អត្ថបទព័ត៌មានស្តីពីបច្ចេកវិទ្យា ក្រោមប្រធានបទ “ឥទ្ធិពល៣យ៉ាងដែលបច្ចេកវិទ្យាទំនើបធ្វើឱ្យមនុស្សកាន់តែល្ងង់ជាងមុន”
អត្ថបទដកស្រង់ដោយ : គុណ ភ័ក្ត្រា
#MJQE#AmericanInterconSchool
បច្ចេកវិទ្យាពុំបានបំផ្លាញមនុស្សនោះទេ គឺមនុស្សខ្លួនឯងនេះហើយជាអ្នកបំផ្លាញខ្លួនឯង។ អ្វីៗស្ថិតនៅលើខ្លួនឯងថា តើអ្នកប្រើប្រាស់វាដោយរបៀបណាតែប៉ុណ្ណោះ អ្នកគ្រប់គ្រងទៅលើវា ឬឱ្យវាជាអ្នកគ្រប់គ្រងមកលើអ្នកយ៉ាងនេះឯង។ នៅពេលមនុស្សបានឱ្យវាគ្រប់គ្រងមកលើខ្លួនឯង នោះពួកគេនឹងទទួលរងនូវឥទ្ធិពលដូចនឹង៣ចំណុចខាងក្រោមនេះ៖
១. ការរំខានមិនដាច់ :
សាស្ត្រាចារ្យផ្នែកចិត្តសាស្ត្រ លោក Glenn Wilson បានលើកឡើងថា អ្នកបានបាត់បង់១០ភាគរយនៃប្រសិទ្ធភាពដែលមាននៅក្នុងកម្រិតភាពឈ្លាសវៃ ឬ IQ របស់អ្នក ដោយគ្រាន់តែទទួលការរំខានពីសារតែមួយប៉ុណ្ណោះ ស្របពេលដែលអ្នកកំពុងព្យាយាមបញ្ចប់កិច្ចការរបស់អ្នក។ ចុះអំឡុងពេលនៃការផ្ចង់ស្មារតីទៅលើការបំពេញការងារ តើអ្នកទទួលការរំខានប៉ុន្មានដងពីសារក្នុងទូរស័ព្ទរបស់អ្នក? ហើយតើខួរក្បាលរបស់អ្នកត្រូវបាត់បង់ថាមពលប៉ុណ្ណាពីការរំខានទាំងនោះ? ម្យ៉ាងទៀតវាក៏មានជាប់ពាក់ព័ន្ធនឹងការធ្វើកិច្ចការជាច្រើនក្នុងពេលតែមួយដែរ ដែលផលប៉ះពាល់វាអាចមានធ្ងន់ធ្ងរចំពោះផ្លូវចិត្ត និងសុខភាពរបស់អ្នកក្នុងរយៈពេលវែងទៀតផង។
២. ចំណេះដឹងដែលប្រែក្លាយជាឥតន័យ :
អ្វីដែលអ្នកចង់ដឹង គ្រប់យ៉ាងបើកបង្ហាញឱ្យអ្នកដោយត្រឹមចូលស្វែងរកតាម Google តែប៉ុណ្ណោះ។ ព័ត៌មានផ្ដល់ឱ្យយ៉ាងច្រើនពោរពាស អ្នកបានអានច្រើន មើលច្រើន ស្ដាប់ច្រើន ប៉ុន្តែពេលខ្លះអ្នកមិនដឹងខ្លួនទេថាអ្វីដែលអ្នកចេះពិតប្រាកដ និងបានស៊ីជម្រៅ។
៣. ញៀននឹងការធ្វើខ្លួនឱ្យមានឥទ្ធិពល :
នេះហើយ គឺជារបៀបដ៏ពេញនិយមមួយដែលមនុស្សសម័យទំនើបនេះប្រើប្រាស់បច្ចេកវិទ្យា ដែលសំដៅទៅលើបណ្ដាញសង្គមនេះឯង។ ឥទ្ធិពលនេះចង់សំដៅទៅលើឥទ្ធិពលអវិជ្ជមាន និងឥតប្រយោជន៍ដោយបង្ហោះរូបភាពទាក់ទាញចំណាប់អារម្មណ៍មហាជន ជួនកាលបង្ហាញជាសាធារណៈថាពួកគេប្រកាន់យកគំនិតបែបនេះ ឬបែបនោះដែលប្រៀបដូចជាបានឱ្យអ្នកដទៃយល់មកលើពួកគេថាជាមនុស្សមិនបើកចំហទទួលយកភាពខុសគ្នាដូច្នោះ៕