អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បើកកិច្ចប្រជុំបូកសរុបការងារឆ្នាំចាស់ និងតម្រង់ទិសការងារឆ្នាំសិក្សាថ្មីនៃគ្រឹះស្ថានសិក្សា AIS
សាលារៀន អន្តរទ្វីប អាមេរិកាំង នៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២២នេះ បានបើកកិច្ចប្រជុំបូកសរុបការងារអប់រំឆ្នាំសិក្សា២០២១-២០២២ និងតម្រង់ទិសការងារអប់រំឆ្នាំសិក្សាថ្មី២០២២-២០២៣ នៃសាលារៀន អន្តរទ្វីប អាមេរិកាំង ក្រោមវត្តមានអ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី ប្រធានក្រុមប្រឹក្សាភិបាល និងអគ្គនាយកប្រតិបត្តិនៃក្រុមហ៊ុនម៉េងលី ជេ គួច អេឌ្យូខេសិន ដែលប្រព្រឹត្តិទៅនៅសាលប្រជុំផល គួច នៃសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាទួលគោក។
កិច្ចប្រជុំបូកសរុបការងារអប់រំឆ្នាំសិក្សាចាស់ លើកកម្ពស់ការងារអប់រំឆ្នាំសិក្សាថ្មីនេះផងដែរ ក៏មានការចូលរួមពីសំណាក់គណៈកម្មការជាន់ខ្ពស់ តំណាងប្រធាន និងអនុប្រធានគ្រប់ផ្នែកដែលមានចំនួនប្រមាណជាង៦០០នាក់។
នៅក្នុងកិច្ចប្រជុំនេះ អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងពីវឌ្ឍនភាពនៃគ្រឹះស្ថានអប់រំរបស់ខ្លួន ដែលបានបន្តពង្រីកវិសាលភាពតាមបណ្តាខេត្ត ដែលនេះជាការចូលរួមដ៏ធំរបស់គណៈកម្មការសាលា លោកគ្រូ អ្នកគ្រូ បុគ្គលិកគ្រប់ផ្នែកទាំងអស់ និងជាពិសេស គឺការគាំទ្ររបស់សិស្សានុសិស្ស និងអ្នកអាណាព្យាបាល ដែលតែងជឿជាក់លើប្រព័ន្ធអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំងផ្ទាល់តែម្តង។
អ្នកឧកញ៉ា វេជ្ជបណ្ឌិត គួច ម៉េងលី បានលើកឡើងថា «សកម្មភាពការងារអប់រំរបស់សាលារៀន អន្តរទ្វីប អាមេរិកាំង គិតត្រឹមដំណាច់ឆ្នាំសិក្សានេះ មានការជោគជ័យច្រើនហួសពីការរំពឹងទុក ហើយសមិទ្ធផលនេះ គឺកើតចេញពីការខិតខំពុះពារ និងជួយជ្រោមជ្រែងរបស់លោកគ្រូ អ្នកគ្រូ រួមទាំងបុគ្គលិកពាក់ព័ន្ធគ្រប់ផ្នែក នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលជាហេតុធ្វើឱ្យសាលារៀននេះមានកេរ្តិ៍ឈ្មោះល្បីសុះសាយ មានការទទួលស្គាល់ពីថ្នាក់ជាតិ និងអន្តរជាតិចូលមកវិនិយោគទុន។»
ស្ថាបនិក និងប្រធានសាលារៀនរូបនេះ សង្កត់ធ្ងន់ថា ថ្វីដ្បិតតែសាលារៀន អន្តរទ្វីប អាមេរិកាំង មានដំណើរការល្អ ដោយទទួលបានជោគជ័យល្អ និងរីកចម្រើនពីមួយឆ្នាំទៅមួយឆ្នាំដូចសព្វថ្ងៃនេះក៏ដោយក្តី ក៏មានជួបប្រទះនឹងឧបសគ្គច្រើនដែរ ព្រោះយើងរស់នៅក្នុងសម័យកាលជំងឺរាតត្បាតកូវីដ-១៩វាយលុក ប៉ុន្តែឧបសគ្គ និងជោគជ័យហាក់បានដើរទន្ទឹមគ្នា ហើយនៅទីបំផុតយើងបានត្រួសត្រាយរកច្រកចេញបាន ហើយទទួលបានផ្លែផ្កាល្អគួរឱ្យកត់សម្គាល់។
លោក បានបង្ហើបថា គ្រឹះស្ថានសិក្សារបស់លោក នឹងមានអគារសិក្សាពាសពេញផ្ទៃប្រទេស ដែលនឹងអាចជួយជ្រោមជ្រែងដល់វិស័យអប់រំ បណ្តុះធនធានមនុស្សកម្ពុជា ជាក់ស្តែងកាលពីម្សិលមិញ អ្នកជំនាញវិស័យអប់រំដ៏មានប្រជាប្រិយភាពរូបនេះ បានសម្រេចសមិទ្ធផលដ៏ធំរបស់ខ្លួនមួយទៀត ជាមួយនឹងការសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវសាលារៀន អន្តរទ្វីប អាមេរិកាំង និងមជ្ឈមណ្ឌលភាសាអេ អាយ អាយ លើទឹកដីខេត្តតាកែវ ដែលសាខានេះ ជាសាខាទី១៥ បន្ទាប់ពីសម្ពោធសាខាទី១៤ នៅខេត្តសៀមរាប។ លោក បានអះអាងនៅក្នុងកិច្ចប្រជុំនៅថ្ងៃដដែលនេះថា សាខានៅខេត្តតាកែវ នឹងក្លាយជាគ្រឹះស្ថានអប់រំដ៏មានសក្តានុពល និងជាការចូលរួម ជាមួយរដ្ឋាភិបាល ដើម្បីរួមចំណែកលើកស្ទួយវិស័យអប់រំ កសាងធនធានមនុស្សពិតប្រាកដ។
ក្រៅពីនេះ អ្នកឧកញ៉ា ក៏បានណែនាំបុគ្គលិកអប់រំរបស់ខ្លួនឱ្យចេះថែរក្សាសុខភាព រស់នៅស្អាត ហូបស្អាត ប្រកាន់ខ្ជាប់នូវអនាម័យខ្លួនប្រាណ ហើយពេលមកបំពេញការងារត្រូវស្លៀកពាក់ឱ្យបានសមរម្យ និងរស់នៅប្រកដដោយសេចក្តីថ្នៃថ្នូរជាដើម៕