អត្ថបទព័ត៌មានស្តីពីវប្បធម៌ និងប្រពៃណី ក្រោមប្រធានបទ “តើប្រវត្តិនៃការស្លៀកសំពត់របស់ស្ត្រីខ្មែរមានពីណាមក?”
អត្ថបទដកស្រង់ដោយ : តាប់ សោភ័ណ្ឌ
#MJQE#AmericanInterconSchool
យោងតាមកំណត់ហេតុរបស់លោក កាំង ថៃ និង យូ ជិន (ជនជាតិចិន) នាពាក់កណ្តាលសតវត្សរ៍ទី៣ នៃគ.ស ស្តីពីហ្វូ-ណន ដែលជារដ្ឋខ្មែរដំបូងបង្អស់ គឺព្រះបាទហ៊ុនទៀន ឬកៅណ្ឌិន្យ ដែលមកពីឥណ្ឌា បានបង្រៀនស្ត្រីខ្មែរ គឺនាងលីវយីឱ្យចេះស្លៀកពាក់សំពត់។ ព្រោះថា តាំងពីដើមមកស្ត្រីខ្មែរដែលស្ថិតក្នុងអម្បូរមន-ខ្មែរ ស្រាតននល ហើយនេះជាមូលហេតុដែលបាននាំឱ្យអ្នកនិពន្ធខ្លះជឿថា ទស្សនទាននេះ ពិតជាត្រឹមត្រូវ។ សូមជម្រាបថា ចំណេះដឹងខាងវប្បធម៌ខ្មែរបុរាណ គួបផ្សំនឹងរបកគំហើញខាងបុរាណវិទ្យា ពោលគឺកម្រិតសមត្ថភាពនៅពេលបច្ចុប្បន្នអាចធ្វើឱ្យយើងដឹងច្បាស់អំពី លក្ខណៈវប្បធម៌នាសម័យមុនឥណ្ឌូ រូបនីយកម្ម (Cf. ម.ត្រាណេ អំពីប្រភពវប្បធម៌ខ្មែរ, ២០០៨, ភ្នំពេញ) និងក្រោមព្រឹត្តិការណ៍នេះបន្តិច ពោលគឺសម័យវប្បធម៌ហ្វូ-ណន ដែលផ្តើមឡើងនៅ សតវត្សរ៍ទី១ នៃគ.ស។ បើនិយាយម្យ៉ាងទៀត ការអះអាងខាងលើមិនពេញលេញត្រឹមត្រូវទេ ព្រោះថាគេមិនបានបែងចែកឱ្យបានច្បាស់លាស់អំពីសមាសធាតុវប្បធម៌ខ្មែរ និងឥណ្ឌា ដែលក្នុងនោះ សម្លៀកបំពាក់ជាផ្នែកមួយយ៉ាងសំខាន់នៃខឿនវប្បធម៌ រូបីយរបស់អម្បូរមន-ខ្មែរ។ មានន័យថា ការសង្កេតរបស់កាំង ថៃ និងយូ ជីន ប្រកបដោយភាពខ្វះខាតមិនគ្រប់គ្រាន់ឡើយ ធ្វើឱ្យយើងពុំអាចយកជាការបាន។
តាមពិតទៅមានភស្តុតាងជាច្រើនបង្ហាញឱ្យឃើញថា ការស្លៀកពាក់របស់ស្ត្រីខ្មែរដែលត្រូវបានពេញនិយមតាំងតែយុគថ្ម រំលីង ហើយបន្តដល់យុគវប្បធម៌ថ្មសំរឹទ្ធ ទោះបីជាសម្លៀកបំពាក់នោះពុំបាន នៅគង់វង្សរហូតដល់សព្វថ្ងៃក៏ដោយ។ តាមការសង្កេតរបស់យើង នៅមុនសម័យប្រវត្តិសាស្ត្របន្តិចរវាងសតវត្សរ៍ទី៣-២ មុនគ.ស ការនិយមសំពត់ និងប៉ឹងសម្រាប់មនុស្សទាំងពីរភេទ បានរីកសុះសាយទូទាំងភូមិភាគអាស៊ីអាគ្នេយ៍ នេះបើយោងតាមទិន្នន័យខាងបុរាណវិទ្យាដែលបានផ្តល់។ ជាក់ស្តែង យើងបានរកឃើញនូវភស្តុតាងរឹងជាវត្ថុសិល្បៈមួយចំនួនដែលបានមកពីស្ថានីយ៍បុរេប្រវត្តិសាស្ត្រនៅភូមិស្វាយចេក សូភី និងស្នាយ ក្នុងខេត្តបន្ទាយមានជ័យបច្ចុប្បន្ន និងនៅតាមស្ថានីយ៍ជាច្រើនទៀត ដែលសព្វថ្ងៃស្ថិតក្នុងបង្គោលសីមារបស់ប្រទេសវៀតណាម ថៃ និងឡាវ បានធ្វើឱ្យយើងយល់ច្បាស់អំពីបុព្វការីជនយើង។ វត្ថុសិល្បៈបុរាណទាំងនោះ រួមមានចម្លាក់តំណាងឱ្យបុព្វការីជន គំនូរលើជញ្ជាំងគុហារ ឬចម្លាក់ឆ្លាក់លើវត្ថុប្រើប្រាស់ដូចជា កាំបិត ស្នៀតជាដើម ដែលសព្វថ្ងៃតម្កល់ទុកនៅសារមន្ទីរភ្នំពេញ។
ខ្មែរដែលរស់នៅភូមិភាគអាស៊ីអាគ្នេយ៍ ជាពិសេសនៅក្នុងទឹកដីនៃព្រះរាជាណាចក្រកម្ពុជាបច្ចុប្បន្ន មានការនិយមប្រើប្រាស់នូវសម្លៀកបំពាក់សម្រាប់បិតបាំងកេរ្តិ៍ខ្មាស ឬលំអរាងកាយរបស់ខ្លួនរួចមកហើយមុនការមកដល់នៃវប្បធ៌មឥណ្ឌា។ តាមពិតទៅ សម្លៀកបំពាក់ទាំងនោះដូចជា សំពត់ស្ត្រី ប៉ឹងស្ត្រី ឬបុរស មិនមានលក្ខណៈជាឥណ្ឌាដូចករណីសំពត់ចរបាប់ ដែលមានពណ៌ឆើតឆាយចម្រុះនោះឡើយ។ សម្លៀកបំពាក់ទាំងនោះដែលជាប្រជាប្រិយប្រចាំជាតិសាសន៍បានឆ្លុះបញ្ចាំងពីទំនៀមទម្លាប់ វប្បធម៌ដើមផ្ទាល់របស់ប្រជាជនខ្មែរ។
សូមបញ្ជាក់ថា ការដែលព្រះមហាក្សត្រខ្មែរនាសម័យមហាអង្គរ ដូចជាព្រះបាទជ័យវរ្ម័នទី៧ និងមហាជនខ្មែរ ដែលជាអ្នកស្រុកអាយគ្រប់មជ្ឈដ្ឋាន មិនបានបោះបង់ចោលប៉ឹង ឬសំពត់ ក៏ជាភស្តុតាងបង្ហាញភាពមិនត្រឹមត្រូវរបស់ទស្សនៈខាងលើនេះដែរ។ ដូចនេះចំណុចសំខាន់បំផុតដែលយើងត្រូវជ្រាបគឺថា ក្នុងអតីតកាលដ៏យូរលង់ សម្លៀកបំពាក់ប្រចាំជាតិខ្មែរ គឺសំពត់ និងប៉ឹង គឺជាប្រពៃណីដើមរបស់មនុស្សខ្មែរ និងពិតជាមិនមែនជាអំណោយអនុស្សាវរីយ៍របស់ឥណ្ឌា ដែលបានផ្តល់ជូនស្ត្រីខ្មែរដំបូងបង្អស់ ហើយដែលត្រូវបានគេនាំគ្នាប្រើប្រាស់ដល់សព្វថ្ងៃនោះទេ។
កំណត់សម្គាល់មួយទៀត ប្រពៃណីនៃការស្លៀកពាក់ដែលមានលក្ខណៈជាសកលផងនោះ តាមពិតទៅមានអត្ថន័យធំធេងណាស់ ព្រោះវាជាកញ្ចក់ឆ្លុះឱ្យឃើញនូវលក្ខណៈវប្បធម៌ប្រចាំជាតិរបស់ខ្មែរ ព្រមទាំងចំណាស់នៃខឿនវប្បធម៌ខ្មែរ។ សូមកុំភ្លេចថា សំពត់ខ្មែរ និងសំពត់របស់ជនជាតិខ្មែរលើសព្វថ្ងៃនេះមានប្រភពចេញពីមរតកវប្បធម៌មន-ខ្មែរ នាសម័យប្រវត្តិសាស្ត្រ។
ជាអវសាន សូមរំឭកផងដែរថា ទោះជាខ្មែរបានបង្កើតនូវសម្លៀកបំពាក់របស់ខ្លួនហើយក៏ដោយ ក៏ប៉ុន្តែពុំមែនមានន័យថា ខ្មែរក្រោមឥទ្ធិពលនៃវប្បធម៍បរទេសនាសម័យអង្គរបានបោះចោលនូវ ប្រពៃណីជាតិរបស់ខ្លួន ឬក៏មិនចេះបង្កើតនូវប្រភេទសម្លៀកបំពាក់ផ្សេងៗឯទៀតដ៏សម្បូរណ៍បែប នោះទេ៕
អត្ថបទដកស្រង់ពី៖ តើប្រវត្តិនៃការស្លៀកសំពុតរបស់ស្ត្រីខ្មែរមានពីណាមក? | ខ្ញុំ និង អ្នក (wordpress.com)