អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា និងការច្នៃឌិត ក្រោមប្រធានបទ “ហេតុអ្វីគេត្រូវធ្វើរ៉ុកកែតអវកាសជាកំណាត់ៗ?”
អត្ថបទដោយ : ហ៊ិន គឹមហៀក
#MJQE#AmericanInterconSchool
បច្ចេកវិទ្យារ៉ុកកែតមានមូលដ្ឋានគ្រឹះចេញពីទ្រឹស្តីទី៣ នៃច្បាប់កម្លាំងអន្តរកម្មរបស់ លោក អ៊ីសាក់ ញូតុន (Isaac Newton) ដែលចែងថា “គ្រប់កម្លាំងសកម្មទាំងអស់សុទ្ឋតែមានកម្លាំងប្រតិកម្មដែលមានអាំង តង់ស៊ីតេដូចគ្នា និងមានទិសដៅផ្ទុយគ្នា”។
រ៉ុកកែតអាចមានកម្លាំងហោះចេញពីដី យកឈ្នះកម្លាំងទំនាញផែនដី ហើយអាចហោះចេញទៅដល់ទីអវកាសបាន គឺដោយសារតែមានកម្លាំងដំណោលមួយ ដែលជាកម្លាំងប្រតិកម្មបញ្ច្រាសពីកម្លាំងនៃលំហូររបស់ហ្កាសដែលបញ្ចេញពីផ្នែកខាងក្រោយនៃតួរ៉ុកកែត។ លំហូរហ្កាសនេះ គឺកើតចេញពីយន្តការចំហេះនៅក្នុងម៉ាស៊ីនរ៉ុកកែត ហើយដើម្បីអាចមានចំហេះ គេត្រូវការនូវធាតុផ្សំចាំបាច់ធំៗចំនួនពីរ គឺឥន្ធនៈ និងអុកស៊ីសែន។
ជាទូទៅ យន្តការចំហេះក្នុងម៉ាស៊ីនដែលនៅលើភពផែនដី ទោះជានៅលើដីគោក ឬនៅលើអាកាស ដូចជាយន្តហោះជាដើម គេត្រូវការតែឥន្ធនៈតែប៉ុណ្ណោះ ដោយសារតែអុកស៊ីសែន គឺមានស្រាប់នៅក្នុងខ្យល់។ ក៏ប៉ុន្តែ ចំពោះរ៉ុកកែតអវកាសវិញ គឺត្រូវហោះចេញផុតពីស្រទាប់បរិយាកាសផែនដីទៅក្នុងទីអវកាស ហើយនៅក្នុងទីអវកាសនោះគ្មានទេអុកស៊ីសែន។
ដូច្នេះ ដើម្បីឱ្យម៉ាស៊ីនរ៉ុកកែតអាចមានដំណើរការទៅបាន គេចាំបាច់ត្រូវដឹកអុកស៊ីសែនយកទៅជាមួយ។ មានន័យថា នៅក្នុងតួរ៉ុកកែត គឺត្រូវមានធុងផ្ទុកឥន្ធនៈផង និងធុងមួយទៀតផ្ទុកអុកស៊ីសែន ដែលជាហេតុធ្វើឱ្យតួរ៉ុកកែតត្រូវមានទំហំធំ និងទម្ងន់ធ្ងន់។
ចំណុចសំខាន់មួយដែលគេត្រូវកត់សម្គាល់ គឺនៅត្រង់ថានៅពេលបាញ់ចេញពីដីទៅក្នុងទីអវកាស កម្លាំងរបស់រ៉ុកកែតមិនមែនត្រូវរ៉ាប់រងតែទម្ងន់ Payload ដែលនៅខាងចុងនោះទេ ក៏ប៉ុន្តែ ក៏ត្រូវរ៉ាប់រងផងដែរនូវទម្ងន់នៃតួរ៉ុកកែតខ្លួនឯងផ្ទាល់។ ដូច្នេះកម្លាំងរបស់រ៉ុកកែតភាគច្រើនលើសលុប ត្រូវប្រើដើម្បីយោងតែអាត្មាខ្លួនឯងតែប៉ុណ្ណោះ ដោយមិនអាចផ្ទុក Payload អ្វីបានច្រើន ហើយក៏មិនអាចធ្វើដំណើរទៅក្នុងទីអវកាសបានឆ្ងាយនោះដែរ។
ដើម្បីដោះស្រាយបញ្ហានេះហើយ ទើបគេធ្វើរ៉ុកកែតជាកំណាត់ៗដាច់ពីគ្នា។ ជាជាងត្រូវសណ្តោងតួរ៉ុកកែតដែលឥតប្រយោជន៍ ហើយត្រូវរ៉ាប់រងទម្ងន់នៃរ៉ុកកែតទាំងមូលជាប់រហូតការផលិតរ៉ុកកែតជាកំណាត់ៗ អាចឱ្យគេទម្លាក់ចោលនូវផ្នែកនៃរ៉ុកកែត ដែលគេលែងត្រូវការ ហើយអាចសម្រាលទម្ងន់នៃផ្នែករ៉ុកកែតដែលនៅសេសសល់។
ដកស្រង់ចេញពីគេហទំព័រ៖
– https://www.rfi.fr/km
– https://km.wikipedia.org/wiki