វិធីទាំង៤នេះ ជួយឱ្យអ្នកជៀសផុតពីបញ្ហាផ្លូវចិត្ត

ទំព័រដើម / វិធីទាំង៤នេះ ជួយឱ្យអ្នកជៀសផុតពីបញ្ហាផ្លូវចិត្ត

អត្ថបទដកស្រង់ដោយៈ ប៉ែន ពន្លឺ
#MJQE #AmericanInterconSchool

បច្ចុប្បន្ននេះ ការរស់នៅគឺពោរពេញទៅដោយសម្ពាធ និងការប្រកួតប្រជែង ដែលអាចជំរុញឱ្យមនុស្សខ្លះងាយប្រឈមនឹងបញ្ហាផ្លូវចិត្ត។ ដូច្នេះហើយ អ្នកមិនត្រូវភ្លេចមើលថែ និងស្រលាញ់ខ្លួនឯងឱ្យច្រើនៗឡើយ ពីព្រោះគ្មានអ្នកណាម្នាក់យល់ពីអ្នកច្បាស់ជាងអ្នកខ្លួនឯងឡើយ។ គន្លឹះខ្លះៗដែលអាចជួយឱ្យអ្នកផ្តល់ក្តីស្រឡាញ់ដល់ខ្លួនឯង និងមិនគួរមើលរំលងនោះគឺ៖

១. ចំណាយពេលខ្លះជាមួយខ្លួនឯង :
ក្រោយមមាញឹកជាមួយនឹងកិច្ចការប្រចាំថ្ងៃ យើងចាំបាច់ត្រូវចំណាយពេលខ្លះក្នុងការធ្វើអ្វីមួយដែលអាចបង្កើនភាពរីករាយ និងសេចក្តីសុខដល់ខ្លួនយើង។ ពិតណាស់ ការផ្តល់ពេលវេលាសម្រាប់ខ្លួនឯងនេះ មានសារៈសំខាន់ណាស់ ដើម្បីសុខភាពផ្លូវកាយ និងផ្លូវចិត្តល្អ។

២. ទទួលស្គាល់ខ្លួនឯង :
ពេលខ្លះ យើងហ៊ានបើកចិត្តទទួលស្គាល់ស្នាដៃរបស់អ្នកដទៃ ប៉ុន្តែបែរជាមិនឱ្យតម្លៃដល់ស្នាដៃ និងកិច្ចខិតខំប្រឹងប្រែងរបស់ខ្លួនឯងទៅវិញ។ ដូចនេះ ចៀសវាងខុសឆ្គងចំពោះខ្លួនឯងបន្តទៀត យើងគួរតែរៀនទទួលស្គាល់ពីសមិទ្ធផលរបស់ខ្លួន ទោះជាមិនអស្ចារ្យណាស់ណាក្តី។

៣. អត់ឱនដល់ខ្លួនឯង :
ពិតណាស់ គ្មានអ្នកណាដែលល្អឥតខ្ចោះឡើយ ហើយម្នាក់ៗតែងបង្កើតកំហុសឆ្គងមិនថាតិចតួច ឬ          ច្រើន។ ប៉ុន្តែ យើងមិនគួរពិន័យខ្លួនឯងចំពោះកំហុសឆ្គង ឬលទ្ធផលមិនល្អទាំងនោះឡើយ។ ជំនួសមកវិញ យើងគួរតែរៀនពីកំហុសឆ្គង និងបន្តដំណើរទៅមុខទៀត។

៤. ថែទាំខ្លួនឯងឱ្យល្អ :
វិធីសាស្ត្រមួយទៀត គឺការស្រលាញ់ និងថែទាំខ្លួនឯង ដោយឱ្យតម្លៃ និងគោរពទាំងចំពោះផ្លូវចិត្ត និងផ្លូវកាយរបស់យើង។ ចូរគេងឱ្យបានគ្រប់គ្រាន់ ញ៉ាំបន្លែ និងផ្លែឈើ ក៏ដូចជាហាត់ប្រាណជារៀងរាល់ថ្ងៃ និងធ្វើសមាធិ ដើម្បីឱ្យជីវិតពោរពេញទៅដោយសេចក្តីសុខ និងសន្តិភាពផ្លូវចិត្ត។

អត្ថបទដកស្រង់ និងកែសម្រួលចេញពីគេហទំព័រ៖ https://hellokrupet.com/

ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២៤