អត្ថបទព័ត៌មានស្តីពីសុខភាព ក្រោមប្រធានបទ “មូលហេតុដែលធ្វើឱ្យយើងមានជំងឺភ្នែក”
អត្ថបទដកស្រង់ដោយ : គាក ម៉ាណែត
#MJQE#AmericanInterconSchool
កែវភ្នែកជាផ្នែកមួយដែលសំខាន់នៃរាងកាយរបស់យើង។ ក្នុងមួយជីវិតមនុស្សយើងម្នាក់ៗតែងតែមានបញ្ហាភ្នែកយ៉ាងហោចណាស់ក៏ម្ដងដែរ។ បញ្ហាស្រាលខ្លះអាចនឹងព្យាបាលងាយស្រួល ឯករណីខ្លះទៀតទាល់តែត្រូវការពេទ្យជំនាញ។ ដូចនេះហើយទើបមនុស្សយើងគ្រប់រូបគួរតែយកចិត្តទុកដាក់លើការថែរក្សាសុខភាពភ្នែកឱ្យបានល្អ។ មានកត្តាបង្កជាច្រើនដែលបណ្ដាលឱ្យយើងមានបញ្ហា និងជំងឺភ្នែកកើតមានឡើង។ កត្តាចម្បងមួយគឺ អាយុដែលធ្វើឱ្យភ្នែកយើងងាយកើតជំងឺដក់ទឹកក្នុងបាតភ្នែក ភ្នែកឡើងបាយ និងមីញ៉ូបឆ្ងាយជាដើម។ ក្រៅពីបញ្ហាទាំងនេះ ក៏មានជំងឺជាច្រើនទៀតដែលជាមូលហេតុធ្វើឱ្យយើងមានជំងឺភ្នែកដូចខាងក្រោម៖
១. ជំងឺធាត់ និងលើសសំពាធឈាម :
បញ្ហានេះអាចបណ្ដាលឱ្យមានការខូចខាតលើប្រព័ន្ធឈាមរត់ទៅគ្រាប់ភ្នែក និងនៅក្នុងគ្រាប់ភ្នែក។ បញ្ហានេះមានទំនាក់ទំនងនឹងភាពងាយកើតមានជំងឺទឹកនោមផ្អែមទៀតផង។
២. ជំងឺទឹកនោមផ្អែម :
កើតឡើងពេលមានជាតិស្ករខ្ពស់ក្នុងឈាមដែលបង្កឱ្យមានការហើមកញ្ចក់ភ្នែក និងធ្វើឱ្យគំហើញបែកទាញរូប។ ជំងឺភ្នែកដោយសារទឹកនោមផ្អែម គឺជាជំងឺដែលឋិតក្នុងចំណោមមូលហេតុដែលធ្វើឱ្យពិការភ្នែកនៅក្នុងប្រទេសអភិវឌ្ឍន៍។ ជំងឺទឹកនោមផ្អែមមានទំនាក់ទំនងយ៉ាងខ្លាំងទៅនឹងជំងឺភ្នែកនេះ។
៣. ប្រវត្តិជំងឺក្នុងគ្រួសារ និងតំណពូជ :
អ្នកដែលមានបងប្អូនមានបញ្ហាភ្នែកនឹងងាយមានវិបត្តិភ្នែកដូចជា ឡើងទឹកដក់ក្នុងបាតភ្នែក បញ្ហាគំហើញ ជំងឺសរសៃបាតភ្នែក ជំងឺតំណពូជ វិបត្តិគំហើញជាដើម។ បញ្ហាតំណពូជអាចជាសញ្ញានៃជំងឺដូចជាភ្នែកឡើងបាយ មីញ៉ូបឆ្ងាយ និងកើនឡើងសំពាធគ្រាប់ភ្នែកដែលមានទំនាក់ទំនងយ៉ាងខ្លាំងទៅលើតំណពូជ។
៤. ការប្រើប្រាស់ថ្នាំ :
ធ្លាប់មានការប្រើប្រាស់ថ្នាំពីមុនមកប៉ះពាល់លើភ្នែក។ ការប្រើប្រាស់ថ្នាំបន្តក់ស្តេរ៉ូអ៊ីតក្នុងអំឡុងពេលយូរអាចបណ្ដាលឱ្យងាយកើតបាយភ្នែក និងជំងឺកើនសម្ពាធគ្រាប់ភ្នែក និងមានវិបត្តិក្នុងការលូតលាស់សរសៃប្រាសាទវិញ្ញាណ។
៥. ធ្លាប់មានរបួសភ្នែក និងមានការវះកាត់ភ្នែកពីមុន :
ភ្នែកឡើងបាយអាចកើតមានចំពោះអ្នកដែលមានការវះកាត់ និងរបួសភ្នែកនៅវ័យក្រោម៤០ឆ្នាំ។ អ្នកដែលមានភ្នែកឡើងបាយត្រូវធ្វើការវះកាត់ដើម្បីបន្ថយផលវិបាករបស់វា។
៦. ស្រា : អ្នកដែលសេពគ្រឿងស្រវឹងច្រើនជាប្រចាំ គឺមានហានិភ័យខ្ពស់ក្នុងការកើតមានបញ្ហាភ្នែក។
ដូចដែលបានបង្ហាញពីមូលហេតុសំខាន់ៗនៃការបង្ករឱ្យមានជំងឺភ្នែកខាងលើរួចមក ដើម្បីការពារភ្នែកយើងទាំងអស់គ្នា ត្រូវទទួលទានរបបអាហារដែលមានគុណប្រយោជន៍សម្រាប់សុខភាពភ្នែក មានការប្រុងប្រយ័ត្នខ្ពស់កុំឱ្យមានការប៉ះទង្គិចភ្នែក រក្សាសុខភាពឱ្យមានតុល្យភាពល្អ ទៅជួបជាមួយនឹងវេជ្ជបណ្ឌិតភ្នែកដើម្បីប្រឹក្សាយោបល់ ត្រួតពិនិត្យភ្នែកឱ្យបានទៀងទាត់ ពាក់វ៉ែនការពារ ឬវ៉ែនតាដែលត្រឹមត្រូវតាមសភាពលក្ខណៈភ្នែក។
អត្ថបទដកស្រង់ចេញពីគេហទំព័រ៖ https://hellokrupet.com/