អត្ថបទព័ត៌មានស្តីពីព្រឹត្តិការណ៍ ក្រោមប្រធានបទ “ពិធីបំបួសនាគ”
អត្ថបទដោយ : ហ៊ិន ស្រីពៅ
#MJQE#AmericanInterconSchool
ពិធីបំបួសនាគ គឺជាពិធីឆ្លងវ័យមួយសម្រាប់មនុស្សប្រុស។ ក្មេងប្រុសដែលចូលក្នុងវ័យកំលោះត្រូវទៅបួស ហើយក្មេងស្រីដែលពេញក្រមុំត្រូវចូលម្លប់។ បើតាមការអធិប្បាយ និងពន្យល់នៅក្នុងសៀវភៅដំណើរជីវិតមនុស្សខ្មែរ បានរៀបរាប់ថា មកទល់នឹងមុនពេលពេញវ័យ ពិធីផ្សេងៗហាក់មិនបានចាត់ទុកថាក្មេងមានភេទច្បាស់ឡើយ។ នៅពេលកោរសក់បង្កក់ឆ្មបទារកប្រុស ឬស្រីឆ្លងពិធីតែមួយដូចគ្នា។ ពេលកោរជុកពិធីមិនត្រឹមតែមិនខុសគ្នាទេ គឺអាចធ្វើរួមគ្នាទាំងប្រុសស្រីបានទៀត ប៉ុន្តែនៅពេលពេញវ័យនេះ យើងឃើញថា សង្គមបានញែកដាច់ពីគ្នារវាងភេទប្រុស និងភេទស្រី។ អំណឹះតទៅប្រុស និងស្រីនៅក្នុងវិស័យរៀងៗខ្លួនដែលសង្គមបានកំណត់មក។
អ្នកដែលបានបួសរៀនយូរ ឧទាហរណ៍ពី៥វស្សាឡើងទៅ ពលរដ្ឋខ្មែរតែងឱ្យតម្លៃដ្បិតពួកគាត់យល់ថា អ្នកនោះចេះដឹងច្រើន។ ដូច្នេះហើយបានជាអ្នកស្រុកតែងហៅបុគ្គលដែលបានបួសនោះថា “អន្ទិត” (និយាយក្លាយមកពីពាក្យថាបណ្ឌិត)។
សូមបញ្ជាក់ផងដែរថា ”ការបួស” ដែលនិយាយនៅក្នុងអត្ថបទនេះពុំសំដៅទៅលើការសាងផ្នួសដែលមនុស្សមាន វ័យចំណាស់យល់ថាខ្លួនលែងជំពាក់ជំពិនអ្វីនឹងជីវិតគ្រួសារតទៅទៀតហើយ ដោយសារកូនបែកផ្ទះសម្បែងមានគ្រួសារគ្រប់ៗគ្នា ឬមួយសាងផ្នួសដោយលុះក្នុងព្រះពុទ្ធសាសនានោះទេ។
ក. ភាពជានាគ៖
ក្រុមគ្រួសារនាំគ្នាសម្អិតសម្អាងកាយ ដោយដំបូងគេច្រើននិយមលាបរមៀតលើរាងកាយដើម្បីឱ្យមានពណ៌សម្បុរល្អ។ ការតុបតែងឱ្យទៅជានាគនេះហាក់ដូចជាកែភេទធ្វើឱ្យក្មេងប្រុសនោះឱ្យក្លាយជាស្រីដោយសារសម្លៀកបំពាក់ គ្រឿងអលង្ការ ពិសេសគ្រឿងលាបមុខ។ លុះចប់សព្វគ្រប់គេរៀបចំដង្ហែនាគទៅកាន់វត្តអារាម ដោយក្រុមគ្រួសារញាតិមិត្តខ្លះទូលត្រៃ ខ្លះស្ពាយបាត្រ ខ្លះបាំងក្លស់ បាំងឆត្រ ហើយក្នុងឱកាសនោះតាមតំបន់ខ្លះនាគជិះសេះ ជិះដំរី ហើយបើតំបន់នោះខ្សត់ខ្លាំងក៏ត្រូវរកកង់ដើម្បីឱ្យនាគអង្គុយលើមានអ្នកបណ្តើរដែរ។ ជាប្រពៃណីក្បួននេះហែទៅតាមភូមិ ឬទៅកាន់ទីប្រជុំដើម្បីលាញាតិមិត្តជាចុងក្រោយផង និងផ្សព្វផ្សាយជាដំណឹងដល់អ្នកស្រុកអ្នកភូមិអំពីពិធីបំបួសនេះផង ដោយមានភ្លេងពិណពាទ្យ ឆៃយ៉ាំជាដើម។ បន្ទាប់មកដង្ហែនាគទៅវត្ត ហើយប្រទក្សិណជុំវិញព្រះវិហារចំនួនបីជុំ។ បើនៅតំបន់អង្គរវិញ មុនហែទៅវត្តដែលត្រូវបួស ត្រូវមកជួបជុំគ្នាហែប្រទក្សិណអង្គរវត្តបីជុំសិន។
ខ. កិច្ចនៅវត្ត៖
ក្នុងយប់ដំបូងលោកអាចារ្យរៀបចំពិធី ”ហៅព្រលឹងនាគ”។ លោកអាចារ្យតែងមានក្បួននៅក្នុងក្រាំងរបស់ខ្លួនយកមកបើកសូត្រធ្វើបទផ្សេងៗ។ នាគទាំងអស់នៅអង្គុយស្តាប់យ៉ាងស្រគត់ស្រគំដោយមាន “អំបោះក្លុក” នៅត្រចៀកផង បន្ទាប់មកបង្វិលពពិលជុំវិញនាគទាំងអស់។ នៅតាមតំបន់ដែលគោរពប្រពៃណីខ្លាំងតម្រូវឱ្យនាគម្នាក់ៗត្រូវដេកនៅលើអង្កររាបរៀងៗខ្លួន មានន័យថា លោកអាចារ្យត្រូវរៀបចំអង្កររាបដោយចំណាយពេលយ៉ាងយូរនៅក្នុងកិច្ចនេះសិន។ ក្នុងករណីនេះព្រឹកឡើងនាគម្នាក់ៗតែងរាវអង្កររាបដែលខ្លួនបានដេកលើពីយប់ដើម្បីឱ្យលោកអាចារ្យទាយប្រមើលអនាគតនៃនាគម្នាក់ៗតាមវត្ថុដែលរាវបាន។ លុះព្រឹកព្រលឹម លោកអាចារ្យរៀបចំពិធីធ្វើធ្មេញ (ខ្លឹមសារលម្អិតបានរៀបរាប់ក្នុងពិធីកោរជុក)។ មានកិច្ចផ្សេងៗទៀតដែលភ្ជាប់នឹងការធ្វើធ្មេញនេះដែរ ដូចជាការដាប់មាត់តម្រឹមម្រាមជើងជាដើម។
គ. ភាពជាបព្វជិត៖
ពិធីនេះសំខាន់បំផុតចុងក្រោយ គឺកិច្ចបំបួសដែលអាចធ្វើនៅរសៀលថ្ងៃដដែលនោះក៏បាន តែពេលនេះត្រូវធ្វើនៅក្នុងព្រះវិហារ ពុំអាចធ្វើនៅក្នុងសាលាដូចកិច្ចដែលមានមុនមកនោះទេ។ កិច្ចនោះមានរបៀបរបបហ្មត់ចត់ ពុំអាចធ្វើតាមចិត្តនឹកឃើញបានឡើយ។ នាគនីមួយៗត្រូវចេះសូត្រធម៌បួសដើម្បីឆ្លើយឆ្លងជាមួយនឹងឧបជ្ឈាយ៍ ឬព្រះសង្ឃដែលត្រូវធ្វើកិច្ចផ្ទាល់ជាមួយនឹងខ្លួន បន្ទាប់មកឧបជ្ឈាយ៍ទាក់កនាគដោយសំពត់កាសាវពស្ត្រ។ ពេលនេះហើយដែលនាគបោះបង់ភាពជានាគមកចូលក្នុងភាពជាបព្វជិតដោយដោះសំពត់ហូល អាវស្បៃ និងគ្រឿងអលង្ការនានាអស់ពីខ្លួន ហើយមកស្លៀកស្បង់ គ្រងចីពរពេញលេញជាអ្នកបួស។
សូមបញ្ជាក់ថា សម្រាប់មនុស្សប្រុសនៅពេលពេញវ័យត្រូវបួសនាគ និងមនុស្សស្រីត្រូវចូលម្លប់។ ពិធីទាំងពីរនេះមានភាពផ្ទុយគ្នានៅត្រង់តែមនុស្សប្រុសពេលបួសមានភាពឱឡារិកខ្លាំងណាស់ មិនដូចពិធីចូលម្លប់របស់មនុស្សស្រីដែលគ្រាន់តែសែនដូនតាបន្តិចបន្តួចនោះទេ។ លុះដល់សឹកវិញធ្វើឡើងស្ងាត់ៗពុំមាននរណាដឹងឮប៉ុន្មាននោះទេ ប៉ុន្តែសម្រាប់មនុស្សស្រីពេលចេញម្លប់វិញធ្វើកម្មវិធីយ៉ាងអធិកអធមក្រៃលែង។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖
https://www.lotus-radio.com/2020-khmer-culture-2/
សៀវភៅអរិយធម៌ខ្មែរ TUP3.pdf