អត្ថបទព័ត៌មានស្តីពីសហគមន៍ វប្បធម៌ ប្រពៃណី និងរបៀបរស់នៅ ក្រោមប្រធានបទ “តើអ្វីទៅជាវប្បធម៌ចម្រុះ ហេតុអ្វីបានជាវាមានសារៈសំខាន់សម្រាប់ការរស់នៅរបស់យើងម្នាក់ៗ?”
អត្ថបទដោយ៖ ដាង វិបុល
ភាសាដែលយើងនិយាយ សាសនាដែលយើងប្រណិប័តន៍ របៀបដែលយើងអបអរក្នុងពិធីណាមួយ អត្តសញ្ញាណជាតិសាសន៍របស់យើង ប្រពៃណី វប្បធម៌របស់យើង តើទាំងអស់នេះវាសំខាន់យ៉ាងណាទៅ?
វប្បធម៌របស់យើងជាអ្វីដែលកំណត់ពីឥរិយាបថ និងអត្តសញ្ញាណរបស់យើង។ វប្បធម៌គឺជារបៀបរស់នៅរបស់យើង វាសំដៅលើភាសា ជំនឿ គុណតម្លៃ ទំនៀមទម្លាប់ និងអ្វីៗគ្រប់យ៉ាងដែលត្រូវបានផ្ទេរបន្តពីមួយជំនាន់ទៅមួយជំនាន់។ សូម្បីតែគំនិត ឬទស្សនៈយល់ឃើញរបស់យើងចំពោះអ្វីមួយក៏ទទួលរងឥទ្ធិពលយ៉ាងខ្លាំងពីវប្បធម៌របស់យើងដែរ។ ក៏ព្រោះតែហេតុនេះហើយ ការមានគំនិតខុសគ្នារវាងមនុស្សម្នាក់ និងមនុស្សម្នាក់ទៀត ក្រុមមួយ និងក្រុមមួយទៀត រហូតដល់ជាតិសាសន៍មួយ និងជាតិសាសន៍មួយទៀត ក្លាយទៅជារឿងដែលចាំបាច់បំផុតដែលត្រូវយកមកពិចារណា។ បើមិនដូច្នោះទេ វានឹងក្លាយទៅជាបញ្ហាធំដែលនាំឱ្យកើតទៅជាទំនាស់ទាស់ទែងខ្វែងគំនិតគ្នាយកតែត្រូវរៀងខ្លួនមិនខាន។
ដោយសារយើងរស់នៅក្នុងយុគសម័យសាកលភាវូវនីយកម្ម ដែលមនុស្សគ្រប់រូបត្រូវតែមានទំនាក់ទំនងគ្នាយ៉ាងទូលំទូលាយជាមួយគ្នាដោយមិនប្រកាន់ជាតិសាសាន៍ ពណ៌សម្បុរ និងវប្បធម៌នោះ វប្បធម៌ចម្រុះកាន់តែមានសារៈសំខាន់ទ្វេដងថែមទៀត។ តាមរយៈនេះ យើងអាចរៀនពីគ្នាទៅវិញទៅមកបានកាន់តែច្រើន ប៉ុន្តែដំបូងបង្អស់ យើងត្រូវតែយល់ដឹងពីគ្នាឱ្យបានច្បាស់លាស់សិន។ ការយល់ដឹងពីវប្បធម៌របស់អ្នកដទៃជួយយើងឱ្យយល់ពីទស្សនៈខុសៗគ្នារបស់មនុស្សនៅក្នុងពិភពលោក ដែលយើងកំពុងតែរស់នៅជាមួយនេះ។ វាជួយយើងឱ្យកំចាត់ចោលនូវផ្នត់គំនិតអវិជ្ជមាន និងការប្រកាន់យកតែគំនិតផ្ទាល់ខ្លួនក្នុងការវាយតម្លៃទៅលើនរណាម្នាក់ ឬក្រុមមនុស្សណាមួយដែលខុសពីខ្លួន។
លើសពីនេះទៅទៀត វប្បធម៌ចម្រុះជួយយើងឱ្យទទួលស្គាល់ និងគោរព “របៀបរស់នៅ” ដែលមានលក្ខណៈពិសេសដាច់ដោយឡែកពីគ្នា។ ដូច្នេះហើយ នៅពេលយើងទំនាក់ទំនងជាមួយអ្នកដទៃ យើងអាចកសាងស្ពានឆ្ពោះទៅរកការជឿទុកចិត្ត គោរពឱ្យតម្លៃ និងស្វែងយល់ដោយមិនគិតពីភាពខុសគ្នានៃវប្បធម៌។ មិនតែប៉ុណ្ណោះ ភាពខុសប្លែកគ្នានេះក៏នឹងធ្វើឱ្យប្រទេសរបស់យើងក្លាយទៅជាកន្លែងដែលកាន់តែគួរឱ្យចាប់អារម្មណ៍ក្នុងការរស់នៅ ដោយសារមានមនុស្សដែលមានវប្បធម៌ខុសៗគ្នាចូលរួមចែករំលែកនូវចំណេះដឹង ភាសា ជំនាញ របៀបគិតថ្មីៗ និងបទពិសោធន៍ប្លែកៗគ្នា។
វប្បធម៌ចម្រុះ គឺជាទស្សនៈមួយដែលគេប្រើសំដៅទៅភាពខុសប្លែកគ្នានៃវប្បធម៌។ សង្គមវិទូ បណ្ឌិត ខាលិប រ៉ូសាដូ (Dr. Caleb Rosado) ដែលជាអ្នកជំនាញខាងភាពខុសប្លែកគ្នា និងវប្បធម៌ចម្រុះ បានពណ៌នាអត្ថន័យនៃវប្បធម៌ចម្រុះតាមលក្ខណៈ៧ចំណុចដូចខាងក្រោម៖
• កត់សម្គាល់នូវភាពខុសប្លែកគ្នាដ៏ទូលំទូលាយនៃវប្បធម៌នីមួយៗ។
• ការគោរពចំពោះភាពខុសប្លែកគ្នា។
• ការទទួលស្គាល់នូវការបង្ហាញចេញមក និងការចូលរួមចំណែកពីវប្បធម៌ខុសៗគ្នា។
• ឱ្យតម្លៃដល់អ្វីដែលវប្បធម៌ដទៃមាន។
• លើកទឹកចិត្តឱ្យមានការចូលរួមចំណែកពីក្រុមផ្សេងៗគ្នា។
• ជួយមនុស្សឱ្យពង្រឹងខ្លួនឯង និងអ្នកដទៃដើម្បីឈានទៅដល់សក្តានុពលពេញលេញ តាមរយៈការត្រិះរិះឱ្យបានសព្វជ្រុងជ្រោយ ពីភាពលម្អៀងទៅតាមគំនិតផ្ទាល់ខ្លួន។
• ជាជាងទ្រាំអត់សង្កត់ចិត្ត យើងគួរអបអរចំពោះភាពខុសប្លែកគ្នាទាំងនោះ ដើម្បីនាំចេញមកនូវសាមគ្គីភាពក្នុងចំណោមលក្ខណៈពិសេសខុសៗគ្នា។
ខាងក្រោមនេះគឺជារបៀបធ្វើយ៉ាងណា ដើម្បីឱ្យយើងម្នាក់ៗអាចចូលរួមគាំទ្រ និងបណ្ដុះនូវឧត្ដមគតិនៃវប្បធម៌ចម្រុះនេះបានទូលំទូលាយឡើងនៅក្នុងសង្គមរស់នៅរបស់យើង៖
• តើអ្វីជាកត្តាកំណត់អត្តសញ្ញាណវប្បធម៌របស់យើង? តើអ្វីជាគុណតម្លៃ និងជំនឿដែលយើងកំពុងប្រកាន់ខ្ជាប់? ហេតុអ្វី? ការបង្កើនការស្វែងយល់ពីវប្បធម៌របស់ខ្លួនផ្ទាល់គឺជាជំហានដំបូង ដើម្បីឈានទៅស្វែងយល់ពីគុណតម្លៃ និងជំនឿរបស់អ្នកដទៃដែលនឹងនាំយើងយល់ពីគេដូចដែលយើងជឿលើវប្បធម៌របស់យើងដែរ។
• បង្កើនការយល់ដឹងអំពីវប្បធម៌ដទៃតាមរយៈការអាន និងការទំនាក់ទំនងជាមួយមនុស្សដែលមានវប្បធម៌ខុសៗគ្នាដោយមិនរើសអើង។ ការចូលរួមក្នុងកម្មវិធីវប្បធម៌ផ្សេងៗក៏ជាឱកាសជួយយើងឱ្យបង្កើនចំណេះដឹង និងទទួលស្គាល់វប្បធម៌ដទៃដែរ។
• នៅពេលយើងដឹងពីភាពខុសប្លែកគ្នានៃវប្បធម៌ យើងនឹងដឹងថាប្រពៃណីវប្បធម៌មួយចំនួនធ្វើឱ្យយើងមិនស្រួលក្នុងអារម្មណ៍ឡើយ។ ជាជាងវាយតម្លៃវប្បធម៌ដទៃផ្អែកតាមគំនិតលម្អៀងរបស់យើង យើងត្រូវរៀនឱ្យតម្លៃវប្បធម៌ និងទស្សនៈយល់ឃើញរបស់អ្នកដទៃ។ ដូច្នេះហើយ វាសំខាន់ណាស់ដែលមិនវាយតម្លៃវប្បធម៌អ្នកដទៃ ផ្ទុយទៅវិញត្រូវព្យាយាមស្វែងយល់ពីទស្សនៈយល់ឃើញរបស់អ្នកដទៃ។ ឧទាហរណ៍ ពេលទំនាក់ទំនងជាមួយអ្នកមិនជំនាញខាងភាសាអង់គ្លេស យើងត្រូវដឹងថាកម្រិតនៃចំណេះដឹងផ្នែកភាសាអង់គ្លេសរបស់គេ គ្មានអ្វីទាក់ទងនឹងកម្រិតនៃភាពឈ្លាសវៃរបស់ពួកគេឡើយ។
• ចៀសវាងប្រកាន់ខ្ជាប់នូវផ្នត់គំនិតណាមួយមិនថាវិជ្ជមាន ឬអវិជ្ជមានក្ដី។ គំនិតដែលថា “ជនជាតិស្បែកសគឺពូកែ” ឬ “ជនជាតិអាស៊ីពូកែគិតលេខ” ទាំងនេះសុទ្ធតែមិនពិតសម្រាប់មនុស្សគ្រប់គ្នានោះទេ។ ទោះជនជាតិណាក៏ដោយគឺសុទ្ធតែមានមនុស្សពូកែនេះ ឬពូកែនោះ សុទ្ធតែមានប្រភេទនេះ ឬប្រភេទនោះ ហេតុនេះកុំប្រើប្រាស់ផ្នត់គំនិតផ្ទាល់ខ្លួនទៅវាយតម្លៃ។
• ត្រូវចេះកត់សម្គាល់ និងស្វែងយល់ថា ការយល់ឃើញនៅក្នុងក្រុមតូចៗដូចជា គ្រួសារ ភេទ ជំនឿ និងក្រុមដែលមាននិន្នាការដូចគ្នាផ្សេងទៀត គឺសុទ្ធតែបង្កើតទៅជាវប្បធម៌ខុសៗគ្នា ហើយជះឥទ្ធិពលយ៉ាងខ្លាំងទៅលើឥរិយាបថរបស់មនុស្ស។ ដូច្នេះហើយ នៅពេលប្រឈមជាមួយអ្នកដែលបង្ហាញឥរិយាបថដែលមានលក្ខណៈអាត្មានិយម លម្អៀង ឬរើសអើងណាមួយនោះ អ្នកត្រូវតែប្រយ័ត្នប្រយែងជាមួយនឹងអាកប្បកិរិយារបស់អ្នកឱ្យមែនទែន។
• ចុងក្រោយគឺត្រូវសកម្មក្នុងការស្តាប់ ទទួលយក និងស្វាគមន៍រាល់មនុស្ស និងគំនិតទាំងឡាយដែលខុសពីគំនិតរបស់អ្នកផ្ទាល់ដោយមិនរើសអើង។
សរុបមក ការយល់ដឹងពីវប្បធម៌ចម្រុះគឺសំខាន់ណាស់ ដើម្បីឈានទៅរកការរួមនៅជាមួយគ្នាយ៉ាងសុខដុមរមនា។ វាប្រៀបដូចជាសម្លដ៏ឈ្ងុយឆ្ងាញ់មួយចានដែលកើតចេញពីការផ្សំគ្រឿងជាច្រើនមុខដូច្នោះដែរ។ ដូចពាក្យមួយឃ្លាថា “ភាពខុសប្លែកគ្នាគឺជាអ្វីដែលយើងមានដូចៗគ្នា។ សូមរីករាយជាមួយលក្ខណៈពិសេសនេះជារៀងរាល់ថ្ងៃ។”
ដកស្រង់ចេញពី៖
https://www.purdueglobal.edu/blog/social-behavioral-sciences/what-is-cultural-diversity/
https://owlcation.com/social-sciences/How-to-Accept-and-Respect-other-Cultures