សិស្សថ្នាក់ទី៨ ធ្វើពិសោធបាតុភូតបន្សាយ និងអូស្មូស
កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២១ កន្លងទៅនេះ គណៈគ្រប់គ្រងសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ បានរៀបចំកម្មវិធីពិសោធស្តីពីទ្រឹស្តីអាស៊ីតបាសក្នុងសារធាតុមួយចំនួន ជូនដល់សិស្សានុសិស្សថ្នាក់ទី៨ក វេនព្រឹក ដែលដឹកនាំដោយអ្នកគ្រូ គង់ ស្រីលីស បង្រៀនមុខវិជ្ជាជីវវិទ្យា នៅបន្ទប់ពិសោធនៃអគារសាលារៀន អន្តរទ្វីប អាមេរិកាំង សាខាចោមចៅ ។
នៅក្នុងការពិសោធនោះដែរ អ្នកគ្រូ គង់ ស្រីលីស បានច្បិចយកពីចំណុចសំខាន់ៗនៃខ្លឹមសារ មេរៀន បន្សាយត្រង់ចំណុចបន្សាយ បន្សាយតាមរយៈភ្នាស និងអូស្មូសមក បង្ហាញ ជូនសិស្សានុសិស្សឱ្យបានដឹងពីលក្ខណៈលោហៈ ហើយអ្នកគ្រូក៏បានរៀបរាប់ពីសម្ភារសម្រាប់យកមកធ្វើការពិសោធរួមមាន កែវបេស៊ែរឬកែវជ័រ ថង់ក្រណាត់ ល័ក្ខ គ្រាប់អង្ករ ចង្កឹះ ទឹកធម្មតា ទឹកកក ដំឡូងបារាំង កូនកាំបិត អំបិល។ បន្ទាប់ពីអ្នកគ្រូបានបង្ហាញពីសម្ភារ ដែលត្រូវយកមកធ្វើពិសោធរួមមក អ្នកគ្រូបានពន្យល់ពីរបៀបធ្វើពិសោធទៅតាមដំណាក់កាលនីមួយៗយ៉ាងក្បោះក្បាយ។ ទន្ទឹមនឹងនេះ អ្នកគ្រូក៏បានបែងចែកសិស្សានុសិស្សជាក្រុម ដើម្បីធ្វើការ ពិសោធដោយផ្ទាល់ទៅលើបាតុភូតបន្សាយនិងអូស្មូសដើម្បីផ្សារភ្ជាប់ នឹងទ្រឹស្ដីមេរៀនដែល សិស្សានុសិស្សកំពុងសិក្សា និងដើម្បីឱ្យពួកគាត់ឆាប់ចាប់បាននូវខ្លឹមសារនៃមេរៀនដែលផ្សារភ្ជាប់នឹងការ អនុវត្តក្នុងបន្ទប់ពិសោធផងដែរ។
សិស្សានុសិស្សបានយល់ច្បាស់ពីបាតុភូតរបស់បន្សាយនិងអូស្មូស ហើយការពិសោធបានចេញជាលទ្ធផលដូចទៅនឹងទ្រឹស្តីមេរៀន ដែលធ្វើឱ្យសិស្សានុសិស្សមានភាពរីករាយ ដែលបានអនុវត្តពិសោធន៍ដោយផ្ទាល់ជាមួយអ្នកគ្រូនិងមិត្តភក្តិរួមថ្នាក់របស់គាត់លើមេរៀនមួយនេះ។