លោក គួច ផល

ទំព័រដើម / លោក គួច ផល

លោក គួច ផល

ក្រុមប្រឹក្សាភិបាល

 

លោក គួច ផល គឺជាមន្ត្រីទំនាក់ទំនងសាធារណៈរបស់ក្រុមហ៊ុន និងជាសមាជិកក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុន ម៉េងលី ជេ. គួច អេឌ្យូខេសិន ដែលមានមជ្ឈមណ្ឌលភាសា អេ អាយ អាយ និងសាលារៀន អន្តរទ្វីប អាមេរិកាំង។

ជាកូនច្បងក្នុងចំណោមបងប្អូនប្រាំបីនាក់ លោក គួច ផល កើតនៅខែមេសា ឆ្នាំ១៩៦៤ ខេត្តបាត់ដំបង ប្រទេសកម្ពុជា។ ដូចជាប្រជាជនកម្ពុជាដទៃទៀតដែរ លោក គួច ផល បានឆ្លងកាត់កុមារភាព និងយុវភាពក្នុងរបប ប៉ុល ពត មុនពេលដែលលោក និងក្រុមគ្រួសារបានទៅរស់នៅលើទឹកដីសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ១៩៨៤។

មុនពេលដែលលោកចាកចេញទៅសហរដ្ឋអាមេរិកក្នុងខែមេសា ឆ្នាំ ១៩៨៤ លោក គួច ផល ធ្លាប់ប្រកបរបរអាជីវកម្ម ក៏ដូចជាធ្វើការ និងការងារស័្មគ្រចិត្តជាច្រើន។ នៅពេលដែលកំពុងសិក្សានៅវិទ្យាល័យក្នុងខេត្តបាត់ដំបង លោក គួច ផល បានបង្កើតអាជីវកម្មមួយគឺការនាំទំនិញចូលមកពីប្រទេសថៃមកលក់នៅស្រុកកំណើត និងរាជធានីភ្នំពេញ។ ក្រោយមកទៀត នៅជំរំជនភៀសខ្លួន ខាវអីដាង នៅក្នុងខែឧសភា ឆ្នាំ១៩៨២ លោកបានធ្វើការនៅមណ្ឌលជួយសង្គ្រោះអន្តរជាតិ (International Rescue Center, IRC) ជាជំនួយការមន្ទីរពិសោធន៍ផ្នែកវិភាគទឹកនោម ប៉ារ៉ាស៊ីតវិទ្យា និងមីក្រូទស្សន៍។

លោកធ្វើការនៅមណ្ឌលជួយសង្គ្រោះអន្តរជាតិរហូតដល់ខែមេសា ឆ្នាំ១៩៨៣ ហើយក្នុងខែមេសាដដែលនោះដែរ លោកទទួលបានការងាររបស់រដ្ឋាភិបាលអាមេរិក ជាអ្នកបកប្រែភាសារបស់ទីភ្នាក់ងារអ្នកស័្មគ្រចិត្ត (JVA) រយៈពេលប្រាំមួយខែ។ នៅក្នុងខែតុលា ឆ្នាំ១៩៨៣ គ្រួសារបស់លោក ផល គួច បានជាប់ការសម្ភាសទៅរស់នៅសហរដ្ឋអាមេរិក និងបានផ្ទេរមករស់នៅជំរំបណ្ដោះអាសន្នឈុនបុរីប្រហែលពីរសប្ដាហ៍ មុនពេលដែលផ្ទេរទៅកាន់ជំរំជនភៀសខ្លួនក្នុងប្រទេសហ្វីលីពីនដែលមានឈ្មោះថា PNRC Philippine Refugee Center។ រយៈពេលប្រាំមួយខែនៅជំរំជនភៀសខ្លួនសាអាន បាត៉ាអាន ប្រទេសហ្វីលីពីន លោកបានធ្វើការងារស្ម័គ្រចិត្តជាគ្រូបង្រៀនភាសាអង់គ្លេស និងអ្នកបកប្រែតម្រង់ទិសវប្បធម៌សម្រាប់ជនភៀសខ្លួនថ្មី ជាតួនាទីមួយដែលគេគោរពរាប់អានបំផុតក្នុងជំរំជនភៀសខ្លួន ។

ក្រោយពីបានមករស់នៅទឹកដីសហរដ្ឋអាមេរិក លោក គួច ផល បានសិក្សានៅមហាវិទ្យាល័យ Sourhland College ក្នុងក្រុងឡូសអានជឺឡេស និងបញ្ចប់ការសិក្សា ទទួលបានសញ្ញាបត្រ លេខាធិការផ្នែកច្បាប់ក្នុងឆ្នាំ១៩៨៥។ លោក ផល គួច បានប្រឡងជាប់សញ្ញាបត្រដែលមានតម្លៃស្មើសញ្ញាបត្រវិទ្យាល័យក្នុងខែកញ្ញា ឆ្នាំ១៩៨៥ និងបន្តការសិក្សានៅមហាវិទ្យាល័យ Los Angeles Trade College និងបានបញ្ចប់បរិញ្ញាបត្ររងផ្នែកបច្ចេកវិទ្យាវិស្វកម្មអេឡិចត្រូនិចនៅក្នុងខែមិថុនា ឆ្នាំ១៩៨៧។

ក្រោយបញ្ចប់ការសិក្សា លោក គួច ផល បានធ្វើការជាអ្នកបច្ចេកទេសផ្នែកអេឡិចត្រូនិចក្នុងក្រុមហ៊ុន Q-tech Corporation។ ក្រោយមក នៅក្នុងខែមិថុនា ឆ្នាំ១៩៨៩ លោកក៏បានផ្លាស់ប្តូរទៅធ្វើការនៅ ក្រុមហ៊ុន Teledyne Control ជាអ្នកធ្វើតេស្ត និងជួសជុលទិន្នន័យហោះហើរ និងប្រអប់ខ្មៅទាំងអស់រយៈពេលប្រាំឆ្នាំ មុនពេលចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនក្នុងឆ្នាំ១៩៩៣ ដល់បច្ចុប្បន្ន ប៉ុន្តែលោក ផល គួច បានបន្តធ្វើការនៅក្រុមហ៊ុន Teledyne Control រហូតដល់ឆ្នាំ១៩៩៤៕

ថ្ងៃទី០៣ ខែវិច្ឆិកា ឆ្នាំ២០២២