អបអរសាទរ! សិស្ស AIS ទាំង៩៧១នាក់ ទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សានៅថ្ងៃនេះ
នៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២២នេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ ដល់សិស្សានុសិស្សថ្នាក់ចំណេះទូទៅភាសាខ្មែរ ដែលបានបញ្ចប់ការសិក្សារួមមាន កម្រិតថ្នាក់បឋមសិក្សា និងមធ្យមសិក្សាបឋមភូមិ លើកទី២៣ ប្រចាំឆ្នាំសិក្សា២០២១-២០២២ នៅវិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា រាជធានីភ្នំពេញ។
សិស្សថ្នាក់ទី៦ និងទី៩ សិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង មានចំនួន ៩៧១នាក់ ត្រូវបានគណៈគ្រប់គ្រងសាលាប្រគល់វិញ្ញាបនបត្របញ្ចប់ការសិក្សាដោយជោគជ័យ ក្រោមអធិបតីភាព អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិ នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន និងវត្តមានលោកស្រី រស់ យ៉ាណា ប្រធាន នៃសាលារៀន អន្តរទ្វីប អាមេរិកាំង គណៈកម្មការជាន់ខ្ពស់ គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស មាតាបិតា អ្នកអាណាព្យាបាល និងភ្ញៀវកិត្តិយសយ៉ាងច្រើនកុះករ។
ចាងហ្វាងរដ្ឋបាលអប់រំ លោកស្រី សាត សារឿន បានលើកឡើងថា កម្មវិធីនេះធ្វើឡើង ដើម្បីអបអរសាទរ និងជាសក្ខីភាពសបញ្ជាក់នូវការបញ្ចប់ការសិក្សាចំណេះទូទៅតាមកម្រិតភូមិសិក្សា និងដើម្បីជាចំណងអនុស្សាវរីយ៍ក្នុងការសិក្សារបស់សិស្សានុសិស្សដែលបានបញ្ចប់ថ្នាក់ទី៦ និងថ្នាក់ទី៩ ដោយជោគជ័យនៅសាលារៀន អន្តរទ្វីប អាមេរិកាំង។
លោកស្រីមានប្រសាសន៍ថា៖ «ការរៀបចំកម្មវិធីប្រគល់វិញ្ញាបនបត្រជូនសិស្សានុសិស្ស គឺក្នុងគោលបំណងចូលរួមអបអរសាទរដល់សិស្សនុសិស្សដែលទទួលបានភាពជោគជ័យដោយបានបញ្ចប់ការសិក្សាក្នុងកម្រិតមួយឆ្លងចូលភូមិសិក្សាខ្ពស់មួយកម្រិតទៀត នៃជីវិតសិក្សារបស់ខ្លួន។»
បើតាមការបញ្ជាក់របស់ចាងហ្វាងរដ្ឋបាលអប់រំរូបនេះ សិស្សដែលទទួលបានវិញ្ញាបនបត្រ គឺមានចំនួនសរុប ៩៧១នាក់ ដែលមកពី៦សាខា ក្នុងរាជធានីភ្នំពេញ ដូចជាសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី និងសាខាជ្រោយចង្វារ ដោយក្នុងនោះសិស្សថ្នាក់ទី៦ មានចំនួន៣៧១នាក់ និងសិស្សថ្នាក់ទី៩ មានចំនួន៥៨០នាក់។
ក្នុងនាមជាគណៈគ្រប់គ្រងសាលា លោកស្រី សាត សារឿន បានថ្លែងនូវការកោតសរសើរចំពោះសិស្សានុសិស្សដែលបានខិតខំយកចិត្តទុកដាក់រៀនសូត្រ គោរពបទបញ្ជាផ្ទៃក្នុងរបស់សាលាបានល្អមានវិន័យល្អ និងសីលធម៌ល្អ មិនបង្កផលលំបាកដល់គ្រួសារ និងសង្គមរហូតទទួលបានវិញ្ញាបនបត្រនាពេលនេះ។
លោកស្រីបន្តយ៉ាងដូច្នេះ៖ «ក្នុងនាមខ្ញុំជាតំណាងគណៈកម្មការរៀបចំកម្មវិធី ពិតជាមានមោទនភាពយ៉ាងខ្លាំងចំពោះសិស្សនុសិស្ស ដែលឃើញការរីកចម្រើនរបស់ពួកគាត់ដោយផ្ទាល់ភ្នែកទាំងការផ្លាស់ប្តូរវ័យ ទាំងការវិវឌ្ឍសមត្ថភាព ចំណេះដ៏ពិតប្រាកដនៅក្នុងសាលារៀន អន្តរទ្វីប អាមេរិកាំង ប្រកបដោយគុណភាពមួយនេះ។»
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ស្ថាបនិក ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន បានលើកឡើងថា ជោគជ័យរបស់សិស្សានុសិស្សនៅថ្ងៃនេះ គឺជាជោគជ័យពីមួយដំណាក់កាល ទៅមួយដំណាក់កាល ហើយដំណាក់កាលបន្ទាប់គឺត្រូវខិតខំរៀនសូត្របន្ថែមទៀត ដើម្បីកសាងអនាគតខ្លួនឯង គ្រួសារ និងសង្គមជាតិ។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានមានប្រសាសន៍យ៉ាងដូច្នេះ៖ «ការសិក្សារបស់សិស្សពីមួយវគ្គទៅមួយវគ្គជាដំណើរការក្នុងឆាកជីវិតរបស់ក្មួយៗ ដែលខំរៀនខំធ្វើ ហើយទង្វើអ្វីៗទាំងអស់ ហើយត្រូវកតត្រាចងចាំ។ ខ្ញុំសូមឱ្យអ្នកអាណាព្យាបាលចូលរួមបន្តគាំទ្រ លើកទឹកចិត្ត ដើម្បីឱ្យក្មួយៗទាំងអស់បានរៀនរហូតទទួលបានជោគជ័យក្នុងជីវិត។ ក្មួយៗទាំងអស់ ក៏ដូចគ្នាដែរនៅពេលដែលយើងបានទៅដល់គោលដៅក្នុងជីវិតហើយ កុំភ្លេចងាកក្រោយមកថែរក្សាឪពុកម្តាយ ដឹងគុណឪពុកម្តាយ មើលខុសត្រូវឪពុកម្តាយវិញ។»
អ្នកជំនាញវិស័យអប់រំ ចាស់វស្សារូបនេះ បានបញ្ជាក់ទៀតថា៖ «ខ្ញុំសូមអរគុណ លោកឪពុកអ្នកម្តាយ អ្នកអាណាព្យាបាលសិស្សទាំងអស់ដែលមានក្តីស្រឡាញ់ការអប់រំ ហើយក្នុងនាមខ្ញុំជាអ្នកអាណាព្យាបាលមួយ និងជាអ្នកអប់រំមួយរូបដែរ ខ្ញុំនឹងព្យាយាមធ្វើគ្រប់បែបយ៉ាង ដើម្បីជំរុញជ្រោមជ្រែងកូនខ្ញុំ ក្មួយៗខ្ញុំ និងប្រជាពលរដ្ឋរបស់ប្រទេសខ្ញុំឱ្យមានអនាគតល្អគ្រប់ៗជំនាន់។»
លើកឡើងទាំងទឹកមុខរីករាយ យុវជន អុន គីមហុង សិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ និងយុវជន សរ ថាវិរៈធន មកពីសាខាទួលគោក រួមទាំង យុវតី ឡុង ទេពធីតាបញ្ញាពេជ្រ មកពីសាខាម៉ៅសេទុង បានលើកឡើងស្រដៀងគ្នាថា នេះគឺជាថ្ងៃដែលពួកគេសប្បាយរីករាយជាខ្លាំងដែលបានឆ្លងកាត់វគ្គសិក្សាមួយដំណាក់កាលក្នុងឆាកជជីវិត ហើយយុវសិស្សខាងលើបានថ្លែងអំណរគុណដល់អ្នកមានគុណរបស់ខ្លួនដែលបានផ្តល់ឱកាសឱ្យបន្តការសិក្សានៅសាលារៀន អន្តរទ្វីប អាមេរិកាំង។
យុវសិស្សដដែលខាងលើ ក៏បានថ្លែងអំណរគុណដល់សាលារៀន លោកគ្រូ អ្នកគ្រូ ដែលបានខិតំយកចិត្តទុកដាក់ បង្ហាត់បង្រៀន រហូតទទួលបានវិញ្ញាបនបត្របញ្ចប់ការសិក្សានៅថ្ងៃនេះ។
លោកស្រី លី ស្រ៊ុន អ្នកអាណាព្យាបាល យុវសិស្ស សរ ថាវិរៈធន បានប្រាប់អ្នកសារព័ត៌មានយើងទាំងទឹកមុខញញឹមថា លោកស្រី ពិតជាមានអារម្មណ៍សប្បាយរីករាយជាខ្លាំងនៅពេលឃើញកូនលោកស្រីទទួលអាចឆ្លងកាត់ដំណាក់កាលសិក្សានៅនេះ។
លោកស្រី លី ស្រ៊ុន បាននិយាយថា៖ «អារម្មណ៍ខ្ញុំនៅថ្ងៃនេះគឺគ្មានអ្វីក្រៅពីរំភើបទេ ឃើញកូនខិតខំរហូតទទួលបានលទ្ធផលបែបនេះ ហើយមិនថាខ្ញុំ ឬឪពុកម្តាយផ្សេងទេ គឺសប្បាយចិត្តខ្លាំង ហើយមិនចង់បានអ្វីពីកូនទេ គឺចង់ឃើញតែកូនជោគជ័យបន្តទៅទៀតតែប៉ុណ្ណោះ។»
បច្ចុប្បន្ននេះ សាលារៀន អន្តរទ្វីប អាមេរិកាំង មាន៨សាខាកំពុងដំណើរការទទួលសិស្សចុះឈ្មោះចូលរៀនសម្រាប់ឆ្នាំសិក្សា២០២២-២០២៣ ថ្ងៃទី១ វិច្ឆិកា ឆ្នាំ២០២២ ដែលក្នុងនោះមាន៦សាខានៅរាជធានីភ្នំពេញ រួមមានសាខាម៉ៅសេទុង (ការិយាល័យកណ្តាល) ទួលគោក ចាក់អង្រែ ចោមចៅ ផ្សារថ្មី ជ្រោយចង្វារ និងសាខាសៀមរាប ខណៈ១សាខាទៀតនៅខេត្តតាកែវ កំពុងបើកទទួលចុះឈ្មោះសិស្សផងដែរ ហើយគ្រោងនឹងសម្ពោធជាផ្លូវការក្នុងពេលឆាប់ៗនេះ។ លើសពីនេះសាខានៅតាមបណ្តាខេត្តមួយចំនួនទៀតដែលកំពុងសាងសង់ ក៏នឹងមកដល់ក្នុងពេលឆាប់ៗនេះផងដែរ។
សូមបញ្ជាក់ជូនថា កម្មវិធីប្រគល់វិញ្ញាបនបត្រសិស្សានុសិស្សនៃសាលារៀន អន្តរទ្វីប អាមេរិកាំងនេះ ត្រូវបានរៀបចំជារៀងរាល់ឆ្នាំ ទោះបីឆ្នាំសិក្សា២០២០-២០២១ ស្ថិតក្នុងស្ថានភាពកូវីដ-១៩ក៏ដោយ ក៏ត្រូវបានរៀបចំជូនសិស្សតាមប្រព័ន្ធអេឡិចត្រូនិកផងដែរ។ ក្នុងអត្ថន័យនេះ គឺបញ្ជាក់ពីមោទនភាពចំពោះសិស្សដែលបានបញ្ចប់ការសិក្សារបស់ខ្លួនប្រកបដោយភាពជោគជ័យ និងសឱ្យឃើញថា សន្ទុះនៃការគាំទ្រពីមហាជនមកលើសាលារៀន អន្តរទ្វីប អាមេរិកាំង កើនឡើងគួរជាទីពេញចិត្ត៕