អត្ថបទព័ត៌មានស្តីពីសុខភាព ក្រោមប្រធានបទ “អនុវត្ដទម្លាប់ល្អទាំងនេះ នឹងធ្វើឱ្យសុខភាពល្អ និងអាយុវែង”
អត្ថបទដោយ : ឡេង សុខអេង
#MJQE#AmericanInterconSchool
មនុស្សយើងគ្រប់គ្នាតែងតែប្រាថ្នាចង់បាន គឺការស់នៅប្រកបដោយសុខភាពល្អ មិនមានជំងឺឈឺថ្កាត់ ហើយគ្រប់គ្នាចង់ឱ្យខ្លួនឯងមានអារម្មណ៍ល្អផងដែរ។ ប៉ុន្ដែជីវិតនេះ តែងតែជាប់រវល់ សូម្បីតែពេលសម្រាប់យកចិត្ដទុកដាក់ថែទាំសុខភាពក៏សឹងតែមិនមាន ធ្វើឱ្យយើងឃ្លាតចាកពីកត្ដាអាទិភាព “ពោល គឺការថែទាំសុខភាពហ្នឹងឯង”។ យើងគ្រប់គ្នាកាន់តែរវល់ យើងក៏កាន់តែមើលរំលងនូវសុខភាពរាងកាយ ទម្លាប់ហាត់ប្រាណ និងទម្លាប់ថែទាំសុខភាពផងដែរ។ ការមានតារាងកាលវិភាគស្ដីពីសកម្មភាពត្រូវធ្វើ គឺជាគំនិតដ៏ប្រសើរមួយ ដើម្បីរក្សារាងកាយរបស់អ្នកឱ្យនៅក្នុងការគ្រប់គ្រងថែរក្សា។ តារាងកាលវិភាគដ៏សាមញ្ញនេះគឺគួររួមបញ្ចូលនូវអ្វីៗ ដែលអ្នកអាចធ្វើបាននៅឯផ្ទះ ដើម្បីជួយអ្នកឱ្យមានការផ្ដោតអារម្មណ៍ សម្រាលបន្ទុក និងកាន់តែមានទឹកចិត្ដក្នុងការថែរក្សាសុខភាពរបស់ខ្លួន។ ខាងក្រោមនេះ គឺជាទម្លាប់០៥យ៉ាង ដែលអ្នកមិនគួរមើលរំលង៖
១. ចាប់ផ្ដើមមានទម្លាប់ល្អពេលព្រឹក : របៀបនៃការចាប់ផ្ដើមថ្ងៃថ្មីរបស់អ្នក គឺកំណត់បាននូវវិធីនៃការបង្ហាញចរិតលក្ខណៈរបស់អ្នក។ ការននៀលនៅលើគ្រែ ដើម្បីឆែកសារអេឡិចត្រូនិក និងអត្ថបទផ្សេងៗនឹងធ្វើឱ្យអារម្មណ៍របស់អ្នកត្រឡប់ទៅរកសភាពស្រ្ដេស។ ការធ្វើទង្វើផ្សេងៗដូចជា សមាធិ ការគិតពិចារណា ការកត់ត្រាទុកនូវកំណត់ហេតុសំខាន់ៗ និងការអានប្រភេទសៀវភៅជំនួយផ្លូវចិត្ដ គឺមានន័យថា អ្នកកំពុងតែផ្ដល់ឱ្យកាយ និងចិត្ដរបស់អ្នកនូវអារម្មណ៍សុខស្ងប់ និងសម្រាកសម្រាន្ដ។ វិសេសវិសាលជាងនេះទៅទៀត អ្នកគួរចំណាយពេលស្ងប់ស្ងាត់យ៉ាងតិចឱ្យបាន២០នាទីជារៀងរាល់ព្រឹក ដើម្បីធ្វើឱ្យខ្លួនរបស់អ្នកកាន់តែមានទំនាក់ទំនងជិតស្និទ្ធជាមួយការតាំងសតិ និងការរលឹកដឹងត្រឹមត្រូវ។ វិធីនេះនឹងជួយអ្នកឱ្យកាន់តែមានសមត្ថភាពក្នុងការដោះស្រាយស្ថានភាពតានតឹង ដែលកើតមានចំពោះជីវិតប្រកបដោយប្រសិទ្ធភាព។ ការបង្កើតទម្លាប់អនុវត្ដពេលព្រឹកនេះ អាចជួយឱ្យជីវិតរបស់អ្នកមានការផ្លាស់ប្ដូរទៅរកភាពវិជ្ជមាន។
២. រៀបចំអ្វីៗឱ្យមានរបៀបរៀបរយ : ហេតុផលដ៏ចម្បងមួយដែលធ្វើឱ្យយើងមានអារម្មណ៍ពេញប្រៀបនោះ គឺដោយសារជីវិតរបស់យើងមិនមានសណ្ដាប់ធ្នាប់។ យើងមានរឿងជាច្រើននៅក្នុចិត្ដរបស់យើង និងមានកិច្ចការជាច្រើននៅក្នុងកន្លែងរបស់យើង។ ការធ្វើឱ្យរួចរាល់ ដោយមិនបន្សល់ទុកភាពរសេមរសាមនៅក្នុងទីកន្លែងរស់នៅ និងកន្លែងការងារ។ មិនត្រឹមតែធ្វើឱ្យអ្នកស្រាលខ្លួនប៉ុណ្ណោះទេ ប៉ុន្ដែវានឹងបង្កើតចន្លោះចំហ សម្រាប់ឱ្យអ្វីល្អៗកើតមាន។ ត្រួតពិនិត្យបន្ទប់ទឹករបស់អ្នកឱ្យបានគ្រប់រដូវ ហើយគួរប្រមូលចោលនូវអ្វីៗ ដែលអ្នកលែងត្រូវការប្រើ។ សម្អាតខ្លួនរបស់អ្នកឱ្យបានស្អាតជារៀងរាល់ថ្ងៃ។ វិធីទាំងនេះនឹងមិនធ្វើឱ្យអ្នកមានអារម្មណ៍ថាពេញប្រៀបនៅពេលមួយសប្ដាហ៍ពេញកន្លងទៅ ហើយកន្លែងរបស់អ្នកក៏ទូលាយស្អាតផងដែរ។
៣. សម្អាតចោលនូវសាធាតុគីមី : សុខភាពរបស់យើងត្រូវបានបំផ្លាញជារៀងរាល់ថ្ងៃ ដោយសារធាតុគីមី និងសារធាតុពុលពីបរិយាកាសជុំវិញខ្លួនរបស់យើង។ ការសម្អាតផ្ទះ ដោយការកម្ចាត់ចោលនូវសារធាតុគីមី និងផលិតផលថែទាំផ្ទាល់ខ្លួន នឹងកាត់បន្ថយបរិមាណនៃសារធាតុទាំងនេះ ដែលរាងកាយរបស់អ្នកនឹងស្រូបយកក្នុងមួយថ្ងៃៗ។ សូមស្វែងរកជម្រើសសម្អាតផ្ទះបែបធម្មជាតិ ឬបង្កើតវាដោយខ្លួនឯង ដោយប្រើសមាសធាតុផ្សំសាមញ្ញៗដូចជា Baking Soda ក្រូចឆ្មារ និងទឹកខ្មេះ។ សូមយកចិត្ដទុកដាក់ចំពោះស្បែករបស់អ្នក និងផលិតផលថែរក្សារាងកាយកុំឱ្យមានសារធាតុដូចជា parabens, phthalates, sodium laurel sulfate និងសារធាតុគីមីដទៃទៀត។
៤. បរិភោគអាហារ ដែលមានជាតិអាស៊ីដទាប : ដោយការផ្ដល់ឱ្យរាងកាយរបស់យើងនូវជាតិអាល់កាឡាំងបន្ថែម (Alkaline) គឺមានន័យថា យើងកំពុងលើកកម្ពស់បរិយាកាសប្រកបដោយសុខភាពល្អ ដើម្បីឱ្យ កោសិការបស់យើងលូតលាស់បានល្អ។ ជាតិអាស៊ីដច្រើន បង្កឱ្យមានអាការៈរលាកនៅក្នុងប្រព័ន្ធរាងកាយរបស់យើង និងដឹកនាំទៅរកបញ្ហាសុខភាពជាច្រើនទៀត។ អាហារដូចជាជាតិអាកុល ធញ្ញជាតិ ផលិតផលទឹកដោះ ជាតិកាហ្វេអ៊ីន និងស្ករ គឺជាអាហារបង្កើតជាតិអាស៊ីដ។ សូមប្រឹងប្រែងបញ្ឈប់ ឬកាត់បន្ថយអាហារទាំងនេះ ពីរបបអាហាររបស់អ្នក និងប្ដូរមកពិសាបន្លែ និងផ្លែឈើ ធញ្ញជាតិ ដូង ផលិតផលទឹកដោះចម្រាញ់ពីអង្ករ និងប្រើប្រភេទស្ករ stevia និងស្ករដូង ដើម្បីបន្ថែមជាតិផ្អែម។
៥. ហាត់ប្រាណ : នេះជាផ្នែកមួយដែលមនុស្សភាគច្រើនមិនចង់លឺ ប៉ុន្ដែពួកគេតែងតែទន្ទេញមិនដាច់ពីមាត់ថានឹងធ្វើវា។ ការហាត់ប្រាណក្នុងកម្រិតល្មម នឹងផ្ដល់គុណប្រយោជន៍ដល់ជីវិតរបស់អ្នក។ ការអនុវត្ដការបង្វឹកពង្រឹងរាងកាយ និងសុខភាពបេះដូង និងសរសៃឈាមប្រភេទណាមួយ នោះមានន័យថា អ្នកមិនត្រឹមតែលើកកម្ពស់សុខភាពរាងកាយរបស់អ្នកទាំងស្រុងប៉ុណ្ណោះទេ ប៉ុន្ដែអ្នកនឹងមានអារម្មណ៍ល្អ និងមានរាងសង្ហា ឬស្រស់ស្អាតទៀតផង។ ប្រសិនបើអ្នកមិនទាន់ចាប់ផ្ដើមទម្លាប់ហាត់ប្រាណនៅឡើយទេ សូមចាប់ផ្ដើមដោយសន្សឹមៗចុះ។ បបួលមិត្ដភក្ដិរបស់អ្នក ដើម្បីទៅដើរហាត់ប្រាណជាប្រចាំរួមគ្នា និងជួលគ្រូបង្វឹកពីក្លិបហាត់ប្រាណ ដើម្បីបង្ហាញអ្នកពីវិធីហាត់ប្រាណ។ ការចាប់ផ្ដើមទម្លាប់ហាត់ប្រាណដ៏ថ្មីមួយអាចជាប្រការដ៏ប្រសើរសម្រាប់អ្នក ប៉ុន្ដែនៅពេលអ្នកអនុវត្ដជំហានដំបូង វានឹងធ្វើឱ្យអ្នកកាន់តែមានភាពងាយស្រួលបន្ដិចម្ដងៗ ក្នុងការអនុវត្ដវាប្រចាំសប្ដាហ៍ ហើយអ្នកនឹងរៀនស្រឡាញ់ការហាត់ប្រាណមិនខាន ៕
អត្ថបទដកស្រង់ចេញពីគេហទំព័័រ៖ http://camnews.com.kh/news/detail/18335/5-simple-steps-to-living-a-healthy-life