អត្ថបទព័ត៌មានស្តីពីដំណើរកម្សាន្ត ក្រោមប្រធានបទ “ភ្នំថ្ម ណាមលៀរ កន្លែងផ្សងព្រេងដ៏រំជើបរំជួល”
អត្ថបទដោយ : ជា ចាន់ស្រីរ័ត្ន
#MJQE#AmericanInterconSchool
ខេត្តមណ្ឌលគិរី មានកន្លែងទេសចរណ៍បែបធម្មជាតិជាច្រើនដែលក្នុងនោះផងដែរ ភ្នំណាមលៀរ គឺជាទីតាំងដ៏គួរឱ្យចាប់អារម្មណ៍មួយនៅស្រុកពេជ្រដា ស្ថិតនៅជាយដែនភាគឦសាន នៃប្រទេសកម្ពុជា ដែល មានចម្ងាយប្រមាណ៤៨គីឡូម៉ែត្រ ពីក្រុងសែនមនោរម្យ និងត្រឹមតែ៤គីឡូម៉ែត្រ ពីព្រំដែនកម្ពុជា-វៀតណាម គ្របដណ្ដប់លើផ្ទៃដី៨ហិចតា។ ភ្នំណាមលៀរ មិនត្រឹមតែជាតំបន់ទេសចរណ៍ធម្មជាតិប៉ុណ្ណោះទេប៉ុន្តែថែមទាំងជាទីតាំងប្រវត្តិសាស្រ្ដនៃជនជាតិដើមព្នងផងដែរ។
ដើម្បីធ្វើដំណើរទៅដល់ភ្នំណាមលៀរ អ្នកដំណើរត្រូវចេញពីផ្លូវបំបែករមណីយដ្ឋានទឹកជ្រោះប៊ូស្រា រួចឆ្លងកាត់ចម្ការកៅស៊ូដ៏ធំឆ្ងាយដាច់កន្ទុយភ្នែក លោកអ្នកនឹងអាចមើលឃើញភ្នំថ្មត្រងោលធំមួយ។ ពេលធ្វើដំណើរផុតចម្ការកៅស៊ូ មានផ្លូវតូចមួយខ្សែឆ្ពោះទៅកាន់កំពូលភ្នំ។ វាស័ក្ដិសមសម្រាប់អ្នកជិះម៉ូតូរ ឬគោយន្តជាងការបើករថយន្ដ ពីព្រោះផ្លូវប៉ុននឹងផ្លូវរទេះ និងមានចំណុចពិបាកៗជាច្រើន។ ភាពរំជើបរំជួលចាប់ផ្ដើមឡើងនៅពេលឈានជើងជាន់ភ្នំថ្មដ៏ចោត រួចបោះជំហានមួយៗដោយសម្លឹងទៅមុខមិនហ៊ានចោលកន្ទុយភ្នែកទៅខាងក្រោមដែលអាចធ្វើឱ្យលោកអ្នកញ័រជើង។ ពេលឡើងដល់កំពូលភ្នំ អ្នកទេសចរនឹងប្លែកអារម្មណ៍កាន់តែខ្លាំងជាមួយបរិយាកាសដ៏ស្រឡះល្អ ខ្យល់ជំនោរបក់បោកយ៉ាងត្រជាក់និងអាចគយគន់ទេសភាពព្រៃប្រឹក្សាយ៉ាងខៀវស្រងាត់បានយ៉ាងច្បាស់។ ទិដ្ឋភាពទាំងអស់នេះធ្វើឱ្យភ្នំណាមលៀរ ក្លាយជាទីតាំងទេសចរណ៍ដ៏ទាក់ទាញមួយក្នុងចំណោមតំបន់ភ្នំដទៃទៀត។ នៅលើកំពូលភ្នំថ្មនេះ លោកអ្នកនឹងបានឃើញឈ្មោះជាច្រើនដែលសរសេរដោយអ្នកដែលបានទៅដល់ដើម្បីទុកជាអនុស្សាវរីយ៍ និងដុំថ្មដែលបានរើសពីក្រោមយកទៅបន្តុបលើគ្នាជាច្រើនទៀត។ ការគយគន់ទស្សនីយភាពពីកំពូលភ្នំ ការចារឈ្មោះទុកជាអនុស្សាវរីយ៍ និងការថតរូបកម្សាន្ដទាំងនៅលើតួភ្នំ ព្រៃព្រឹក្សា ឬសែលហ្វីគឺជាសកម្មភាពដ៏ពេញនិយមរបស់ក្រុមយុវវ័យ។ នៅមានសកម្មភាពគួរឱ្យចាប់អារម្មណ៍ផ្សេងៗទៀត ដូចជា ការបន់ស្រន់របស់ជនជាតិដើមព្នងតាមអបិយជំនឿរបស់ពួកគេ និងការទស្សនាជំរំដើមផ្កាអង្គាសីលផងដែរ។
សរុបមកការធ្វើដំណើរកម្សាន្ដឡើងភ្នំថ្មដ៏ចោតផុសកណ្ដាលព្រឹក្សាប្រភេទនេះស័ក្ដិសមសម្រាប់អ្នកចូលចិត្តផ្សងព្រេង ពុះពារជម្នះការនឿយហត់ ជាពិសេសអ្នកមិនខ្លាចខ្ពស់ តែយ៉ាងណាមិញអ្នកដំណើរគួរតែពាក់ស្បែកជើងប៉ាតា ឬស្បែកជើងក្រឡាក្រាស់ក្នុងការជាន់ឡើងជាជាងការពាក់ស្បែកជើងស៊ក ឬផ្ទាត់ដែលអាចរអិលញើសសើមៗ និងមិនគួរឡើងពេលមានភ្លៀងធ្លាក់ ព្រោះវាមានសភាពរអិលខ្លាំងដែលអាចបង្កឱ្យមានគ្រោះថ្នាក់។ ដើម្បីសុវត្ថិភាព និងមិនចំណាយពេលឥតប្រយោជន៍ អ្នកទេសចរថ្មីថ្មោងគួរតែរកម្ចាស់ស្រុកណាម្នាក់ឱ្យជួយណែនាំ៕
អត្ថបទដកស្រង់ចេញពី៖ https://bit.ly/3eMdttg