រដ្ឋ និងឯកជនដទៃទៀតដែរ បានចេញនូវគោលការណ៍រៀនពីចម្ងាយ និងតាមប្រព័ន្ធអេឡិចត្រូនិក ដោយតម្រូវឱ្យសិស្សានុសិស្សទាំងអស់ត្រូវតែចេះប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាទំនើប តាមរយៈទូរសព្ទស្មាតហ្វូន កុំព្យូទ័រ និងប្រព័ន្ធអេឡិចត្រូនិកមួយចំនួនទៀតដែលគាំទ្រដល់ការរៀន និងបង្រៀនរបស់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្សទូទាំងប្រទេស។
ក្នុងបរិបទដ៏សែនពិបាកនេះត្រូវការការចូលរួមសហការពីមាតាបិតា ឬអ្នកអាណាព្យាបាលដោយខានមិនបាន។ ពួកគាត់ជាកត្តាលីករក្នុងការជំរុញការសិក្សារបស់កូនៗឱ្យទទួលបានជោគជ័យ៖
១. បង្កើតច្បាប់ទម្លាប់ ឬរៀបកាលវិភាគ៖ រៀបចំកាលវិភាគប្រចាំថ្ងៃ ព្រមទាំងកំណត់ពេលវេលាក្នុងការ ប្រើប្រាស់ឧបករណ៍បច្ចេកវិទ្យាឱ្យបានច្បាស់លាស់ និងបិតកាលវិភាគប្រចាំថ្ងៃជូនកូន។
២. រៀបចំបរិយាកាសការសិក្សាឱ្យបានសមស្រប៖ កន្លែងសិក្សារបស់បុត្រធីតារបស់លោកអ្នកត្រូវតែមានផាសុកភាព បរិយាកាសល្អ គ្មានសម្លេងរំខាន និងអំណាយផលដល់ការរៀនសូត្រ។
៣. រក្សាទំនាក់ទំនងល្អជាមួយកូន៖ អ្នកអាណាព្យាបាលត្រូវមានទំនាក់ទំនងល្អ ឆ្វេងយល់ពីចិត្តគំនិតរបស់កូនគ្រប់ពេលវេលា។
៤. សង្កេត និងតាមដានជាប្រចាំ៖ សិស្សានុសិស្សត្រូវការការយកចិត្តទុកដាក់ ការសង្កេតរាល់សកម្មភាព រំលឹកឡើងវិញនូវរាល់ការងារទាំងឡាយដែលលោកគ្រូ អ្នកគ្រូបានដាក់ជូន ជាពិសេសលើកិច្ចការផ្ទះ ការកត់មេរៀន ការចូលរៀន និងរាល់សកម្មភាពទាំងឡាយដែលទាក់ទងនឹងកូន។ អ្នកអាណាព្យាបាលត្រូវទំនាក់ទំនងជាមួយគ្រូបន្ទុកថ្នាក់ជាប្រចាំនៅពេលមានបញ្ហាអសកម្មរបស់កូនត្រង់ចំណុចណាមួយ។
៥. បង្កើតពេលវេលា៖ ខណៈនេះអ្នកអាណាព្យាបាលមិនត្រូវពឹងលើការបង្រៀនរបស់លោកគ្រូ អ្នកគ្រូទាំងស្រុងនោះទេ ព្រោះបរិបទនេះលោកគ្រូ អ្នកគ្រូ និងសិស្សនៅឆ្ងាយពីគ្នា។ លោកគ្រូ អ្នកគ្រូបង្រៀនសិស្សតាមប្រព័ន្ធបច្ចេកវិទ្យា (ពីចម្ងាយ)។ អ្នកអាណាព្យាបាលត្រូវចំណាយពេលវេលាបង្ហាត់បង្រៀនកូនបន្ថែមនូវចំណុចណាដែលកូនមិនយល់ មិនច្បាស់ ពោលជាអ្នកផ្តល់កម្លាំងចិត្តឱ្យកូនគ្រប់ពេលវេលា និងដើម្បីបង្កើតភាពស្និទ្ធស្នាលរវាងកូន និងម្តាយឪពុក។
៦. បង្កើតកម្មវិធីកម្សាន្ត៖ ការរៀនតាមប្រព័ន្ធអេឡិចត្រូនិក និងពីចម្ងាយពិតជាធ្វើឱ្យសិស្សានុសិស្សមានបញ្ហាផ្លូវចិត្ត មានភាពនឿយណាយ ហត់អស់កម្លាំង ការផ្តល់កម្លាំងចិត្ត បើពុំមានការសម្រាកកម្សាន្តពីអ្នកអាណាព្យាបាល ហើយក៏ជាវិធីបញ្ចៀសសិស្សក្នុងការប្រើប្រាស់បច្ចេកវិទ្យាលើសកំណត់។ អ្នកអាណាព្យាបាលអាចនាំកូនទៅលេងកីឡា ហាត់ប្រាណ ឬសកម្មភាពកម្សាន្តនានា។
៧. ការគ្រប់គ្រងផ្លូវអារម្មណ៍៖ ក្នុងស្ថានភាពដ៏សែនពិបាកនេះ មានមនុស្សជាច្រើនបាននិងកំពុងរងផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរទៅលើផ្លូវអារម្មណ៍ និងផ្លូវកាយ។ ហេតុនេះអ្នកអាណាព្យាបាលត្រូវតែយល់ពីស្ថានភាពនេះឱ្យបានច្បាស់លាស់ ទោះក្នុងកាលៈទេសៈណាក៏ដោយ ក៏អ្នកអាណាព្យាបាលត្រូវតែចេះអត់ធ្មត់ ស៊ូទ្រាំ និងមិនត្រូវបង្ហាញអារម្មណ៍ទាំងនោះឱ្យកូនបានដឹងឡើយ។
៨. ការរំពឹងទុក៖ អ្នកអាណាព្យាបាលមិនត្រូវរំពឹងទុកខ្ពស់ទៅលើការសិក្សា និងរីកលូតលាស់នៃបញ្ញាស្មារតីរបស់កូនៗដូចការគិតទុកមុនឡើយ។ ស្ថានភាពនេះសិស្សានុសិស្សជុំវិញពិភពលោកកំពុងរងឥទ្ធិពលយ៉ាងខ្លាំងទៅលើជំងឺ Covid-19 ដែលទាមទារចាំបាច់ពីមាតាបិតា និងអ្នកនៅជុំវិញក្នុងការជួយបណ្តុះបណ្តាល អប់រំ និងជំរុញបន្ថែម។
សរុបមកវិញ ទោះក្នុងស្ថានភាពណាក៏ដោយកុមារទាំងអស់នៅកម្ពុជា និងនៅលើពិភពលោកត្រូវតែទទួល បាននូវការបណ្តុះបណ្តាលប្រកបដោយចីរភាព ទោះតាមប្រព័ន្ធបច្ចេកវិទ្យា ប្រព័ន្ធបែបប្រពៃណី ឬវិធីសាស្រ្តណាក៏បាន ដើម្បីភាពរីកលូតលាស់នៃកាយសម្បទា សីលសម្បទា និងបញ្ញាស្មារតីជាដើម។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https: // www.aispt.edu.kh