អត្ថបទព័ត៌មានស្តីពីការអប់រំ ក្រោមប្រធានបទ “តើអ្នកគួរធ្វើអ្វីខ្លះដើម្បីលើកទឹកចិត្តខ្លួនឯង?”
អត្ថបទដោយ : អ៊ិន ចាន់ដេត
#MJQE#AmericanInterconSchool
ជីវិតនរណាម្នាក់នៅលើលោកនេះ ក៍មានបញ្ហាដែរ ដោយគ្មាននរណាម្នាក់អាចចៀសផុតឡើយ លុះត្រាណាតែបុគ្គលម្នាក់នោះលែងមានជីវិតជារស់នៅលើលោកនេះទៀត។ ប៉ុន្តែហេតុអ្វីបានជាមនុស្សមួយចំនួនដែលគេមានបញ្ហាច្រើនដូចគ្នានឹងយើងដែរ មើលទៅជីវិតគេមិនសូវត្រដាបត្រដួស យ៉ាប់យ៉ឺនដូចជីវិតយើង? ចម្លើយសម្រាប់សំណួរនេះមានច្រើន ហើយមនុស្សម្នាក់ៗអាចខុសៗគ្នា ប៉ុន្តែចម្លើយមួយក្នុងចម្លើយដ៍ច្រើននោះ គឺមកពីគេចេះលើកទឹកចិត្តខ្លួនឯងក្នុងគ្រាដ៍លំបាក។ ខាងក្រោមនេះគឺជាគឺជាចំណុច ឬជាគន្លឹះសំខាន់ៗមួយចំនួនដែលអ្នកទាំងអស់គ្នាគួរធ្វើនៅពេលដែលអ្នកចង់លើកទឹកចិត្តខ្លួនឯងឱ្យឆ្លងផុតពីពេលវេលាដ៍តឹងតែង លំបាក ស្មុគស្មាញនោះ។
១. រឿងដំបូងគេដែលអ្នកគួរធ្វើនោះគឺ ការមើលឃើញចំនុចវិជ្ជមានរបស់ខ្លួនឯង! នៅត្រង់ចំនុចនេះ ខ្ញុំចង់មានន័យថា មនុស្សម្នាក់ៗមានចំនុចល្អ ឬចំនុចខ្លាំងរៀងៗខ្លួន។ នៅពេលដែលយើងចង់លើកទឹកចិត្តខ្លួនឯងនោះ យើងគួរប្រាប់ខ្លួនឯងថា យើងមិនមែនជាមនុស្សដែលធ្វើអ្វីមិនកើតនោះទេ គេអាចពូកែរឿងមួយ តែយើងក៍ពូកែរឿងមួយដែរ។ នៅពេលដែលយើងព្យាយាមមើលចំណុចវិជ្ជមានរបស់ខ្លួនឯង មានន័យថា យើងមានចំណុចខ្លាំងដែលយើងអាចធ្វើរឿងអ្វីមួយឱ្យសម្រេចបានដែរ។
២. ចំណុចមួយទៀតដែលអ្នកគួរតែធ្វើនោះគឺ ដាស់តឿនខ្លួនឯងជាប់ជានិច្ចថាបញ្ហាជាផ្នែកមួយនៃជីវិត! ដូចបានរៀបរាប់មកខាងលើអញ្ចឹងថា នរណាម្នាក់ក៍មានបញ្ហាដែរ វាដូចជាស្រមោលដែលនៅជាមួយខ្លួនប្រាណរបស់យើងជានិច្ច ដើម្បីឱ្យយើងដោះស្រាយ។ ដូចនេះ នៅពេលដែលជួបបញ្ហាម្តងៗ ចូរកុំខ្លាច កុំចុះញ៉ម ត្រូវហ៊ានប្រឈមដោយភាពម៉ឺងម៉ាត់ កុំរត់គេចពីស្រមោលរបស់ខ្លួនឯង។
៣. ចំណុចចបន្ទាប់នោះគឺ រៀនពីជីវិតអ្នកដ៍ទៃដែលយើងឱ្យជាគំរូ (រៀនពីជីវិតអាយដលរបស់យើង)! ត្រង់ចំនុចនេះ យើងអាចមើលពីចំណុចចាប់ផ្តើមរបស់គាត់ មុនពេលដែលគាត់ជោគជ័យនៅពេលនេះ ថាគាត់ (អាយដលរបស់អ្នក) នោះ មានជីវិតជួបបញ្ហាយ៉ាងណាខ្លះមុនពេលគាត់បានដូចសព្វថ្ងៃនេះ។ ឧទាហរណ៍ជាក់ស្តែងពីកីឡាករបាល់ទាត់ដ៍ល្បីល្បាញក្នុងពិភពលោក គ្រីស្ទីណូ រូណាល់ដូ (Cristiano Ronaldo) ដែលខ្សែរជីវិតរបស់គាត់ជួបបញ្ហាតាំងពីគាត់នៅជាកុមារ។ ក្រៅពីគាត់មានជីវភាពដ៍លំបាក គាត់នៅមានបញ្ហាគ្រួសារ ដែលឪពុករបស់គាត់ជាមនុស្សញៀនស្រា បាត់បង់ការងារ ហើយទីបំផុតក៍បាត់បង់ជីវិត។ ក្នុងខ្សែរជីវិតដ៍លំបាក គ្រីស្ទីណូ រូណាល់ដូ (Cristiano Ronaldo) នៅតែតស៊ូ ជម្នះរាល់ការលំបាករហូតទទួលបានជោគជ័យក្នុងជីវិត។ ក្នុងន័យនេះ យើងអាចប្រាប់ខ្លួនឯងថា គេលំបាក គេអាចឆ្លងបាន រឿងអីយើងឆ្លងមិនបាននោះ។
៤. រៀនលើកទឹកចិត្តខ្លួនឯងពីពាក្យស្លោក ឬសុភាសិត! មិនថាពាក្យស្លោក ឬសុភាសិត ឬជាពាក្យរបស់នរណាម្នាក់នោះទេ ហើយក៍មិនថាពាក្យនោះវែង ឬខ្លីដែរ នៅពេលដែលអ្នកចង់លើកទឹកចិត្តខ្លួនឯង អ្នកអាចទន្ទិញពាក្យនោះដូចជាទន្ទេញធម៌គាថាដើម្បីកំចាត់ខ្មោចបិសាចអញ្ចឹង។ ពាក្យទាំងនោះហាក់ដូចជាកម្លាំងថាមពលដែលអាចឱ្យយើងបន្តទៅមុខបានបន្តទៀត។ ឧទាហរណ៍ពាក្យថា “ខ្ញុំដឹងថាខ្ញុំដើរយឺត តែខ្ញុំដើរមិនឈប់” ឬពាក្យ “ បើព្យាយាមអាចបាន អាចអត់”។ យើងអាចប្រាប់ខ្លួនឯងថា បើយើងមិនធ្វើអ្វីសោះ នោះលទ្ធផលស្មើសូន្យ តែបើយើងព្យាយាម នោះយើងមានឱកាសទទួលបានជោគជ័យ។
៥. អានសៀវភៅឱ្យបានច្រើន! អានសៀវភៅឱ្យបានច្រើនវាជាការល្អ ជាពិសេសសៀវភៅលើកទឹកចិត្ត។ ពេលអានសៀវភៅ យើងនឹងទទួលបានចំណេះដឹងថ្មីៗ ដែលអាចជាគន្លឹះក្នុងការដោះស្រាយបញ្ហាបាន។ នៅពេលដែលយើងអាន ហើយយើងយកមកគិត នោះបញ្ហាដែលយើងធ្លាប់គិតថា វាធំ ពេលនេះវាអាចមិនមែនធំដូចដែលយើងធ្លាប់គិត វាជាបញ្ហាតូចតាចទេ ហើយបញ្ហាដែលយើងធ្លាប់គិតថាគ្មានដំណោះស្រាយនោះ វាអាចលេចចេញដំណោះស្រាយបានតាមបទពិសោធន៍ដែលគេធ្លាប់ឆ្លងកាត់។
រាល់ចំណុចដែលបានលើកឡើងខាងលើនេះ វានឹងមានប្រសិទ្ធភាព លុះណាយើងអនុវត្តវាជាប្រចាំ។ ឧទាហរណ៍ ពេលដែលយើងមុជទឹកជម្រះកាយហើយនោះមិនមែនយើងមានក្លិនក្រហូប ឬគ្មានញើសរហូតឯណា។ ពេលយើងបែកញើស ឬស្អុះស្អាប់ យើងត្រូវមុជទឹកម្តងទៀត។ ដូចគ្នានេះដែរ យើងគួរត្រូវអនុវត្តចំណុចដែលរៀបរាប់ខាងលើជាប្រចាំ ដើម្បីឱ្យយើងអាចលើកទឹកចិត្តខ្លួនឯងជាប្រចាំ និងជម្នះរាល់បញ្ហាប្រចាំជីវិត៕
អត្ថបទដកស្រង់ពីគេហទំព័រ៖
– https://www.lifehack.org/articles/featured/8-steps-to-continuous-self-motivation.html
– https://www.skillsyouneed.com/ps/self-motivation.html
– https://www.youtube.com/watch?v=578JY9HehRI